ប្រទេសក្រូអាត ៖ កោះភាគច្រើនលើពិភពលោកល្បីល្បាញមានទេសភាពស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរ ប៉ុន្តែកោះ Bavljenac បែរជាខុសប្លែកពីកោះផ្សេងៗ ដោយសារកោះនេះល្បីល្បាញថា មានរូបរាងដូចស្នាមក្រយៅដៃមនុស្ស (Fingerprint Island) បើសម្លឹងពីផ្នែកខាងលើ ។ បច្ចុប្បន្ន មានភ្ញៀវទេសចរយ៉ាងច្រើនចាប់អារម្មណ៍មកកម្សាន្តនៅទីនេះ ហើយអ្នកស្រុកបានទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងល្អ ប៉ុន្តែពួកគេបារម្ភពីផលប៉ះពាល់អាចកើតឡើងក្នុងតំបន់ប្រវត្តិសាស្ត្រ ។
Bavljenac គឺជាកោះតូចមួយមានទីតាំងនៅឆ្នេរ Dalmatian ក្នុងសមុទ្រ Adriatic ប្រទេសក្រូអាត ។ បើទោះជាប្រទេសក្រូអាត មានកោះធំៗចំនួន៧៥ និងកោះតូចៗជាង៥០០ ប៉ុន្តែ Bavljenac ជាកោះតែមួយគត់ដែលមានអត្តសញ្ញាណខុសប្លែកពីកោះផ្សេងៗ គឺមានរបងថ្មរូបរាងដូចក្រយៅដៃមនុស្ស និងមានប្រវត្តិគួរឱ្យចាប់អារម្មណ៍ ។
ភ្ញៀវទេសចរដែលបានធ្វើដំណើរមកដល់កោះនេះឆ្ងល់ថា តើស្នាមក្រយៅដៃទាំងនេះកើតឡើងយ៉ាងដូចម្តេច? តើមនុស្សបានសាងសង់ឡើង ឬកើតឡើងពីធម្មជាតិ? ចម្លើយពិតប្រាកដ គឺវាកើតឡើងដោយសារកត្តាទាំងពីរយ៉ាង ហើយរបងថ្ម (Stone Dry Walls) រូបរាងជាស្នាមក្រយៅដៃនេះមានប្រវែងសរុបស្មើនឹង២៣គីឡូម៉ែត្រ ។
គេអាចគិតថា វាជាជួរភ្នំបុរាណ ប៉ុន្តែការពិតរបងថ្មទាំងនេះមានកម្ពស់ត្រឹមចង្កេះមនុស្សប៉ុណ្ណោះ និងត្រូវបានរចនាម៉ូដឡើងសម្រាប់ជួយសម្រួលដល់ការធ្វើកសិកម្មឱ្យកាន់តែល្អក្នុងតំបន់មិនអំណោយផល ។ អ្នកស្រុកធ្លាប់រស់នៅលើកោះនេះបានប្រកបរបរកសិកម្មជាចម្បង ហើយដោយសារកោះសម្បូរថ្ម និងខ្យល់បក់ខ្លាំង ទើបពួកគេជួយគ្នាសាងសង់របងថ្មដោយដៃសុទ្ធសាធ និងពុំប្រើស៊ីម៉ងត៍ ដើម្បីការពារខ្យល់កុំឱ្យបំផ្លាញដំណាំ ដូចជា ៖ ទំពាំងបាយជូរ និងម្កាក់ ។ 
បច្ចេកទេសសាងសង់របងថ្មបែបនេះ ក៏បានយកទៅប្រើប្រាស់ក្នុងតំបន់ផ្សេងទៀតនៅអឺរ៉ុបផងដែរ ប៉ុន្តែគ្មានទីណាអាចសាងសង់របងថ្មដូចក្រយៅដៃមនុស្សដូចកោះនេះទេ ។ របងថ្មត្រូវបានដាក់តម្រៀបសង្កត់លើគ្នា ហើយគេជឿថា វាបានសាងសង់ក្នុងអំឡុងសតវត្សរ៍ទី១៩ ប៉ុន្តែមានរបងខ្លះសាងសង់នាពេលមុននេះ ។ ក្រោយពីរូបភាពកោះ Bavljenac បានផ្សព្វផ្សាយក្នុងបណ្តាញសង្គមធ្វើឱ្យវាទទួលបានការចាប់អារម្មណ៍ខ្លាំង ហើយភ្ញៀវទេសចរជាច្រើននាក់ព្យាយាមធ្វើដំណើរមកទីនេះ ។
ការសាងសង់តាមបែបបុរាណ និងពិបាកធ្វើតាមបានធ្វើឱ្យរបងថ្មនេះរឹងមាំរហូតមកដល់បច្ចុប្បន្ន ។ រដ្ឋាភិបាលក្រូអាតបានស្នើសុំឱ្យអង្គការយូណេស្កូចុះបញ្ជីកោះនេះជាសម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីបញ្ជាក់ពីគុណតម្លៃរបងថ្មដែលសាងសង់ឡើងដោយដៃមនុស្ស ។ រដ្ឋាភិបាលអះអាងថា នឹងមានភ្នាក់ងារប្រចាំតំបន់នៅគ្រប់គ្រងកោះនេះផងដែរ ៕










