នៅអាស៊ីអាគ្នេយ៍មានប្រទេសសរុបទាំងអស់ចំនួន ១១ ដោយ ១១ ប្រទេសនេះសុទ្ធតែមានឆ្នេរសមុទ្រស្អាតៗជាច្រើន ក៏ដូចជាមានឆ្នេរសមុទ្រធំៗអមដោយទេសភាពធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ និងទាក់ទាញបំផុត។ ទោះជាយ៉ាងណាតើអ្នកដឹងទេថា ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ តើប្រទេសណាដែលមានឆ្នេរសមុទ្រវែងជាងគេបំផុត? ចម្លើយនោះគឺ ឆ្នេរសមុទ្ររបស់ប្រទេសឥណ្ឌូនេស៊ីដែលវាមានប្រវែងសរុបរហូតដល់ ៥៤,៧២០ គីឡូម៉ែត្រ ជាប្រវែងវែងជាងគេបំផុតជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលេខ ៣ នៅលើពិភពលោក នេះបើយោងតាម Statista និង World Atlas។
ប្រទេសឥណ្ឌូនេស៊ីស្ថិតនៅចន្លោះអាស៊ីអាគ្នេយ៍ និងអូសេអានី ដោយតភ្ជាប់មហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក។ នៅភាគខាងជើងប្រទេសនេះជាប់ព្រំដែនម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងសមុទ្រខាងកើត។ ខាងត្បូងជាប់ប្រទេសអូស្ត្រាលី និងខាងលិចជាប់មហាសមុទ្រឥណ្ឌា រីឯខាងកើតវិញជាប់ព្រំដែនប៉ាពួញូហ្គីណេ ទីម័រខាងកើត និងមហាសមុទ្រប៉ាស៊ីហ្វិក។ ផ្ទៃដីនៃប្រទេសឥណ្ឌូនេស៊ីមានទំហំជាង ១.៩ លានគីឡូម៉ែត្រការ៉េ។ ដូច្នេះសម្រាប់ឆ្នេរសមុទ្ររបស់ប្រទេសនេះ គឺមានអំណោយផលសម្រាប់វិស័យទេសចរណ៍ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាមានភាពសម្បូរបែបនៃរុក្ខជាតិ និងសត្វសមុទ្រផងដែរ។
នៅឥណ្ឌូណេស៊ីក្រៅពីមានសមុទ្រដ៏វែងបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ វាក៏ជាប្រទេសកោះធំជាងគេបំផុតនៅលើពិភពលោកផងដែរ។ អង្គការស្រាវជ្រាវមួយចំនួនបានកំណត់ថាចំនួនកោះនៅទីនេះមានរហូតដល់ទៅជាង ១៧.៥០០ ឯណោះ។ ក្នុងចំណោមនោះ ជាងពាក់កណ្តាលត្រូវបានតាំងទីលំនៅ ដែលជាកន្លែងធំបំផុតនៅលើកោះជ្វាដែលមានប្រជាជន ១៥០ លាននាក់ក្នុងឆ្នាំ ២០២០ (ស្មើនឹង ៥៦% នៃចំនួនប្រជាជនសរុបរបស់ប្រទេសឥណ្ឌូនេស៊ី) នេះបើយោងតាមគេហទំព័រស្ថិតិ Statista ហើយរដ្ឋធានីហ្សាកាតាមានទីតាំងនៅលើកោះនេះ។
ទោះជាយ៉ាងណាថ្មីៗនេះប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងផ្លាស់ប្តូររដ្ឋធានីហ្សាកាតាទៅកាន់ទីក្រុងថ្មីមួយទៀតដែលមានឈ្មោះថា Nusantara ក្នុងខេត្ត East Kalimanta នៅលើកោះ Borneo ចម្ងាយប្រហែល ២,០០០ គីឡូម៉ែត្រពីទីក្រុងហ្សាកាតា។ មូលហេតុគឺដោយសារមានប្រជាជនជាង ១០ លាននាក់នៅទីក្រុងហ្សាកាតាប្រឈមនឹងការកកស្ទះចរាចរណ៍ និងការបំពុលខ្យល់។ ចំនួនមនុស្សរស់នៅច្រើនពេកនៅទីក្រុងហ្សាការតា ត្រូវបានអ្នកជំនាញព្យាករណ៍ថា ១/៣ នៃទីក្រុងអាចស្ថិតនៅក្រោមទឹកនៅឆ្នាំ ២០៥០ ខណៈបច្ចុប្បន្នទីក្រុងនេះកំពុងលិចរហូតដល់ ២៥ សង់ទីម៉ែត្រក្នុងមួយឆ្នាំនៅក្នុងតំបន់មួយចំនួន៕










