សហរដ្ឋអាមេរិក ៖ អាមេរិក និងប្រទេសមួយចំនួននៅអឺរ៉ុបបានព្យាយាមហាមឃាត់ TikTok ជាបន្តបន្ទាប់ ពីព្រោះប្រទេសទាំងនេះបារម្ភពីបញ្ហាសន្តិសុខជាតិ និងការបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទៅឱ្យរដ្ឋាភិបាលចិន ។ ប៉ុន្តែបណ្តាញសង្គម TikTok នៅតែទទួលបានការពេញនិយមពីយុវជនអាមេរិក ទើបធ្វើឱ្យមេដឹកនាំអាមេរិកប្រើប្រាស់កម្មវិធីនេះដើម្បីប្រមូលសំឡេងឆ្នោតពីយុវជន ។
កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អតីតប្រធានាធិបតីអាមេរិកបានចាប់ផ្តើមប្រើប្រាស់បញ្ជី TikTok ជាផ្លូវការដើម្បីប្រមូលសំឡេងឆ្នោតពីក្រុមយុវជន មុនពេលអាមេរិកបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី នៅខែវិច្ឆិកា ឆ្នាំ២០២៤ ។
សារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកថា លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិកបានបើកបញ្ជី TikTok ឈ្មោះថា «@realdonaldtrump» ហើយការបង្ហោះវីដេអូដំបូងរបស់លោកមានអ្នកចូលទស្សនារហូតដល់ជាង២លានលើក ក្រោយពេលលោកបង្ហោះមិនយូរប៉ុន្មាន ។
ការបើកគណនី TikTok របស់អតីតប្រធានាធិបតីអាមេរិក គឺក្នុងគោលបំណងប្រមូលសំឡេងឆ្នោតពីក្រុមយុវជន ស្របពេលអាមេរិកហាមឃាត់បណ្តាញសង្គមមួយនេះ ព្រោះបារម្ភពីផលប៉ះពាល់ដល់សន្តិសុខជាតិ មុនពេលអាមេរិករៀបចំការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ លោក ដូណាល់ ត្រាំ មកពីគណបក្ស Republican នឹងប្រជែងយកតំណែងជាប្រធានាធិបតីអាមេរិកអាណត្តិថ្មីពីលោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិកបច្ចុប្បន្នមកពីគណបក្ស Democrats ។
លោក ចូ បៃដិន ក៏បានប្រើប្រាស់ TikTok ដើម្បីប្រមូលសំឡេងឆ្នោតពីក្រុមយុវជនដូចគ្នាដែរ ហើយបញ្ជី TikTok របស់លោកឈ្មោះ @bidenhq ។ ទោះយ៉ាងណា កាលពីខែមេសា ឆ្នាំ២០២៤ សភាអាមេរិកបានអនុម័តច្បាប់ការពារពលរដ្ឋដែលប្រើប្រាស់បណ្តាញសង្គមគ្រប់គ្រងដោយសត្រូវបរទេស គឺការបង្កើតច្បាប់ហាមឃាត់ TikTok ។
ច្បាប់របស់អាមេរិកចែងថា Byte Dance គឺជាក្រុមហ៊ុនមេរបស់ TikTok ដែលមានស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង ប្រទេសចិន ត្រូវតែបញ្ឈប់គ្រប់គ្រងបណ្តាញសង្គមនេះក្នុងរយៈពេល៩ខែ គិតចាប់ពីច្បាប់ចូលជាធរមាន ។
បើទោះជាមានការពន្យារពេលឱ្យ TikTok ចំនួន៣ខែទៀត បើដំណើរការទិញ-លក់ពុំទាន់រួចរាល់ ប៉ុន្តែករណីគ្មានការចាត់វិធានការក្នុងរយៈពេលកំណត់ទេនោះ TikTok នឹងពុំអាចចូលមកអាមេរិកបានទៀតទេ ។ ខ្លឹមសារច្បាប់អាមេរិកបញ្ជាក់ថា ដោយសារមូលហេតុសន្តិសុខជាតិ ពីព្រោះចិនអាចដឹងព័ត៌មានផ្ទាល់ខ្លួនរបស់ពលរដ្ឋអាមេរិកតាមរយៈ TikTok ៕










