លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ចាប់តាំងពីជាប់ឆ្នោតក្លាយជាប្រធានសមាគមសិល្បករអាណត្តិថ្មីបានបង្ហាញសកម្មភាពជាច្រើនទាំងមហាជននិងអ្នកក្នុងចង្កោមសិល្បៈពេញចិត្តពេញថ្លើមជាមួយអ្នកដឹកនាំថ្មីរូបនេះយ៉ាងខ្លាំង។ សកម្មភាពដុតដៃដុតជើងរបស់អតីតអ្នកសិល្បៈរូបនេះមហាជនសង្ឃឹមថាកាន់តែហុចផលវិជ្ជមាននៅក្នុងសង្គមសិល្បៈ ក្រោមទិសស្លោក «រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី»។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឧត្តមភរិយារបស់អ្នកឧកញ៉ា គិត ម៉េង សេដ្ឋីស្រុកខ្មែរ បានជាប់ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ កាលពីថ្ងៃទី២ ឧសភា ឆ្នាំ២០២៤ បន្ទាប់ពីប្រធានចាស់លោកស្រី ចន ច័ន្ទលក្ខិណា ជាមួយសំឡេងគាំទ្រដ៏លើសលប់៩៧%។ ទាំងសាធារណជន និងអ្នកសិល្បៈសុទ្ធតែបង្ហាញការគាំទ្រពេញទំហឹងចំពោះការឈ្នះឆ្នោតរបស់លោកជំទាវអ្នកឧកញ៉ា។ កាលពីថ្ងៃទី៦ ឧសភា លោកជំទាវ នៅ សូនិតា តំណាងឱ្យ«លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ» បានដឹកនាំក្រុមការងារ សិល្បករ សិល្បការិនី នាំយកថវិកាចំនួន ១ លានរៀល ដើម្បីចូលរួមពិធីបុណ្យគម្រប់៧ថ្ងៃឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធតារាកំប្លែងលោក ម៉ាត់ ចាន់ថន ហៅនាយ ធុង។ និងថរិកា១លានរៀលទៀតចូលរួមបុណ្យសពម្តាយជា របស់សិល្បកររៀមច្បងអ្នកស្រី ចាន់ តារាទី។
សកម្មភាពដំបូងនិងចុះដោយផ្ទាល់របស់ប្រធានសមាគមថ្មីគឺនៅថ្ងៃទី៩ ឧសភា ដោយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានដឹកនាំក្រុមការងារអញ្ជើញទៅសួរសុខទុក្ខលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ វីរសិល្បករចាប៉ីដងវែង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងនាំយកថវិកាផ្ទាល់របស់លោកជំទាវប្រគល់ជូនក្រុមគ្រួសាររបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ ក្រៅពីនោះ ប្រធានសមាគមរូបនេះដឹកនាំកិច្ចប្រជុំជាច្រើនដងដើម្បីរៀបចំកម្មវិធី «អ្នកស្នងមរតក»ជាការដឹងគុណចំពោះព្រឹទ្ធាចារ្យសិល្បៈ និងសិល្បកររៀមច្បងចាស់ជរា។
នៅថ្ងៃទី២១ ឧសភា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានអញ្ជើញទៅសួរសុខទុក្ខលោកយាយ ខាវ ថងញ៉ុត ភរិយារបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលកំពុងមានជំងឺប្រចាំកាយជាច្រើនមុខដោយនាំយកនូវថវិការបស់សមាគមសិល្បករខ្មែរ និងថវិការបស់លោកជំទាវឧកញ៉ាផ្ទាល់ប្រគល់ជូនដល់លោកយាយ ខាវ ថងញ៉ុត ដើម្បីសម្រាលបន្ទុកមួយផ្នែក។ កាលពីថ្ងៃទី២៦ ឧសភា លោកជំទាវអ្នកឧកញ៉ា ក៏មានវត្តមានក្នុងថ្ងៃសម្ពោធ MV «ទេវរាជ» របស់ ទេព បូព្រឹក្សដូចគ្នា។
ថ្ងៃទី២៨ ខែឧសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាជូនលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំសំខាន់ៗរបស់សមាគមសិល្បករខ្មែរ ចូលជួបសម្ដែងការគួរសម និងទទួលយកអនុសាសន៍ណែនាំផ្សេងៗ។ ក្នុងជំនួបនេះសម្តេចតេជោបានប្រកាសឧបត្ថម្ភនូវថវិកាចំនួន១០ម៉ឺនដុល្លារក្នុង១ឆ្នាំ និងមានរយៈពេល៥ឆ្នាំ ដើម្បីចូលរួមចំណែកទ្រទ្រង់សកម្មភាពរបស់សមាគមលើវិស័យសិល្បៈវប្បធម៌នេះ។
ក្រោមការដឹកនាំរបស់ប្រធានសមាគមថ្មីរូបនេះ ដើម្បីលើកស្ទួយដល់វិស័យសិល្បៈតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានឧបត្ថម្ភថវិកា៥លានរៀលក្នុង១ឆ្នាំក្នុងរយៈពេល៥ឆ្នាំដូចគ្នា។ នេះតាមការបញ្ជាក់ពីផេកសមាគមសិល្បករកាលពីថ្ងៃ៣០ ឧសភា។
នៅក្នុងកម្មវិធី អ្នកស្នងមរតក កាលពីថ្ងៃទី៣១ ខែឧសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពេលថ្លែងសុន្ទរកថាក្នុងកម្មវិធី ប្រធានសមាគមសិល្បករបានថ្លែងពីសមិទ្ធផលរបស់ខ្លួនក្នុងតំណែងរយៈពេលខ្លីនេះថាបានរៀបចំទីស្នាក់ការសមាគមឱ្យបានសមរម្យដើម្បីជាមូលដ្ឋានរដ្ឋបាលដល់សិល្បករ។
ក្នុងនោះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានដាក់ចេញផែកការចំនួន៥សម្រាប់អាណត្តិទី៦នេះ ដើម្បីរួមចំណែកដើម្បីជំរុញ និងលើកកម្ពស់កិត្យានុភាពសិល្បៈវប្បធម៌ជាតិ។ លោកជំទាវ ក៏បានបេ្តជ្ញាចិត្តយ៉ាងមោះមុត ទោះបីជាការងារនេះធំធេងក៏ប៉ុន្តែសមាគមនឹងខិតខំបំពេញមហិច្ឆតានៃគោលបំណងនេះឱ្យបានជាបន្តបន្ទាប់។ នៅក្នុងកម្មវិធីនេះនាយករដ្ឋមន្រ្តីក៏បានប្រកាសឧបត្ថម្ភទឹកប្រាក់៥០ម៉ឺនដុល្លារដល់សមាគមសិល្បករសម្រាប់ប្រើប្រាស់រយៈពេល៥ឆ្នាំដើម្បីជួយទ្រទ្រង់ និងធានានិរន្តរភាពសមាគមសិល្បករខ្មែរ។.png)
ការដឹកនាំប្រកដដោយចក្ខុវិស័យច្បាស់លាស់ និងខិតខំគៀងគរថវិកាជួយសមាគម និងបង្ហាញសកម្មភាពផ្ទាល់ៗមិនបន្លំនេះធ្វើឱ្យមហាជនកាន់តែមានទំនុកចិត្តទៅលើប្រធានសមាគមអាណត្តិថ្មី ហើយត្រឹមតែរយៈពេលខ្លីនេះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ធ្វើឱ្យលេចចេញជាមួយលទ្ធផលគួរជាទីទុកចិត្ត សិល្បករ សិល្បការិនី ដែលបោះឆ្នោតជូនពិតជាមិនខកបំណងឡើយ៕










