ក្រោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចុះឃាត់ទីតាំងអាជីវកម្មលក់ទូសរព្ទមួយចំនួនដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីឱ្យមកបង់ពន្ធនោះ គឹមានលេចឮថា “Nokia ចុចពិល” តម្រូវឱ្យបង់ពន្ធរហូតដល់៩៣ដុល្លារ។
ពាក់ព័ន្ធនឹងការលើកឡើងនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញសេចក្តីបំភ្លឺថា៖” មុខទំនិញទូរសព្ទមានពន្ធនិងអាករនាំចូល ១៥,៥% ហើយកន្លងមក ការប្រកាសនាំចូលដោយក្រុមហ៊ុន PUNLEU AKLANGKA CO., LTD. មានតម្លៃ ៥USD/គ្រឿង។ ហេតុដូច្នេះ ពន្ធនិងអាករដែលត្រូវបង់គឺ ៥x ១៥,៥% = ០,៧៧៥USD/គ្រឿង តែប៉ុណ្ណោះ មិនមែន ៩៣ ដុល្លារអាមេរិកដូចមានការលើកឡើងមួយចំនួនឡើយ។
បច្ចុប្បន្នទូរសព្ទទាំងអស់ ត្រូវបាននាំយកទៅថែរក្សាទុកជាបណ្ដោះអាសន្ននៅទីតាំងឈរជើងរបស់ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ស្ថិតនៅភូមិ ហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយទៅតាមនីតិវិធី។
ចំពោះទូរសព្ទប្រើរួចដែលត្រូវបានរកឃើញថា ជាទំនិញទិញដូរក្នុងស្រុក នោះអង្គភាពគយ និងរដ្ឋាករមានសមត្ថកិច្ច នឹងប្រគល់ជូនម្ចាស់វិញ៕










