ប្រទេសអ៊ីស្លង់ ៖ រូបភាពដែលយើងបានឃើញនេះមិនមែនជារូបកាត់តទេ ប៉ុន្តែវាជារូបលំនៅឋានពិតប្រាកដ ដែលឯកោបំផុតស្ថិតនៅលើកោះ Ellioaey ជាកោះដាច់ស្រយាលមួយនៅភាគខាងត្បូងប្រទេសអ៊ីស្លង់ ។ រូបភាពលំនៅឋាននេះធ្លាប់ជាប្រធានបទមួយជជែកវែកញែកគ្នាយ៉ាងខ្លាំងក្នុងបណ្តាញសង្គម កាលពីឆ្នាំ២០១០ ។
ចំណុចទាក់ទាញរបស់កោះ Ellioaey គឺនៅលើកោះមានលំនៅឋានតែមួយប៉ុណ្ណោះ រហូតដល់ក្លាយជាចំណុចលេចធ្លោ និងមានលក្ខណៈខុសប្លែកពីបណ្តាកោះផ្សេងទៀត ។ នៅពេលរូបភាពកោះត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមលើកដំបូងឃើញថា មានមនុស្សជាច្រើនបានរៀបរាប់រឿងរ៉ាវពាក់ព័ន្ធនឹងទីកន្លែងនេះ ។
មតិមួយចំនួនលើកឡើងថា លំនៅឋានមួយខ្នងនេះសាងសង់ឡើងដោយមហាសេដ្ឋីមានប្រាក់រាប់លានដុល្លារ ។ មហាសេដ្ឋីរូបនេះមានគម្រោងផ្លាស់ប្តូរទីលំនៅមករស់នៅលើកោះ នៅពេលថ្ងៃអវសានពិភពលោកមកដល់ ពីព្រោះជឿថា មិនយូរទៀតទេ ពិភពលោកទាំងមូលនឹងរលាយដោយសារតែមេរោគ Zombie ។
ចំណែកមតិផ្សេងទៀតថា លំនៅឋាននេះគ្មានពិតប្រាកដទេ ប៉ុន្តែវាជារូបភាពកាត់តប៉ុណ្ណោះ ។ រីឯការលើកឡើងដែលគេជឿជាក់ច្រើនបំផុត គឺរដ្ឋាភិបាលអ៊ីស្លង់បានប្រគល់កោះនេះជារង្វាន់ដល់តារាចម្រៀងម្នាក់ ប៉ុន្តែក្រោយមក រដ្ឋាភិបាលអ៊ីស្លង់ក៏បានបដិសេធចំពោះការលើកឡើងខាងលើ ។
តើកោះនេះមានប្រវត្តិដូចម្តេចខ្លះ? កាលពីប្រមាណ៣០០ឆ្នាំមុន កោះ Ellioaey ដែលស្ថិតនៅក្បែរកោះជាច្រើនទៀត ធ្លាប់មានមនុស្សរស់នៅ ហើយពួកគេប្រកបមុខរបររកត្រី, បាញ់សត្វស្លាប និងចិញ្ចឹមគោ ។ ប៉ុន្តែនៅឆ្នាំ១៩៣០ អ្នករស់នៅលើកោះចុងក្រោយគេបានបោះបង់កោះចោល ទើបវាក្លាយជាកោះស្ងាត់ជ្រងំ និងគ្មានមនុស្សរស់នៅរហូតដល់ពេលបច្ចុប្បន្ន (ឆ្នាំ២០២៤) ។
ចំណែកលំនៅឋានតែមួយគត់នៅលើកោះ គឺមិនពាក់ព័ន្ធនឹងការលើកឡើងខាងលើទេ ។ បើទោះជាលំនៅឋាននេះស្ថិតនៅឆ្ងាយពីទីប្រជុំជន គ្មានអគ្គិសនី និងគ្មានទឹកម៉ាស៊ីនប្រើប្រាស់ដូចលំនៅឋានក្នុងទីក្រុងក្តី ប៉ុន្តែលំនៅឋានត្រូវបានរចនាម៉ូដយ៉ាងស្អាត មានប្រព័ន្ធស្តុកទឹកភ្លៀង, មានរបងជុំវិញ និងនៅក្បែរសំបុក្រសត្វស្លាបសមុទ្រទៀតផង ។
ក្រៅពីនេះ មានអ្នកភូមិជាច្រើនគ្រួសារបានរស់នៅលើកោះក្បែរៗ ប៉ុន្តែក្រោយមក ពួកគេក៏បានផ្លាស់ប្តូរទីលំនៅចេញពីកោះទៅរស់នៅទីក្រុងវិញ ដោយសារកោះនៅឆ្ងាយពីទីប្រជុំជន និងគ្មានការអភិវឌ្ឍ ។
លំនៅឋាននេះបានសាងសង់ឡើងកាលពីឆ្នាំ១៩៥០ ដោយសមាគមបរបាញ់សត្វនៅលើកោះ Ellioaey ដើម្បីធ្វើជាកន្លែងសម្រាកក្នុងអំឡុងពេលពួកគេមកបាញ់សត្វស្លាបនៅលើកោះ ។ ក្រោយមក កោះ Ellioaey ត្រូវបានគេដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ឧទ្យានជាតិតាមច្បាប់ និងធ្វើជាកោះទេសចរណ៍ ទើបធ្វើឱ្យពួកបាញ់សត្វស្លាបពុំអាចត្រឡប់មកទីនេះទៀតទេ ៕










