រូបសំណាក់នាគរាជ្យក្បាល១នៅក្នុងរចនាបទខ្មែរ ជានាគរាជ្យមានពណ៌សររំលេចដោយពណ៌ទឹកមាស កំពុងបាញ់ទឹក បង្អួតសម្រស់ ស្ថិតនៅលើច្រាំងថ្មនៃឆ្នេរសមុទ្រក្រុងព្រះសីហនុ។ ទោះជាយ៉ាងណា រូបសំណាក់នេះហាក់មិនសូវមានអ្នកបានដឹងប៉ុន្មាននោះទេ ពីព្រោះថាវាស្ថិតនៅទីតាំងបង្កប់ខ្លួនមួយ។
រូបសំណាក់នាគរាជ្យបាញ់ទឹកមួយនេះ កំពុងតែលេចវត្តមាននៅក្នុងរមណីយដ្ឋាន Try Palace Resort Sihanoukville ស្ថិតនៅពយកំពេញ ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលជារមណីយដ្ឋានសម្រាកលំហែកាយលក្ខណៈឯកជនឬជាលក្ខណៈគ្រួសារ សម្រាប់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិដែលបានមកកម្សាន្តនៅក្នុងក្រុងព្រះសីហនុនេះ។
ទ្រី ផាលេស រីសត គឺជាកម្មសិទ្ធរបស់អ្នកឧកញ៉ា ទ្រី ភាព បន្ទាប់ពីទទួលបានសិទ្ធវិនិយោគពីរាជរដ្ឋាភិបាល ក៏បានកែលំអ អភិវឌ្ឍន៍នៅតំបន់នេះ បង្កើតបានជាឆ្នេរសិប្បនិម្មិត មានផ្ទះសម្រាកលំហែប្រណិតៗ អាហារដ្ឋាន អាងហែលទឹក និងសួនច្បារសម្រាប់កម្សាន្តផងដែរ។
ទ្រី ផាលេស រីសត គឺជាទីតាំងសម្រាកលំហែរកាយមួយដែលមានសភាពស្ងប់ស្ងាត់ល្អ ខ្យល់អាកាសត្រជាក់ បរិសុទ្ធស្រស់ស្រាយ ដែលសក្តិសមណាស់សម្រាប់អ្នកដែលមានបំណងមកកម្សាន្តជាលក្ខណៈឯកជន គ្រួសារ ដៃគូរ ស្នេហាឬមិត្តភក្តិ ក៏ដូចជាមានការរៀបចំពិធីផ្សេងៗជាដើម។ ម្យ៉ាងវិញទៀត ដោយសារទីតាំងនេះលយចូលជ្រៅមកក្នុងផ្ទៃសមុទ្រធ្វើឱ្យតំបន់នេះ បានប្រសព្វជាមួយវាយោបក់បោកបក់ខ្លាំង ភ្ញៀវទេសចរនឹងទទួលបានក្លិនសមុទ្រពេញទី អាចគយគន់ទិដ្ឋភាព និងទេសភាពនានាយ៉ាងត្រជាក់ភ្នែកបំផុតផងដែរ៕










