អ្នកគាំទ្រមួយចំនួនគិតថាតារាសម្តែងហុងកុងដ៏ល្បីល្បាញ Charmaine Sheh តួស្រីក្នុងរឿង «រាជិនីសារព័ត៌មាន» (The Queen of News) មានជីវិតជោគជ័យជាច្រើននៅក្នុងអាជីពសម្ដែង និងជីវិតផ្ទាល់ខ្លួនបើទោះបីជាពេលនេះនាងមិនមានប្តីក្តីប៉ុន្តែវាមិនដូច្នោះទេ។ ថ្មីៗនេះនាងបានចែករំលែករឿងអាម៉ាស់របស់នាងត្រូវផុងខ្លួនធ្លាប់ខ្ចីលុយម្តាយនិងមិត្តភក្តិយកមកដោះបំណុល។
កាលពីថ្ងៃទី២៨ ឧសភា តារាសម្តែងវ័យ៤៩ឆ្នាំរូបនេះបានចែករំលែកថានាងត្រូវខ្ចីលុយពីម្តាយនិងមិត្តភក្តិរបស់នាងបន្ទាប់ពីចាញ់នៅផ្សារហ៊ុនក្នុងឆ្នាំ១៩៩៨។ នាងបាននិយាយថា «នៅពេលខ្ញុំចូលប្រឡូកក្នុងវិស័យសិល្បៈដំបូង ខ្ញុំបាឮឥច្រើនអំពីភាគហ៊ុនណាដែលត្រូវទិញ ដូច្នេះខ្ញុំបានទិញម្តង ហើយបាត់បង់ជាង ២០ម៉ឺនដុល្លារហុងកុង ប្រមាណជាង២ម៉ឺន៥ដុល្លារ។ 
Charmaine បានបន្ថែមថា នាងបានបាត់បង់លុយនាងទាំងអស់ ហើយថែមទាំងត្រូវសុំលុយម្តាយរបស់នាង ដើម្បីសងបំណុលរបស់នាង ប៉ុន្តែនោះមិនមែនជាទីបញ្ចប់នៃបញ្ហារបស់នាងនោះទេ។ នាងបាននិយាយថា «ដល់ចុងឆ្នាំខ្ញុំត្រូវបង់ពន្ធ ខ្ញុំឈឺក្បាល ខ្ញុំមិនអាចសុំលុយម្ដាយបានទៀតទេ ព្រោះខ្មាសគេពេក ខ្ញុំខ្ចីលុយមិត្តភ័ក្ដិខ្លះមកបង់ពន្ធ ហើយមិនដែលទិញភាគហ៊ុនណាមួយទៀត»។
តាមបទពិសោធន៍ Charmaine ចែករំលែកថាពេលជួបហេតុការណ៍នោះមកនាងចាប់ផ្តើមសន្សំប្រាក់។ «ខ្ញុំគិតថាការសន្សំលុយពិតជាសំខាន់ណាស់។ ប្រសិនបើស្ថានភាពដែលមិននឹកស្មានដល់កើតឡើង គ្មាននរណាម្នាក់អាចជួយខ្ញុំបានទេ ព្រោះម្តាយរបស់ខ្ញុំមិនបានរស់នៅក្នុងទីក្រុងហុងកុង ពេលនោះខ្ញុំនៅម្នាក់ឯងក្នុងទីក្រុងហុងកុង ហើយមានអារម្មណ៍ថាគ្មានសុវត្ថិភាព។ ការសន្សំទុកហើយនោះជាសន្តិសុខដ៏ធំបំផុតរបស់ខ្ញុំ”។ នេះជាការលើកឡើងរបស់តារាស្រីរូបនេះ។
យោងតាមរបាយការណ៍របស់ HK01 នៅក្នុងខែមករា Charmaine ឥឡូវនេះកាន់កាប់អចលនទ្រព្យប្រណីតយ៉ាងហោចណាស់ប្រាំនៅក្នុងទីក្រុងហុងកុងជាមួយនឹងតម្លៃសរុប ១៨០ លានដុល្លារហុងកុង ប្រមាណ២៣លានដុល្លារអាម៉េរិក។ Charmaine Sheh បានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ១៩៩៧ បន្ទាប់ពីបានជាប់ចំណាត់ថ្នាក់បវរកញ្ញាហុងកុង។ នាងជាតួឯកស្រីលេចធ្លោនៅ TVB ក្នុងទសវត្សរ៍ឆ្នាំ ២០០០ជាមួយនឹងខ្សែភាពយន្តជាច្រើន។
បន្ទាប់ពីចាកចេញពីTVB៧ឆ្នាំតារាសម្តែងដ៏ល្បីរូបនេះបានវិលត្រលប់មកវិញក្នុងរឿង «រាជិនីសារព័ត៌មាន» (The Queen of News) នៅឆ្នាំ២០២៣ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន៕










