កាលពីឆ្នាំមុនអ្នកជំនាញបានព្យាករណ៍ថានៅឆ្នាំ ២០២៤ អត្រាអ្នកគ្មានការងារធ្វើទូទាំងសកលនឹងកើនឡើងយ៉ាងខ្លាំង ទោះជាយ៉ាងណាបើយោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិដែលបាននិយាយកាលពីថ្ងៃទី ៣០ ឧសភាថា អត្រាអ្នកអត់ការងារធ្វើជាសកលបានថយចុះហើយ នេះមានន័យថាមនុស្សភាគច្រើនសុទ្ធតែមានការងារធ្វើ ដែលនេះមិនដូចការព្យាករណ៍របស់អ្នកជំនាញនោះទេ។
របាយការណ៍នេះក៏បាននិយាយផងដែរថា នៅទូទាំងពិភពលោកស្ត្រីប្រមាណ ៤៥.៦% សុទ្ធតែមានការងារធ្វើនៅឆ្នាំ ២០២៤ រីឯបុរសវិញតួលេខនេះគឺឡើងដល់ ៦៩.២% ។ ដូច្នេះអត្រាគ្មានការងារធ្វើជាសកលបច្ចុប្បន្នមានត្រឹមតែ ៤.៩% ប៉ុណ្ណោះនៅឆ្នាំនេះ ខណៈដែលកាលពីឆ្នាំមុនអ្នកជំនាញបានព្យាករណ៍ថា វានឹងកើនឡើងដល់ ៥.២%។ នៅក្នុងរបាយការណ៍អង្គការអន្តរជាតិខាងការងារ (ILO) របស់អង្គការសហប្រជាជាតិ ក៏បានព្យាករដែរថា អត្រានេះនឹងនៅតែ ៤.៩ % ដដែលក្នុងឆ្នាំ ២០២៥។
ទោះជាយ៉ាងណាក៏ដោយ ILO បានព្រមានអំពី “ការវិវឌ្ឍន៍យឺត” ក្នុងការដោះស្រាយវិសមភាព ដោយនិយាយថា “វិសមភាពក្នុងទីផ្សារការងារនៅតែបន្តកើតមាន ដោយស្ត្រីនៅក្នុងប្រទេសដែលមានចំណូលទាប រងផលប៉ះពាល់យ៉ាងពិសេស”។ របាយការណ៍បានរកឃើញថាស្ត្រីប្រហែល ១៨៣ លាននាក់ទូទាំងសកលបានជួបនឹងភាពអត់ការងារធ្វើ មានន័យថាពួកគេកំពុងស្វែងរកការងារយ៉ាងសកម្ម ហើយអាចធ្វើការភ្លាមៗ ទោះជាយ៉ាងណាស្ត្រីទំនងជាបាត់បង់ការងារច្រើនជាងបុរស ហើយរងផលប៉ះពាល់ដោយការខ្វះឱកាស។
ស្ត្រីក្នុងប្រទេសដែលមានប្រាក់ចំណូលទាបអាចនឹងទទួលរងផលលំបាកជាពិសេស ដោយមាន ២២,៨% ចង់ធ្វើការ ប៉ុន្តែគ្មានការងារធ្វើ បើធៀបនឹងបុរស ១៥,៣%។ សម្រាប់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់ អត្រានេះមាន ៩.៧% សម្រាប់ស្ត្រី និង ៧.៣% សម្រាប់បុរស។ របាយការណ៍នេះក៏បាននិយាយផងដែរថា មូលហេតុដែលស្ត្រីទូទាំងសកលទំនងជាគ្មានការងារធ្វើ គឺដោយសារតែស្ត្រីមិនអាចធ្វើការងារដោយប្រើកម្លាំងដូចបុរសបានឡើយ ខណៈបច្ចុប្បន្នការងារជាច្រើនតម្រូវឱ្យប្រើកម្លាំង។ គួរបញ្ជាក់ដែរថា ILO គឺជាអង្គការឯកទេសចំណាស់ជាងគេរបស់អង្គការសហប្រជាជាតិ ដែលប្រមូលផ្តុំនិយោជក សហជីព និងរដ្ឋាភិបាលមកពីជុំវិញពិភពលោក៕










