សហរដ្ឋអាមេរិក ៖ បម្រែបម្រួលអាកាសធាតុនៅលើពិភពលោក បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋក្នុងប្រទេសនីមួយៗ ជាពិសេស ខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម ទើបបណ្តាលឱ្យទិន្នផលដំណាំផ្សេងៗធ្លាក់ចុះ និងមានតម្លៃកើនឡើង ។ ដំណាំក្រូចក៏បានរងផលប៉ះពាល់ដោយសារអាកាសធាតុក្តៅដូចដំណាំផ្សេងទៀតដែរ ហើយបច្ចុប្បន្ន ក្រុមហ៊ុនផលិតទឹកក្រូចនៅអាមេរិកពុំអាចផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការអតិថិជនទេ ។.jpg)
នៅចុងខែឧសភា ឆ្នាំ២០២៤ តម្លៃទឹកក្រូចនៅអាមេរិកបានកើនឡើងខ្ពស់បំផុត ដែលធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ជាបន្តបន្ទាប់ ខណៈឧស្សាហកម្មផលិតទឹកក្រូចនៅលើពិភពលោក ជួបនឹងវិបត្តិ ។ ហេតុនេះ ក្រុមហ៊ុនផលិតទឹកក្រូចនានាបានជ្រើសរើសផ្លែឈើផ្សេងមកផលិតជំនួសវិញដើម្បីផ្គត់ផ្គង់លើទីផ្សារ ។
សារព័ត៌មាន CNBC បានរាយការណ៍កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ថា តម្លៃទឹកក្រូចកើនឡើងខ្ពស់យ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលមួយផ្នែកបណ្តាលមកពីទិន្នផលក្រូចធ្លាក់ចុះនៅរដ្ឋផ្លរីដា ដែលបានដាំដំណាំក្រូចដ៏ច្រើនបំផុតនៅអាមេរិក ។ ម្យ៉ាងទៀត អាកាសធាតុមិនអំណោយផលក្នុងតំបន់ដាំក្រូចដ៏សំខាន់របស់ប្រេស៊ីល ដែលជាប្រទេសផលិត និងនាំចេញទឹកក្រូចក្នុងបរិមាណច្រើនបំផុតលើពិភពលោក ព្រមទាំងមានតួនាទីសំខាន់យ៉ាងខ្លាំងក្នុងការកំណត់ទិសដៅរបស់ឧស្សាហកម្មក្រូច ។
បើតាមរបាយការណ៍បញ្ជាក់ថា តម្លៃទិញ-លក់ទឹកក្រូចខាប់ក្លាសេក្នុងទីផ្សារទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានកើនឡើងទ្វេដង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បើធៀបនឹងតម្លៃកាលពីឆ្នាំ២០២៣ ។
Harry Campbell ជាអ្នកវិភាគទិន្នន័យទីផ្សារផលិតផលរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Mintec បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន CNBC ថា តម្លៃទឹកក្រូចកំប៉ុងបានកើនឡើងខ្ពស់នៅឆ្នាំ២០២៤ ទើបធ្វើឱ្យក្រុមហ៊ុនផលិតទឹកក្រូចចាំបាច់ត្រូវដំឡើងថ្លៃផលិតផលតាមស្ថានការណ៍ជាក់ស្តែង ហើយពួកគេបានជ្រើសរើសផ្លែឈើផ្សេងទៀតមកផលិតជំនួសវិញ ។
ក្រៅពីនេះ អ្នកវិភាគទិន្នន័យទីផ្សារខាងលើរំពឹងថា ក្រុមហ៊ុនផលិតទឹកផ្លែឈើជាច្រើននឹងកាត់បន្ថយបរិមាណទឹកក្រូច ហើយបង្កើនបរិមាណទឹកផ្លែឈើផ្សេងៗ ដូចជា ៖ ទឹកផ្លែសារី, ទឹកផ្លែប៉ោម និងទឹកទំពាំងបាយជូរ ដើម្បីកាត់បន្ថយការពឹងផ្អែកលើទឹកក្រូច ។ អ្នកវិភាគទិន្នន័យទីផ្សារនិយាយថា ៖ «មើលទៅ ស្ថានការណ៍នេះនឹងបន្តរយៈពេលយូរទៀត គឺតម្លៃទឹកក្រូចកំប៉ុងនឹងកើនឡើងខ្ពស់រហូតដល់អតិថិជនលែងពេញចិត្ត ដោយសារពួកគេទិញទឹកក្រូចក្នុងតម្លៃថ្លៃ» ៕










