Home ព័ត៌មានអន្តរជាតិ បច្ចេកវិទ្យាថ្មី! ន័រវេសបង្ហាញថា ខ្លួនអាចផលិតអគ្គិសនីតាមរយៈការបង្ហោះដ្រូន

បច្ចេកវិទ្យាថ្មី! ន័រវេសបង្ហាញថា ខ្លួនអាចផលិតអគ្គិសនីតាមរយៈការបង្ហោះដ្រូន

62
0

ប្រទេសន័រវេស ៖ ក្រុមហ៊ុន Kitemill នៅប្រទេសន័រវេសបានបង្ហាញវិធីផលិតអគ្គិសនីពីថាមពលខ្យល់ តាមរយៈការបង្ហោះដ្រូននៅលើអាកាស ។ វិធីថ្មីនេះអាចកាត់បន្ថយដើមទុនរហូតដល់៥០% បើធៀបនឹងការចំណាយដើមទុនសាងសង់កង្ហារខ្យល់ទំហំធំ ដោយសារការប្រើប្រាស់សម្ភារៈបានកាត់បន្ថយ៩០% ។ ក្រៅពីនេះ ការប្រើប្រាស់កម្លាំងខ្យល់នៅកម្ពស់ខ្ពស់ វាបានផ្តល់នូវស្ថិរភាពសម្រាប់ការផលិតថាមពលអគ្គិសនីច្រើនជាងកម្លាំងខ្យល់នៅក្បែរដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW9-i6WGKiPUQRvYwMMpmi_DpQa93RFdsOKIaa8e9JzLLgJD8h_jbl8mPQrt_G554nTYHw9YfoUpOpHYanrU8YlxLcDwJBORLBoH1EbLyRoaAk49hRTFVXSYOmbqDiEElaqkVEfnyoYpwZwlsjzozWk5SybPN63eYKQ0Gz59UwzkpfZNrUdm-iXj2xSdc/s1600/630cbb8ecf9235e6972fac81_IMG_590811.jpg

គេបានដាក់ឈ្មោះការផលិតអគ្គិសនីពីថាមពលខ្យល់នេះថា «ប្រព័ន្ធថាមពលខ្យល់លើអាកាស» តាមរយៈការប្រើប្រាស់ដ្រូនខ្នាតតូច (UAV) ហោះហើរឡើងលើអាកាស និងចុះចតដោយខ្លួនឯង ប៉ុន្តែដ្រូននឹងតភ្ជាប់ជាមួយស្ថានីយនៅផ្នែកខាងក្រោម ដោយប្រើខ្សែស្រដៀងគ្នានឹងខ្លែង ។ ដ្រូននឹងហោះជារង្វង់មូល បន្ទាប់មក វាក៏ចាប់ផ្តើមហោះឡើងលើបន្តិចម្តងៗរហូតដល់កម្ពស់ចាប់ពី៣៥០ម៉ែត្រ ទៅ៥០០ម៉ែត្រ ។ រីឯខ្សែតភ្ជាប់ដ្រូនលើអាកាសនឹងក្លាយជាកម្លាំងសម្រាប់បង្វិលម៉ាស៊ីនផលិតអគ្គិសនី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZlqpVWsalMLwsPoAeEnpsJQp-1w9-LuGODMaj5wgrt7CKNsAfN-i3VNB90MrZaBATno3EMhZuxhpojg6mwWHfuWpuCsBENlQpWNCnNZsgCG9YQJjf_lb0t4Q3nNRcvb_YHy2g3EGyzA_yFNZH90f1nvrazGSUrF6xtXxAotx1kKHrQFtHw08BzON97TU/s991/IMG_593211.jpg

នៅពេលដ្រូនហោះបានកម្ពស់៥០០ម៉ែត្រ ប្រព័ន្ធនេះនឹងបង្វែរខ្សែដ្រូនត្រឡប់មកវិញ និងទាញដ្រូនចុះចតនៅទីតាំងសមរម្យជាមួយកម្លាំងខ្យល់ក្នុងរយៈពេលខ្លី ។ គេនឹងគណនាតាមប្រព័ន្ធកុំព្យូទ័រ និងវាស់កម្ពស់ដោយបច្ចេកវិទ្យា Lidar ឬវាស់ចម្ងាយដោយពន្លឺឡាស៊ែរ ។

ករណីស្ថានីយផលិតអគ្គិសនីស្ថិតក្នុងតំបន់មានកម្លាំងខ្យល់ស្មើគ្នា ដូចជា ៖ នៅតាមបណ្តោយឆ្នេរសមុទ្រ គឺដ្រូនអាចហោះបានច្រើនម៉ោង ។ ទោះយ៉ាងណា ក្រុមហ៊ុនពុំបានបញ្ជាក់ចំណុចលម្អិតពាក់ព័ន្ធនឹងរយៈពេលដែលដ្រូនហោះបានយូរបំផុត ឬរយៈពេលប្រើប្រាស់ដ្រូនទេ ។ រីឯករណីមានអាកាសធាតុមិនល្អ ដូចជា ៖ ខ្យល់ព្យុះ ដ្រូននឹងចុះចតនៅស្ថានីយដោយស្វ័យប្រវត្តិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMgVHKCOvWOf-37qGh6p8eRFITqQ7xOfRr2P6udRJbt-BQAO4VBM8ranSr4fY2wzxKgUDOUKZX0ofmWXkKSOmRyGJMpvOLg_VNb3i-WDCn2V-f6j7LgXD4fL57uRkUYhbCk5Ougfjj4TMDvva2StXHa10UFwoj9Kbq2oxkuW77vdSZUpxqaLlpbHgQYsU/s1000/P1100512.webp

បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតដ្រូន២ប្រភេទ គឺប្រភេទ KM2 មានកម្លាំងអគ្គិសនី១០០គីឡូវ៉ាត់ ដែលវាបានអភិវឌ្ឍន៍ពីដ្រូនប្រភេទ KM1 ។ ប៉ុន្តែក្រុមហ៊ុនពុំបានបង្ហាញទិន្នន័យរបស់ដ្រូនប្រភេទ KM1 ទេ ។ ការផលិតអគ្គិសនីតាមរយៈការបង្ហោះដ្រូននេះ គឺសាកសមបំផុតសម្រាប់ប្រទេសណាដែលមានឆ្នេរសមុទ្រវែង និងមានកម្លាំងខ្យល់ស្មើគ្នា ប៉ុន្តែគ្មានធនធានច្រើនសម្រាប់ផលិតអគ្គិសនី ។ វិធីថ្មីនេះអាចកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីត ដោយសារការផលិតអគ្គិសនីមិនប៉ះពាល់បរិស្ថាន ។

លើសពីនេះ ដើម្បីឱ្យការអភិវឌ្ឍបច្ចេកវិទ្យាកាន់តែរីកចម្រើន ក្រុមហ៊ុន Kitemill រីករាយបង្ហាញនូវទិន្នន័យ និងសហការជាមួយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យនានា ដើម្បីយកបច្ចេកវិទ្យាផលិតអគ្គិសនីពីដ្រូនទៅប្រើប្រាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzs-_is8X8xdQEIhhCqJVgI50hO4dYHOYRDnRXXXpfd9ymHLAG2p5oolMEDqvuW9Kd-jL8IWs4UcqANH2zAEGStrtO96QZ380v7VYqSIOLroVc8a3JwaOJJ6lZ2jJ5o2wXZz5UVOztK-bZpUpFBuVYYGvaTJ1lFOheR3UUw_3GUwi0cSBWCerL0bgKJWg/s1280/photo_2024-05-29_12-21-51.jpg

ក្រុមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ Bristol ប្រទេសអង់គ្លេស បានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Kitemill របស់ន័រវេស ក្នុងគោលបំណងអភិវឌ្ឍន៍បច្ចេកវិទ្យាផលិតអគ្គិសនីតាមវិធីថ្មីឱ្យកាន់តែល្អប្រសើរ ។ ក្រៅពីនេះ ក៏មានក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Carlos 3 នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញផងដែរ ៕