Home ព័ត៌មានអន្តរជាតិ រដ្ឋមន្ត្រីការពារជាតិថៃរងការរិះគ.ន់ពីក្រុមជាតិនិយមជ្រុល បន្ទាប់ពីនិយាយថា «កម្ពុជា និងថៃ មិនអាចកាច់ផ្តាច់ពីគ្នាបាន យើងមានចំណងមិត្តភាពយូរអង្វែង»

រដ្ឋមន្ត្រីការពារជាតិថៃរងការរិះគ.ន់ពីក្រុមជាតិនិយមជ្រុល បន្ទាប់ពីនិយាយថា «កម្ពុជា និងថៃ មិនអាចកាច់ផ្តាច់ពីគ្នាបាន យើងមានចំណងមិត្តភាពយូរអង្វែង»

79
0

គ្រាន់តែពាក្យសម្តីមួយឃ្លា តែអាចធ្វើឱ្យបណ្តាញសង្គមថៃផ្ទុះការរិះគ.ន់យ៉ាងក្តៅគគុក! ហេតុអ្វីបានជាការលើកឡើងពី «ចំណងមិត្តភាពមិនអាចកាត់ផ្តាច់បាន» រវាងកម្ពុជា និងថៃ របស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បែរក្លាយជាភ្លើងដុតបញ្ឆេះកំហឹងអ្នកលេងបណ្តាញសង្គមថៃដែលមានគំនិតជាតិនិយមជ្រុលទៅវិញ?

តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Mgr Online កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ អ្នកលេងបណ្តាញសង្គមថៃបានរិះគ.ន់យ៉ាងខ្លាំងក្លា បន្ទាប់ពីលោក អាឌុល ប៊ុនថាំចារើន រដ្ឋមន្ត្រីក្រសួងការពារជាតិ បាននិយាយអំពីស្ថានភាពនៃទំនាក់ទំនងរវាងកម្ពុជា និងថៃ ថា «កម្ពុជា និងថៃ មិនអាចកាច់ផ្តាច់ពីគ្នាបានទេ ដោយសារពលរដ្ឋប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាពជាយូរមកហើយ ទាំងការធ្វើពាណិជ្ជកម្ម ទំនាក់ទំនងសាច់ញាតិ វប្បធម៌ និងទំនាក់ទំនងរបស់ពលរដ្ឋរស់នៅតាមបណ្តោយព្រំដែន»។

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបញ្ជាក់ថា បញ្ហាដែលបានកើតឡើងនាពេលនេះ មិនមែនដោយសារជម្លោះរវាងពលរដ្ឋប្រទេសទាំងពីរនោះទេ ប៉ុន្តែវាកើតឡើងដោយសារបញ្ហានយោបាយ ទើបធ្វើឱ្យជម្លោះដែលគួរតែដោះស្រាយតាមរយៈការចរចាគ្នា ប្រែក្លាយទៅជាបញ្ហារសើបផ្នែកនយោបាយកាន់តែខ្លាំងឡើង។

លោកបានបញ្ជាក់ពីគោលជំហររបស់ប្រទេសថៃថា រដ្ឋាភិបាលថៃនៅតែផ្តល់ភាពសំខាន់ដល់ការរក្សាទំនាក់ទំនងដ៏ល្អរវាងពលរដ្ឋប្រទេសទាំងពីរ ហើយថៃបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តប្រើប្រាស់យន្តការចរចា ជាពិសេស ការចរចាតាមរយៈ JBC និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។ ថៃនឹងមិនបណ្តោយឱ្យស្ថានការណ៍ជម្លោះអូសបន្លាយ រហូតដល់ប៉ះពាល់ពលរដ្ឋរស់នៅតាមបណ្តោយព្រំដែននោះទេ។

លោកបន្តថា តួនាទីសំខាន់របស់រដ្ឋាភិបាលនាពេលនេះ គឺពាក់ព័ន្ធនឹងការកសាងទំនុកចិត្តដល់ពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន, ការពារអធិបតេយ្យ និងផ្តល់សុវត្ថិភាពដល់ពលរដ្ឋ ក៏ដូចជារក្សាទំនាក់ទំនងដ៏ល្អរវាងពលរដ្ឋនៃប្រទេសទាំងពីរផងដែរ។

ពាក្យសម្តីរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ត្រូវបានអ្នកវិភាគចាត់ទុកថា គឺជាពាក្យសម្តីការទូតកម្រិតខ្ពស់ដើម្បីបន្ធូរបន្ថយភាពតានតឹង ហើយក៏មានពលរដ្ឋភាគច្រើនបញ្ចេញមតិគាំទ្រឱ្យប្រទេសទាំងពីរអនុវត្តការចរចាដោយសន្តិវិធីឈានទៅកាត់បន្ថយភាពតានតឹង និងជំរុញឱ្យរដ្ឋាភិបាលថៃបង្ហាញគោលជំហរឱ្យច្បាស់លាស់ ស្របពេលស្ថានការណ៍នៅព្រំដែននៅតែមានភាពរសើប។ ប៉ុន្តែអ្នកដែលមានគំនិតជាតិនិយមជ្រុល បែរជាមិនពេញចិត្តទៅវិញ បន្ទាប់ពីសារព័ត៌មាននានាយកពាក្យសម្តីនេះទៅចុះផ្សាយ៕