ជឿថាមនុស្សភាគច្រើនប្រាកដជាមិនដឹងទេថា ខោក្នុងដែលយើងតែងតែស្លៀកជារៀងរាល់ថ្ងៃនោះសុទ្ធតែមានកាលបរិច្ឆេទផុតកំណត់ ប្រសិនបើអ្នកស្លៀកខោនោះយូររហូតដល់ចាស់មិនមើលពីកាលបរិច្ឆេទទេនោះនឹងបណ្តាលឱ្យមានបញ្ហាជាច្រើនដែលអាចប៉ះពាល់ដល់សុខភាពលោកអ្នក។ កាលណាដែលខោក្នុងផុតកំណត់វានឹងងាយឆ្លងមេរោគ ហើយប្រសិនបើអ្នកនៅតែស្លៀកនោះនឹងបង្កឱ្យអ្នកងាយឆ្លងបាក់តេរី។ ដូច្នេះហើយតើយើងគួរធ្វើយ៉ាងណាទើបដឹងថា ខោក្នុងរបស់យើងបានផុតកំណត់? ហើយយើងត្រូវផ្លាស់ប្តូរវាញឹកញាប់ប៉ុណ្ណា?
ចម្លើយនោះគឺងាយៗបំផុត ដើម្បីដឹងថាខោក្នុងរបស់យើងបានផុតកំណត់ចូរអ្នកសង្កេតមើលដូចជា៖
-មានរន្ធចុះតូចៗនៅខាងក្នុងខោផ្នែកកណ្តាល និងផ្នែកសងខាង
-បន្ទាប់ពីពាក់និងបោកគក់ច្រើន សាច់ក្រណាត់នៃខោទ្រនាប់នឹងកាន់តែយ៉ាប់យ៉ឺនដោយជៀសមិនរួច ហើយខោក្នុងក៏ចាប់ផ្តើមរហែក ឬមានសភាពយារធ្លាក់
-មានស្នាមប្រឡាក់រឹង ភាពកខ្វក់គឺជារឿងធម្មតាដែលអាចកើតមានក្នុងជីវិតប្រចាំថ្ងៃ ទោះជាយ៉ាងណាប្រសិនបើអ្នកបានសាកល្បងប្រើរូបមន្តសាប៊ូបោកខោអាវ ហើយនៅតែសម្អាតស្នាមប្រឡាក់រឹងនៅក្នុងខោមិនជ្រះ នេះមានន័យថាខោក្នុងដល់ពេលផុតកំណត់ហើយ។
សម្រាប់សំនួរដែលសួរថា តើយើងត្រូវផ្លាស់ប្តូរខោក្នុងញឹកញាប់ប៉ុណ្ណា? ចម្លើយនោះគឺជាទូទៅវាត្រូវបានណែនាំឱ្យផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ហើយខោក្នុងមួយអាចប្រើប្រាស់បានត្រឹមតែ ៦ ខែទៅ ១ ឆ្នាំម្តងប៉ុណ្ណោះ។ ទោះជាយ៉ាងណាប្រសិនបើអ្នកចង់ផ្លាស់ប្តូរពួកវា គឺអាស្រ័យទៅលើកត្តាខាងលើដែរ ប្រសិនស្លៀក ៦ ខែឬ ១ឆ្នាំមិនមានរោគសញ្ញាដូចខាងលើ នោះអ្នកមិនទាន់ចាំបាច់ផ្លាស់ប្តូរទេ៕











