ប្រទេសអៀរឡង់ ៖ បើនិយាយពីទីក្រុងដែលបានបាត់បង់ពីផែនទីពិភពលោក មនុស្សភាគច្រើននឹងនឹកឃើញដល់ទីក្រុងដ៏ល្បីឈ្មោះមួយ គឺ Atlantis ដែលទស្សនវិទូក្រិកបុរាណតែងតែលើកយកមកនិយាយមុនគេ ។ ប៉ុន្តែកាលពីបុរាណ មានទីកន្លែងមួយគួរឱ្យចាប់អារម្មណ៍មិនចាញ់ទីក្រុង Atlantis គឺកោះឈ្មោះ Hy-Brasil ឬហៅខ្លីៗថា កោះ Brasil ដែលគេជឿថា កោះនេះស្ថិតនៅទិសខាងលិចប្រទេសអៀរឡង់ ។
គេបាននិយាយថា កោះ Brasil បានបង្ហាញក្នុងផែនទីពិភពលោក លើកដំបូងកាលពីឆ្នាំ១៣២៥ ហើយក៏ក្លាយជារឿងដំណាលរបស់អ្នកធ្វើដំណើរតាមកប៉ាល់នាសម័យនោះ ។ មនុស្សភាគច្រើនជឿថា កោះនេះជាទីតាំងរបស់មនុស្សមានអរិយធម៌ទំនើប និងមានទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាល ។
តាមធម្មតា កោះ Brasil ពុំបានបង្ហាញឱ្យមនុស្សទូទៅឃើញឡើយ ហើយគេពុំដឹងថា តើកោះនេះត្រូវបានលិចទៅក្រោមបាតសមុទ្រ ឬមានអ័ព្ទក្រាស់គ្របដណ្តប់គ្រប់ពេលវេលានោះទេ ។ ម្យ៉ាងទៀត កោះនេះនឹងបង្ហាញរូបរាងឱ្យគេឃើញតែម្តងប៉ុណ្ណោះក្នុងរយៈពេល៧ឆ្នាំ ប៉ុន្តែបើអ្នកណាម្នាក់អាចឡើងទៅលើកោះនេះបាន អ្នកនោះនឹងត្រឡប់មកវិញជាមួយកំណប់យ៉ាងច្រើនជាប់ខ្លួន ។
បើតាមឯកសារបញ្ជាក់ថា អ្នកមានសំណាងបានឃើញកោះមួយនេះញឹកញាប់បំផុត គឺអ្នកនិពន្ធម្នាក់ឈ្មោះ លោក T. J. Westropp ដែលអះអាងថា ខ្លួនបានឃើញកោះអាថ៌កំបាំងនេះ ចំនួន៣លើក ។ លោក T. J. Westropp និយាយថា ពេលឃើញកោះនេះលើកទី៣ កាលពីឆ្នាំ១៨៧២ លោកបាននាំម្តាយ និងមិត្តភក្តិជាច្រើននាក់ឡើងទៅលើកោះនេះទៀតផង ។
កាលពីសម័យបុរាណ មានមនុស្សជាច្រើនបានព្យាយាមស្វែងរកកោះនេះ ហើយនាពេលបច្ចុប្បន្ន ក៏មានអ្នកបុរាណវិទូ និងអ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រជាច្រើននាក់បានព្យាយាមស្វែងរកការបកស្រាយថា ការពិត តើកោះនេះមានដើមកំណើត និងប្រវត្តិដូចម្តេចខ្លះ? ហេតុអ្វីបានជាកោះកម្របង្ហាញរូបរាងឱ្យមនុស្សទូទៅឃើញ? ប៉ុន្តែគ្មានភស្តុតាង១០០% បញ្ជាក់ថា កោះនេះមានពិតប្រាកដទេ ។
អ្នកស្រាវជ្រាវនិយាយថា កោះនេះធ្លាប់មានពិតប្រាកដនៅលើផែនដី ប៉ុន្តែដោយសារកម្រិតទឹកសមុទ្រឡើងខ្ពស់ រួមផ្សំនឹងការបាក់ដីបានធ្វើឱ្យកោះធ្លាក់ទៅក្រោមបាតសមុទ្រ ។ រីឯមតិខ្លះទៀតនិយាយថា ដោយសារពន្លឺថ្ងៃចាំងទៅលើផ្ទៃទឹកសមុទ្រ ទើបធ្វើឱ្យមនុស្សម្នាឃើញរូបភាពខុសធម្មតា ។ ក្រោយមក នៅឆ្នាំ១៨៦០ ដោយសារភាពមិនច្បាស់លាស់ ទើបកោះនេះត្រូវបានគេលុបចេញពីផែនទីពិភពលោក ។
បើតាមរឿងតំណាលឱ្យដឹងថា នៅលើកោះ Brasil មានហ្វូងទន្សាយពណ៌ស-ខ្មៅ និងមានបុរសចំណាស់ម្នាក់រស់នៅប្រាសាទថ្ម ។ បុរសចំណាស់នេះតែងតែផ្តល់មាសប្រាក់ និងទ្រព្យសម្បត្តិយ៉ាងច្រើនទៅអ្នកណាដែលអាចធ្វើដំណើរមកដល់កោះនេះ ។ ដូច្នេះ ទើបធ្វើឱ្យអ្នកជិះកប៉ាល់តាមសមុទ្រភាគច្រើននាំគ្នាស្វែងរកកោះ ប៉ុន្តែកម្រមានអ្នកណាបានឃើញកោះនេះណាស់ ដោយសារកោះមានអ័ព្ទគ្រប់ពេលវេលា ។
អ្វីគួរឱ្យចាប់អារម្មណ៍បំផុតពាក់ព័ន្ធនឹងទីតាំងរបស់កោះ Brasil គេជឿថា កោះនេះស្ថិតនៅត្រង់ទឹករាក់កណ្តាលសមុទ្រភាគពាយ័ព្យប្រទេសអៀរឡង់ និងនៅក្បែរតំបន់ Porcupine Bank ។ បើតាមភស្តុតាងផ្នែកភូមិសាស្ត្របង្ហាញថា កាលពីមុន កោះនេះធ្លាប់មានផ្ទៃដីធំទូលាយជាងពេលបច្ចុប្បន្ន ។
បើទោះជាពេលវេលាបានកន្លងផុតទៅអស់៧០០ឆ្នាំក្តី ប៉ុន្តែគ្មានអ្នកស្រាវជ្រាវណាម្នាក់អាចបញ្ជាក់ពីប្រវត្តិរបស់កោះនេះច្បាស់លាស់ទេ ហើយវាបានក្លាយជាកោះដែលគេដំណាលបន្តគ្នារហូតមក ដែលមានរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ជាច្រើនកើតឡើងនៅលើកោះ ។ ប៉ុន្តែគេសង្ឃឹមថា នៅថ្ងៃណាមួយ អ្នកជិះកប៉ាល់ និងអ្នកប្រវត្តិសាស្ត្រនឹងអាចរកឃើញកោះមួយនេះ ៕










