លោក ថូមីត ដែលជាពិធីករនៅក្នុងកម្មវិធី The Thomith Show ត្រូវរងមតិរិះគ.ន់ពីសាធារណជនបន្ទាប់ពីអង្គុយគងអន្ទាក់ខ្លាសម្ភាសលោក សុខ ចាន់ផល អ្នកនិពន្ធដ៏ល្បីល្បាញមួយរូបដែលត្រូវចាត់ទុកថាជារៀមច្បងនិងជាចាស់ទុំម្នាក់។ ការរិះគន់នេះដែរជំរុញចិត្តអ្នកនិពន្ធអ្នកស្រី ម៉ីនសន សុធារី បានលើកឡើងថាការអង្គុយគងអន្ទាក់ខ្លារបស់ ថូមីត មិនខុសទាស់អីទេប៉ុន្តែយើងត្រូវមើលលើភាគីគូសន្ទនារបស់យើងដែរបើទម្លាក់ជើងមកវិញកាន់តែល្អ។
ប៉ុន្មានថ្ងៃមកនេះលោក ថូមីត បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមរសើបបញ្ចេញមតិរិះគន់បន្ទាប់ពីបង្ហាញឥរិយាបថគងអន្ទាក់ខ្លាសម្ភាសលោក សុខ ចាន់ផល ដែលអញ្ជើញជាភ្ញៀវកិត្តិយសចូលរួមចែករំលែកនូវចំណេះដឹង ការលើកទឹកចិត្ត ចំណង់ចំណូលចិត្ត បទពិសោធន៍ និងឆន្ទៈហ៊ានដើរតាមក្ដីស្រមៃជាអ្នកនិពន្ធដែលបានចាក់ផ្សាយកាលពីថ្ងៃទី១៧ ឧសភា កន្លងមកនេះ។.png)
ឥរិយាបថរបស់លោក ថូមីត ជាពិធីករសម្របសម្រួលនៅក្នុងកម្មវិធីហើយអង្គុយបែបនេះធ្វើឱ្យមានមតិវែកញែកយ៉ាងច្រើនដោយមតិថា រស់នៅខ្មែរគួរគោរពទៅកាន់ចាស់ទុំជារៀមច្បង មិនអាចអង្គុយខ្វះសុជីវធម៌បែបនេះឡើយមិនមែនរស់នៅអ៊ឺរ៉ុបនោះទេ ខណៈអ្នកខ្លះក៏មានមតិយោបល់ផ្សេងៗជាច្រើនទៀត។
ជាមួយគ្នានេះដែរងាកទៅកាន់អ្នកនិពន្ធមួយរូបគឺអ្នកស្រី ម៉ីសន សុធារី ក៏បានចូលរួមជាមតិយោបល់របស់ខ្លួនដូចគ្នា។
ម្ចាស់ស្នាដៃប្រលោមលោកដ៏ល្បី «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់» បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួននៅថ្ងៃទី២៥ ឧសភា ថា«និយាយមែន មិនខ្វះទេ សហគ្រិនជាច្រើនដែលខ្ញុំជួបសម្ភាស! ភាគច្រើនចូលចិត្តអង្គុយគងអន្ទាក់ខ្លាណាស់ ប៉ុន្តែសមឬមិនសមគឺទស្សនិកជនជាអ្នកសង្កេតខ្លួនឯង។ គំនិតខ្ញុំវិញ វាអាស្រ័យទៅលើទិដ្ឋភាពជាក់ស្ដែង ដូចករណីប្អូន Thomit ខ្ញុំគិតថា អត់ខុសទាស់អីទេ ដែលគាត់អង្គុយបែបហ្នឹងធ្វើបទសម្ភាស ប៉ុន្តែបើសិនជា គូភាគីសន្ទនារបស់គាត់ទម្លាក់ជើងធ្វើចរិតសុភាពរាបសាហើយ មិនថាគាត់ចាស់ឬក្មេងជាង ខ្ញុំគិតថា បើសិនជា ប្អូនទម្លាក់ជើងមកវិញក៏កាន់តែល្អ»។
អ្នកស្រី ម៉ីសន សុធារី បន្ថែមទៀតថា «និយាយជារួម វាមិនមែនជាទោសអីទេនៅក្នុងការអង្គុយគងអន្ទាក់ខ្លាបង្កើននូវទំនុកចិត្ត ស្វែងរកសំណួរធ្វើបទសម្ភាស ប៉ុន្តែយើងត្រូវមើលលើភាគីគូសន្ទនារបស់យើងដែរ»។
គួរបញ្ជាក់ថា កម្មវិធី The Thomith Show ជារឿយៗត្រូវបានទស្សនិកជនមួយចំនួនបញ្ចេញមតិរិះគន់ទៅលើបញ្ហាផ្សេងៗ ប៉ុន្តែក្រឡេកទៅលើភាពវិជ្ជមានវិញកម្មវិធីនេះផ្តល់ជូននូវបទពិសោធន៍ ចំណេះដឹងបន្ថែមទៀតពីភ្ញៀវកិត្តិយសដែលបានចូលរួមច្រើនផ្នែកទាំងសិល្បករ សិល្បការិនី កីឡាករបាល់ទាត់ រួមទាំងវិស័យចុងភៅនិងវិស័យផ្សេងៗជាច្រើនទៀត៕










