បន្ទាប់ពីអ្នកបង្កើតមាតិកា A Dose of Cath បានកាត់វីដេអូស្រង់សម្តីមួយផ្នែករបស់ម្តាយខ្លួនតារាចម្រៀង ម៉ានិត បងប្រុស ម៉ានុត ចេញមកឆ្លើយតបទៅកាន់ A Dose of Cath យ៉ាងវែងអន្លាយប្រកបដោយសម្តីចិត្តត្រជាក់តែមុតស្រួចទៅកាន់អ្នកបង្កើតមាតិការូបនេះ។ ម៉ានិត និយាយដោយក្តីសង្ឃឹមទៅកាន់ A Dose of Cath សម្លឹងមើលឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងបញ្ចេញមតិ និងជូនពរឱ្យនាងមានអ្នកគាំទ្រកាន់តែច្រើន និងអាចស្វែងរកអ្នកដែលស្រលាញ់នាងស្មោះស្ម័គ្រមួយនឹងមួយដូចឪពុកម្ដាយរបស់លោក។
កាលពីយប់ថ្ងៃទី២៤ ឧសភា អ្នកបង្កើតមាតិកា A Dose of Cath បានបង្ហោះវីដេអូជាង៥នាទីដោយដាក់ចំណងជើងថា «គ្រាន់តែស្តាប់ទៅហត់ណាស់ ធ្វើរឿងទាំងអស់នេះដើម្បីចងចិត្តគេ ដើម្បីផ្គាប់ចិត្តគេ»។ វីដេអូដែលរូបនាងយកមកភ្ជាប់យកមកបង្កើតចេញជាមាតិកាមួយនេះត្រូវបានគេដឹងថាជាក្រុមគ្រួសាររបស់តារាចម្រៀង ម៉ុង ម៉ានុត។ វីដេអូមួយនេះបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈ ជា ស្រីនា និងលោក ជា វណ្ណារិទ្ធ ក៏បានចូលទៅបញ្ចញមតិឱ្យគោរពតាមការសម្រេចចិត្តរបស់មនុស្សម្នាក់ៗព្រោះគ្រួសារនីមួយៗរស់នៅមិនដូចគ្នាឡើយ។
ទន្ទឹមនឹងនេះតារាចម្រៀង ម៉ានិត ដែលទើបបង្ហាញខ្លួននៅកម្រាលព្រំក្រហមមហោស្រពភាពយន្តកានបានចូលទៅឆ្លើយតបនៅក្នុងវីដេអូនោះដោយសម្តីយ៉ាងត្រជាក់ទៅកាន់ A Dose of Cath ប៉ុន្តែដោយភាពមុតស្រួច ខណៈបានទម្លាយពីជីវិតម្តាយរបស់ខ្លួនមានជំងឺប៊ិះស្លាប់ថែមទៀត។
ម៉ានិត បានចូលទៅខម្មិនលើវីដេអូរបស់ A Dose of Cath ថា «សួស្ដី Cath ខ្ញុំឈ្មោះម៉ានិត ហើយស្ត្រីនៅក្នុងវីដេអូដែលcathស្ដាប់គាត់ទៅមានអារម្មណ៍ហត់នេះជាម្ដាយរបស់ខ្ញុំ។ មាតិកាដែលអ្នកបង្កើតពិតជាល្អណាស់ ដែលភាគច្រើននិយាយពីសមភាពយេនឌ័រ និងឯករាជ្យភាពក្នុងភាពជាស្ត្រី ឬមាតិកាអំពីសុខភាពផ្លូវភេទដែលប្រជាជនខ្មែរគួរដឹង។ ខ្ញុំដឹងច្បាស់ថាខេតមិនបានមើលវីដេអូសម្ភាសម្ដាយឪពុកខ្ញុំដល់ចប់ឡើយ បើតាមស្ដាប់ការរៀបរាប់របស់អ្នក»។ 
តារាចម្រៀងនិងជាអ្នកនិពន្ធរូបនេះ បានបន្ថែមថា «ម្ដាយរបស់ខ្ញុំបាននិយាយអំពីវិធីចងចិត្តប្ដី ដោយមើលថែផ្ទះសម្បែង ឬម្ហូបអាហារជាដើម។ បើស្ដាប់តែមួយកំណាត់ ពិតជាមើលទៅដូចជាស្ត្រីមួយរូបនេះមិនធ្វើអ្វីសម្រាប់ខ្លួនឯងសោះ ខ្លាចប្ដីក្បត់មានស្រី ទើបប្រឹងធ្វើគ្រប់យ៉ាងដើម្បីបុរស ដូចដែលអ្នកបានរៀបរាប់ក្នុងវីដេអូខាងលើ។ ម្ដាយរបស់ខ្ញុំជាស្ត្រីដែលឆ្លងកាត់ជំងឺគ្រុនឈាមប៊ិះស្លាប់ម្ដង ការវះកាត់ពីរដងដោយសារជំងឺមហារីកស្បូន និងមហារីកសុដន់។ គាត់បានកាត់ស្បូន និងដោះមួយចំហៀងចោល។ ភាពជាស្ត្រីភាពរបស់គាត់គឺនៅសល់តែដោះមួយចំហៀង និងក្ដីស្រលាញ់ដ៏ធំធេងចំពោះស្វាមី និងកូនៗ៣នាក់។ ក្ដីស្នេហារបស់ពួកគាត់គឺសាមសិបឆ្នាំហើយ ដែលនេះជាហេតុផលដែលគេអញ្ជើញពួកគាត់ទៅស្វែងយល់ពីជីវិតអាពាហ៍ពិពាហ៍ជីវិតគូជោគជ័យរបសពួកគាត់ ទាំងដែលម្ដាយខ្ញុំនៅសល់តែសុដន់មួយចំហៀងជិត១០ឆ្នាំក្រោយនេះ។ នេះជាអ្វីដែលម្ដាយខ្ញុំសំដៅលើ ទោះបីជាគាត់ឈឺធ្ងន់ឈឺច្រើន គ្មានភាពជាស្ត្រីពេញលក្ខណៈដើម្បីបំពេញចិត្តប្ដី តែឪពុកខ្ញុំមិនដែលក្បត់ម្ដាយខ្ញុំសូម្បីម្ដង។ ព្រោះក្ដីស្រលាញ់ពិតមិនឋិតនៅលើក្ដីសុខផ្លូវភេទតែមួយមុខនោះទេ។ លើសពីនេះ ក្ដីស្រលាញ់ជាការផ្ដល់ឱ្យដោយមិនចង់បានអ្វីត្រលប់ទៅវិញ it must be earn ឯជីវិតគូគឺជាជីវិតដែលមិនអាត្មានិយម។ ភាពអាត្មានិយមក្នុងជីវិតគូ គឺឆ្ពោះទៅការចែកផ្លូវ លែងលះ និងនាំបញ្ហាដល់កូនៗ។ ការលះបង់គ្រប់យ៉ាងរបស់ម្ដាយខ្ញុំចំពោះឪពុកខ្ញុំ គឺការលះបង់ដោយភាពពេញចិត្ត ឯឪពុកខ្ញុំក៏បានលះបង់ជាច្រើនសម្រាប់គ្រួសារ និងជួយភរិយាពេញដៃពេញជើងរៀងរាល់ចុងសប្ដាហ៍នៅហាង និងមើលថែថ្នាំសង្កូវ ឈឺថ្កាត់រត់ឆ្លងប្រទេសសឹងមួយជីវិតទៅហើយ។ លទ្ធផលដែលទទួលបាន គឺជីវិតគូចិត្តស្មោះមួយនិងមួយ កូនៗធំឡើងប្រកបដោយសុខភាពកាយ និងចិត្តពេញលេញបរិបូរណ៍ នាំកិត្តិយសដល់គ្រួសារ ខ្លួនឯង និងប្រទេសជាតិ។ គ្មានអ្វីដែលបានល្អ ដោយគ្មានការលះបង់ឡើយ»។
ម្ចាស់បទ«មិត្តចេះប្រច័ណ្ឌ»រូបនេះលើកឡើងទៀតថា «ការគិតពីខ្លួនឯងតែម្យ៉ាង គឺមានផលល្អសម្រាប់តែខ្លួនឯង តែជីវិតយើងមិនអាចរស់នៅម្នាក់ឯងឡើយ។ នេះហើយទើបគេបង្រៀនឱ្យយើងចេះស្រលាញ់ គោរព ស្មោះត្រង់ចំពោះមនុស្សនៅជុំវិញខ្លួន មិនតែគូស្វាមីភរិយាប៉ុណ្ណោះទេ។ ការប្រឹងប្រែងរបស់ឪពុកម្ដាយខ្ញុំកន្លងមក ដើម្បីគ្រួសារបានផលហើយរាល់ថ្ងៃនេះ ម្ដាយខ្ញុំមានពេលសម្រាកគ្រប់គ្រាន់ សប្បាយចិត្ត កូនៗរឹងមាំ មានរបរនឹងនរស្របច្បាប់ និងអាចដើរលេងជុំវិញពិភពលោកដោយងាយ។ នេះគឺដោយសារតែការដាក់ទុនលះបង់កន្លងមក មើលថែផ្ទះ មើលថែកូន ធ្វើការរកលុយ អាហារល្អៗ បរិស្ថានរស់នៅល្អសម្រាប់សុខភាពគ្រួសារ ដោយរួមចំណែកពីឪពុករបស់ខ្ញុំគ្រប់ភារកិច្ច។ Everything must be earn»។.jpg)
ម៉ានិត បានបន្ថែមចុងក្រោយដោយសំណេរមុតស្រួចថា «ខ្ញុំសង្ឃឹមថាអ្នកបង្កើតមាតិកាមានឥទ្ធិពលដូចខេត នឹងសម្លឹងមើលឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងបញ្ចេញមតិ ព្រោះខ្ញុំជឿថាមនុស្សឆ្លាតដូចជាខេត ពិតជាចង់បញ្ជៀតគំនិតវិជ្ជមានដល់អ្នកមើលមាតិការបស់អ្នក។ ខ្ញុំជូនពរខេតឱ្យមានអ្នកគាំទ្រកាន់តែច្រើន និងអាចស្វែងរកអ្នកដែលស្រលាញ់ខេតស្មោះស្ម័គ្រមួយនិងមួយដូចឪពុកម្ដាយខ្ញុំ»៕










