បន្ទាប់ពីមានឱកាសដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តកានលើកដំបូងក្នុងឆាកជីវិត តារាសម្តែង មាន សូនីតា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនក្នុងស្រុក រួមទាំងបណ្តាញសារព័ត៌មានបរទេសថែមទៀត។ អ្វីដែលកាន់តែចាប់អារម្មណ៍ មាន សូនីតា បានក្លាយជាសិល្បករិនីដំបូងត្រូវបានគេហទំព័រដ៏ល្បីល្បាញគឺ រ៉យទ័រ (Reuters) បានចុះផ្សាយពីនាងនៅលេខរៀងទី១២ ក្នុងចំណោម១០៣ ជាមួយសិល្បករ សិល្បការិនីដទៃទៀតដែលចូលរួមព្រឹត្តិការណ៍នេះ។
នៅថ្ងៃទី១ ការដើរលើកម្រាលព្រំក្រហមរបស់ខ្លួន មាន សូនីតា បានរំលេចខ្លួនយ៉ាងស្រស់ស្អាតជាមួយឈុត ក្រមាខ្មែរអមព័ន្ធដោយអក្សរយ័ន្ត រំលេចឌិនដាមតាមរចនាបថបុរាណ ទំនើប។ មួកក្រមា កែច្នៃតាមមួកស្លឹកត្នោត។ រចនាបថ និងការច្នៃម៉ូតទៅលើរ៉ូបនិងមួករបស់នាងគឺឈរលើគោលការណ៍«អភិវឌ្ឍន៍ដើម្បីអភិរក្ស»។
មួយឈុតនេះរបស់ រាជិនីក្រមា បានទាក់ទាញអារម្មណ៍យ៉ាងខ្លាំងពីបណ្តាញសារព័ត៌មានធំៗ ដូចជា dailymail.co.uk និងកាសែតបារាំង nicematin បានចុះផ្សាយពី មាន សូនីតា ផងដែរ ខណៈតារាសម្តែងរូបនេះទើបតែបង្ហាញថា សារព័ត៌មានល្បី រ៉យទ័រ ក៏បានចុះផ្សាយដូចគ្នា។
អ្វីដែលកាន់តែចាប់អារម្មណ៍ គ្រាន់តែចូលទៅគេហទំព័រដែលនិយាយពី Style fashion លើកម្រាលព្រំក្រហមគឺលោតឱ្យឃើញរូប មាន សូនីតា ក្នុងឈុតក្រមាមុនគេតែម្តង ខណៈតារាសម្តែងកម្ពុជារូបនេះស្ថិតនៅលេខរៀងទី១២ នៃការចុះផ្សាយក្នុងចំណោម១០៣រូបភាពពីសិល្បករ សិល្បការិនី ដែលបានចូលរួម។
តាមការកត់សម្គាល់ នេះបានន័យថា តារាសម្តែង មាន សូនីតា បានក្លាយជាសិល្បការិនីកម្ពុជាដំបូងគេដែលមានមុខនៅលើគេហទំព័រដ៏ល្បីល្បាញជុំវិញពិភពលោកនេះ។
គួរបញ្ជាក់ថា នៅថ្ងៃទី២ នៃការដើរលើកម្រាលព្រំមហោស្រពភាពយន្តកានលើកទី៧៧ មាន សូនីតា បង្ហាញខ្លួនក្នុងឈុត «ផ្កាចន្ទន៍អង្គរ នារីកម្ពុជា»ប្រៀបដូចអប្សរពត់ពេនយ៉ាងប្រណីត រំលេចជាមួយផ្កាចន្ទន៍ពណ៌មាសលើដងខ្លួនដោយមានជំហរឈរខ្ពស់យ៉ាងមុតមាំពោរពេញដោយសម្រស់ពីធម្មជាតិមកច្នៃចេញជាសិល្បៈ ក្នុងទម្រង់ខ្មែរបែបសម័យទំនើប៕