ប្រទេសជប៉ុន ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា SoftBank គឺជាក្រុមហ៊ុនធ្វើការផែ្នកទូរគមនាគមន៍ និងការទំនាក់ទំនងនៅប្រទេសជប៉ុនមានគំនិតថ្មីមួយ គឺការប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់ជួយដល់បុគ្គលិកធ្វើការផ្នែក Call Center កុំឱ្យមានបញ្ហាពាក្យសម្តីជាមួយអតិថិជន ក្នុងអំឡុងពេលពួកគេទទួលទូរស័ព្ទរបស់អតិថិជន ។
នៅពេលមានបញ្ហា អតិថិជនភាគច្រើនបានទូរស័ព្ទមកជជែកជាមួយ Call Center ដោយអារម្មណ៍ខឹងសម្បារ ឬប្រើសំឡេងខ្លាំងៗ ។ ហេតុនេះ ធ្វើឱ្យបុគ្គលិក Call Center របស់ក្រុមហ៊ុនមានអារម្មណ៍មិនសប្បាយចិត្ត ឬតានតឹងផ្លូវចិត្ត ហើយពួកគេពុំអាចដោះស្រាយបញ្ហារបស់អតិថិជនអស់ពីលទ្ធភាពទេ ។
ចំណែកវិធីដោះស្រាយបញ្ហា គឺក្រុមហ៊ុនខាងលើបានបង្កើតកម្មវិធីមួយដែលប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីផ្លាស់ប្តូរសំឡេងរបស់អតិថិជនឱ្យទន់ភ្លន់ជាងមុនដោយស្វ័យប្រវត្តិ ។ គោលដៅរបស់ក្រុមហ៊ុន គឺដើម្បីរក្សាទំនាក់ទំនងល្អជាមួយអតិថិជន តាមរយៈការជជែកតាមទូរស័ព្ទ និងគិតពីផ្លូវចិត្តរបស់បុគ្គលិកផងដែរ ។.webp)
ក្រុមហ៊ុន SoftBank បានដាក់គោលដៅថា នៅឆ្នាំ២០២៥ ក្រុមហ៊ុននឹងចាប់ផ្តើមសាកល្បងប្រព័ន្ធសំឡេង AI ជាផ្លូវការជាមួយភ្នាក់ងារផ្តល់សេវាកម្មទូរគមនាគមន៍ដ៏ធំលំដាប់ទី៣ នៅប្រទេសជប៉ុន ព្រមទាំងប្រមូលប្រាក់ពីសេវាកម្មនេះ នៅចុងខែមីនា ឆ្នាំ២០២៦ ។
បើទោះជាប្រទេសជប៉ុនឱ្យតម្លៃលើការផ្តល់សេវាកម្មល្អដល់អតិថិជនក្តី ប៉ុន្តែបញ្ហាការគំរាមកំហែងបុគ្គលិកនៅតែកើតឡើងជាបន្តបន្ទាប់ ដូចជា ៖ ការគំរាមជាពាក្យសម្តី ទើបធ្វើឱ្យរដ្ឋាភិបាលប្រញាប់បង្កើតច្បាប់ដើម្បីការពារបុគ្គលិកធ្វើការនៅតាមស្ថាប័ន ៕










