នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់វិធានការ និងបង្ក្រាបលើបញ្ហាក្មេងទំនើងតាមទីកម្សាន្តសប្បាយភាព និងទីសាធារណៈ ដែលវិធានការនេះ ត្រូវបានដាក់ទៅដល់អធិការដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា៖” ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់ចេញបទបញ្ជាជាបន្ទាន់ដល់អធិការខណ្ឌទាំង១៤ ដោយរៀបចំកម្លាំងធ្វើការចុះតាមដាន និងត្រួតពិនិត្យទ្វេដង ក្នុងភូមិសាស្ត្ររបស់ខ្លួន”។
លោកស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវ និងស្នើឱ្យមានកិច្ចសហការរួមគ្នាជាមួយនគរបាល ក៏ដូចជាតាមបណ្តាគណៈគ្រប់គ្រងសាលារៀន និងអាណាព្យាបាលរបស់យុវជនទាំងអស់ ចូលរួមអប់រំ និងបញ្ជៀបការយល់ដឹងអំពីការលុបបំបាត់បញ្ហាក្មេងទំនើង តាមរយៈយុទ្ធនាការអប់រំដល់សិស្សានុសិស្ស។
ការចេញវិធានការក្តៅនេះ ស្របទៅតាមបទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានគូសបញ្ជាក់ថា៖”ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាទៅអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជាមួយនឹងសមត្ថកិច្ច ពាក់ព័ន្ធត្រូវរឹតបណ្តឹង និងវិធាន ការណ៍ឱ្យម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ពិសេសក្រុមដាវសាំម៉ូរ៉ៃ បានកាប់គ្នាប៉ុន្មានថ្ងៃនេះនៅភ្នំពេញ”៕










