Flying Dutchman គឺជាកប៉ាល់ខ្មោច ឬកប៉ាល់បិសាច ដែលត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយនៅលើពិភពលោក ។ គេបាននិយាយពីកប៉ាល់នេះជាលើកដំបូង កាលពីចុងឆ្នាំ១៧០០ ក្នុងសៀវភៅមួយឈ្មោះ Voyage និងទទួលបានការគាំទ្រយ៉ាងច្រើននាសម័យនោះ ហើយចាប់ពីពេលនោះមក រឿងរ៉ាវរបស់កប៉ាល់ខ្មោច ក៏បានផ្សព្វផ្សាយពាសពេញពិភពលោក ។
គេជឿថា កប៉ាល់ខ្មោច «Flying Dutchman» គឺជាកប៉ាល់មួយដែលបើកទៅមកនៅលើផ្ទៃទឹកគ្មានថ្ងៃបញ្ចប់ ឬបើករហូតដល់ពិភពលោករលាយ ។ កប៉ាល់ខ្មោចនឹងបង្ហាញឱ្យមនុស្សម្នាបានឃើញជាញឹកញាប់នៅតំបន់ Cape of Good Hope ។ អ្នកបានឃើញកប៉ាល់នេះនិយាយថា នឹងមានពន្លឺភ្លើងគួរឱ្យខ្មោចចេញពីកប៉ាល់ ហើយនៅលើកប៉ាល់មានអ្នកបើកកប៉ាល់ម្នាក់ស្លៀកពាក់បុរាណនៅឈរបញ្ជាកប៉ាល់ ព្រមទាំងស្រែកខ្លាំងៗគួរឱ្យព្រឺសម្បុរ ។
ចំណែករឿងតំណាលរបស់កប៉ាល់ដ៏អាថ៌កំបាំងនេះ គឺកាលពីសតវត្សរ៍ទី១៧ កប៉ាល់ Flying Dutchman ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឈ្មោះ Dutch East India ។ កប៉ាល់នេះបានដឹកទំនិញផ្សេងៗ និងមានអ្នកបើកកប៉ាល់ឈ្មោះ Van Der Decken ដែលគេប្រាប់ថា លោកជាមនុស្សមានចិត្តឃោរឃៅ និងមិនគោរពសាសនា ឬគោរពទេវតាណាទាំងអស់ ។
នៅឆ្នាំ១៦៨០ លោក Van Der Decken បានបើកកប៉ាល់ Flying Dutchman ព្រមទាំងកម្មករមួយចំនួនទៀតដែលធ្វើការក្នុងកប៉ាល់ ធ្វើដំណើរសំដៅទៅទិសខាងកើត ប៉ុន្តែក្នុងអំឡុងពេលលោកកំពុងបើកកប៉ាល់ត្រឡប់ទៅប្រទេសហូឡង់ ស្រាប់តែមានខ្យល់ព្យុះបោកបក់យ៉ាងខ្លាំង ។
ហេតុនេះ លោក Van Der Decken បានព្យាយាមបើកកប៉ាល់តស៊ូជាមួយខ្យល់ព្យុះដ៏ខ្លាំងក្លានេះអស់រយៈពេលជាច្រើនម៉ោង រហូតដល់ខ្យល់ព្យុះបានបក់កប៉ាល់របស់លោកចេញពីខ្សែទឹក ។ បន្ទាប់មក កប៉ាល់នេះក៏ជ្រុលទៅបុកដុំថ្ម ទើបធ្វើឱ្យលោក Van Der Decken ជាអ្នកបើកកប៉ាល់ និងកម្មកររួមដំណើរទាំងអស់ធ្លាក់ក្នុងមហាសមុទ្រ និងស្លាប់ទាំងអស់ ។
គេជឿថា ខ្យល់ព្យុះនេះគឺបណ្តាលមកពីទេវតាដាក់ទោសលោក Van Der Decken ព្រោះតែលោកមិនគោរពសាសនា និងគ្មានចិត្តមេត្តា ។ ក្នុងអំឡុងពេលលោកកំពុងតស៊ូជាមួយខ្យល់ព្យុះនោះ លោកបានស្រែកខ្លាំងៗថា ៖ «I will round this Cape even if I have to keep sailing until doomsday!» មានន័យថា ៖ «ខ្ញុំនឹងវឹលវល់នៅបរិវេណនេះ រហូតដល់ពិភពលោករលាយ» ។
បើទោះជាបច្ចុប្បន្ន ពេលវេលាបានកន្លងផុតទៅអស់ជាង៣០០ឆ្នាំក៏ដោយ ក៏រឿងរ៉ាវរបស់កប៉ាល់ខ្មោច «Flying Dutchman» ត្រូវបានគេលើកយកមកនិយាយបន្តគ្នា និងយកទៅផលិតជាខ្សែភាពយន្ត ៕










