ប្រទេសយេម៉ែន ៖ នៅលើពិភពលោកនេះមានទីកន្លែងស្រស់ស្អាតដូចឋានសួគ៌ និងអាថ៌កំបាំងជាច្រើនដែលមនុស្សទូទៅពុំសូវស្គាល់ ហើយ Socotra គឺជាកោះមួយដែលមានទេសភាពស្រស់ស្អាតប្លែកភ្នែក និងមានដើមឈើរូបរាងចម្លែកៗដូចក្នុងខ្សែភាពយន្ត ។ នៅពេលភ្ញៀវទេសចរបានដល់ទីនេះហើយ ពួកគេតែងតែមានអារម្មណ៍ថា បានទម្លុះទ្វារឆ្លងភពទៅរកអតីតកាល កាលពីរាប់លានឆ្នាំមុន ។
ទេសភាព និងបរិយាកាសនៅលើកោះ Socotra ធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ថា ពួកគេបានមកដល់ទឹកដីក្នុងសម័យកាលបុរាណ ដែលមានសត្វដាយណូស័ររស់នៅ ។ កោះនេះស្ថិតនៅក្នុងប្រទេសយេម៉ែន ហើយចំណុចទាក់ទាញបំផុតរបស់កោះ គឺនៅលើកោះមានរុក្ខជាតិកម្ររហូតដល់ជាង៨០០ប្រភេទ ដោយរុក្ខជាតិខ្លះបានដុះនៅលើកោះនេះតែមួយប៉ុណ្ណោះ ។
រុក្ខជាតិភាគច្រើននៅលើកោះ គឺសុទ្ធតែមានរូបរាងចម្លែកៗ ដែលគេពុំធ្លាប់បានឃើញពីមុនមក ។ អ្នកជំនាញនិយាយថា រុក្ខជាតិមួយចំនួនបានដុះនៅលើផែនដីអស់រយៈពេលជាង២០លានឆ្នាំហើយ ។ រីឯរុក្ខជាតិមានរូបរាងប្លែកបំផុតនៅលើកោះ Socotra គឺដើមឈាមនាគ (Dragon Blood Tree) ហើយដើមនេះបានដុះពាសពេញកោះទាំងអស់ ។
ចំណុចទាក់ទាញរបស់ដើមឈាមនាគ គឺដើម និងស្លឹករបស់វាមានរូបរាងដូចដើមឈើនៅសម័យបុរាណ ឬដើមឈើក្នុងខ្សែភាពយន្ត ។ រីឯមូលហេតុធ្វើឱ្យដើមឈាមនាគមានឈ្មោះបែបនេះ គឺជ័រចេញពីដើមឈើមានពណ៌ក្រហមដូចឈាម ។
បច្ចុប្បន្ន កោះ Socotra នៅប្រទេសយេម៉ែន ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក និងបើកទទួលភ្ញៀវទេសចរដែលចាប់អារម្មណ៍រុក្ខជាតិប្លែកៗមកកម្សាន្តផងដែរ ។ ដូច្នេះ បើអ្នកណាចង់ត្រឡប់ទៅកាន់អតីតកាល កាលពីសម័យរាប់លានឆ្នាំមុន ឬចង់ដើរកម្សាន្តក្នុងតំបន់មួយស្អាតដូចផ្ទាំងគំនូរ ឬខ្សែភាពយន្តនោះ កុំភ្លេចមកលេងកោះនេះ ៕










