កូរ៉េខាងត្បូង៖ បន្ទាប់ពី Aespa បានចេញបទចម្រៀងថ្មីដែលមានចំណងជើងថា “Supernova” កាលពីថ្ងៃទី១៣ ខែឧសភាកន្លងទៅ បានធ្វើឱ្យអ្នកគាំទ្រជុំវិញពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំងនៅ MV ដ៏អស្ចារ្យប្លែករបស់ពួកគេ ខណៈបទចម្រៀងនេះទើបតែចេញបានមួយសប្តាហ៍ប៉ុណ្ណោះគឺមានការជោគជ័យខ្លាំង រហូតនាំក្រុមទទួលបានតំណែងកំពូល RAK (Realtime all-kill) នៅលើតារាងតន្ត្រីកូរ៉េទៀតផង។ 
នេះបង្ហាញថាប្រជាប្រិយភាពរបស់ aespa ក្នុងរយៈពេលថ្មីៗនេះបានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈពេលដែលបទចម្រៀងនេះមានរសនិយម ស័ក្តសមស្តាប់គ្រប់វ័យ ធ្វើឱ្យមនុស្សជាច្រើនជក់ចិត្តនឹងបទនេះ ស្តាប់ហើយមានអារម្មណ៍រីករាយនិងមានថាមពល។ ជាពិសេសនៅពេល “Supernova” ចេញមកភ្លាម គ្រប់គ្នាពិតជាភ្ញាក់ផ្អើលសម្រាប់អ្វីគ្រប់យ៉ាងដែលដាក់បញ្ចូលក្នុងបទនេះ មិនថាអ្នកគាំទ្រទូទៅទេ សូម្បី NASA ក៏ទប់ចិត្តមិនបានដែរ។ 
ជាក់ស្ដែងកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៤ គណនី Twitter របស់ NASA Webb Telescope បានបង្ហោះរូបភាព Cassiopeia A ដែលជាកំទេចសំណល់របស់ Supernova ស្ថិតនៅក្នុងក្រុមតារានិករ Cassiopeia ដែល supernova នោះបានកើតឡើងប្រហែល ១១,០០០ ឆ្នាំមកហើយ។ រួមជាមួយនឹងរូបភាពដែលបានបង្ហោះនោះ និងមានការពន្យល់ខ្លីៗពីលើ ដោយគណនី NASA ក៏បានបន្ថែម Caption ថា”Su-su-su-su-su-supernova” ដែលជាឃ្លាចេញពីបទចម្រៀងរបស់ aespa ដែលធ្វើឱ្យ Tweet រីករាលដាលយ៉ាងឆាប់រហ័សជាមួយនឹងការទស្សនាជិត ៥ លានដង និង ២៥,០០០ Tweet។
គួរបញ្ជាក់ដែរថា “Supernova” គឺជាបទចម្រៀងថ្មីស្ថិតក្នុងអាល់ប៊ុមធំ “Armageddon” ដែលត្រៀមនឹងចេញបទចម្រៀងបន្តបន្ទាប់នៅថ្ងៃទី ២៧ ខែឧសភាខាងមុខនេះ។ Aespa គឺក្រុមចម្រៀងស្រីដ៏មានឥទ្ធិពលបំផុតនាពេលបច្ចុប្បន្ននេះដែលសព្វថ្ងៃស្ថិតនៅក្នុងផលិតកម្ម SM ជាមួយសមាជិក ៤ នាក់៕










