យោងតាមការស្រាវជ្រាវថ្មីមួយបញ្ជាក់ថា ការស្តាប់ចម្រៀង ឬការលេងតន្ត្រីពេញមួយជីវិតមានទំនាក់ទំនងល្អជាមួយសុខភាពខួរក្បាល ជាពិសេស នៅពេលមានវ័យកាន់តែចាស់ ។ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Exeter ក្នុងទីក្រុង Exeter ប្រទេសអង់គ្លេស បានស្រាវជ្រាវតាមអនឡាញលើក្រុមមនុស្សអាយុចាប់ពី៤០ឆ្នាំឡើងទៅ គឺឱ្យពួកគេឆ្លើយសំណួរពីការលេងតន្ត្រី ឬការច្រៀងចម្រៀង ដើម្បីរកចម្លើយថា តើសកម្មភាពពាក់ព័ន្ធនឹងសំឡេងភ្លេងបានប៉ះពាល់ដល់សុខភាពខួរក្បាលយ៉ាងណាខ្លះ?
ការស្រាវជ្រាវនេះមានឈ្មោះថា «Protect» ដែលមានអ្នកចូលរួមស្មើជាង២៥.០០០នាក់ ។ អ្នកស្រាវជ្រាវបានចំណាយពេលរហូតដល់ជាង១០ឆ្នាំ ដើម្បីស្រាវជ្រាវអំពីការលេងតន្ត្រីពេញមួយជីវិត ព្រមទាំងធ្វើតេស្តខួរក្បាលអ្នកចូលរួមផងដែរ ។
រីឯលទ្ធផលការស្រាវជ្រាវបង្ហាញថា ការលេងតន្ត្រី ជាពិសេស ព្យ៉ាណូ គឺធ្វើឱ្យប្រព័ន្ធចងចាំល្អប្រសើរ ហើយវាពាក់ព័ន្ធនឹងសមត្ថភាពដោះស្រាយបញ្ហាលំបាកៗផងដែរ ដែលជាជំនាញសំខាន់សម្រាប់ភាពជោគជ័យក្នុងការសិក្សា, ការធ្វើការ, ការធ្វើការជាក្រុម, ភាពច្នៃប្រឌិត និងការដោះស្រាយបញ្ហាទាំងអស់ពេញមួយជីវិត ។ ក្រៅពីនេះ ការច្រៀងចម្រៀងក៏អាចជួយឱ្យសុខភាពខួរក្បាលល្អផងដែរ ។
Anne Corbett ជាសាស្ត្រាចារ្យផ្នែកស្រាវជ្រាវខួរក្បាលនៅសាកលវិទ្យាល័យ Exeter និយាយថា ការស្រាវជ្រាវមួយចំនួនបានស្រាវជ្រាវពីផលប្រយោជន៍របស់តន្ត្រីចំពោះសុខភាពខួរក្បាល ប៉ុន្តែការស្រាវជ្រាវ «Protect» បានបើកឱកាសឱ្យអ្នកស្រាវជ្រាវសិក្សាពីទំនាក់ទំនងរវាងប្រសិទ្ធភាពខួរក្បាល និងតន្ត្រីក្នុងក្រុមមនុស្សចាស់ ។ យើងគិតថា ការលេងតន្ត្រី ឬការច្រៀងចម្រៀង គឺជាវិធីមួយជួយដល់ដំណើរការខួរក្បាល, ជួយបង្កើនភាពបត់បែនរបស់ខួរក្បាល និងជួយពន្យារពេលខូចខួរក្បាល ។
សាស្ត្រាចារ្យ Anne Corbett និយាយថា ៖ «បើទោះជាត្រូវស្រាវជ្រាវបន្ថែមទៀតក្តី ប៉ុន្តែលទ្ធផលការស្រាវជ្រាវរបស់យើងបង្ហាញថា ការជំរុញឱ្យសិក្សាផ្នែកតន្ត្រីនឹងក្លាយជាផ្នែកដ៏សំខាន់ ដើម្បីធ្វើឱ្យសុខភាពខួរក្បាលដំណើរការល្អ ។ យើងគួរតែលើកទឹកចិត្តឱ្យមនុស្សចាស់លេងតន្ត្រីឡើងវិញ ពីព្រោះតន្ត្រីមានប្រយោជន៍សម្រាប់អ្នកជំងឺខួរក្បាល» ។
លោក Stewart Douglas ជាអ្នកលេងតន្ត្រីមានវ័យ៧៨ឆ្នាំ និយាយថា លោកបានរៀនលេងតន្ត្រីតាំងពីនៅក្មេងមកម៉្លេះ ។ លោកបានហ្វឹកហាត់លេងតន្ត្រីរហូតមក ហើយបើទោះជាមានការងារធ្វើក្តី ក៏លោកពុំបោះបង់តន្ត្រីដែរ ។ លោកនិយាយថា ៖ «ពេលមកចូលរួមជាមួយក្រុមតន្ត្រី និងទៅលេងតន្ត្រីនៅតាមទីកន្លែងផ្សេងៗ វាធ្វើឱ្យខ្ញុំមើលឃើញថា តន្ត្រីមានថាមពលខ្លាំងសម្រាប់អ្នកបាត់បង់ការចងចាំ ។ តន្ត្រីករអាយុច្រើនដូចខ្ញុំ គឺខ្ញុំយល់ថា ការលេងតន្ត្រីពិតជាមានចំណែកសំខាន់ជួយឱ្យខួរក្បាលរឹងមាំ» ៕










