ប្រទេសប៉េរូ ៖ Puerto Malabrigo គឺជាទីក្រុងឆ្នេរសមុទ្រតូចមួយស្ថិតនៅទិសពាយ័ព្យប្រទេសប៉េរូ ហើយអ្នកជិះស្គីភាគច្រើនបានស្គាល់ថា សមុទ្រក្នុងទីក្រុង Puerto Malabrigo មានទឹករលកវែង និងសម្បូរបែបបំផុតលើពិភពលោក ។ ទឹករលកក្នុងទីក្រុងនេះមានប្រវែងជាង២គីឡូម៉ែត្រ ហើយពេលខ្លះ វាមានប្រវែងរហូតដល់៣គីឡូម៉ែត្រឯណោះ គឺចាប់ពីឆ្នេរមួយទៅកាន់កំពង់ផែចាស់នៅឆ្នេរមួយទៀត ។
ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងមានទឹករលកវែងជាងគេបំផុតនៅលើពិភពលោកនេះ ត្រូវបានប្រទះឃើញជាលើកដំបូងកាលពីឆ្នាំ១៩៦៥ ដោយអ្នកជិះស្គីម្នាក់ឈ្មោះ លោក Chuck Shipman ជនជាតិអាមេរិករស់នៅរដ្ឋហាវ៉ៃ ក្នុងអំឡុងពេលលោកជិះយន្តហោះត្រឡប់មកពីចូលរួមប្រកួត World Surfing Championship នៅទីក្រុងលីម៉ា ប្រទេសប៉េរូ ។
ក្នុងអំឡុងពេលជិះយន្តហោះ លោក Chuck Shipman បានមើលឃើញទឹករលកវែងបំផុតតាមបង្អួចយន្តហោះ ហើយវាធ្វើឱ្យលោករំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ លោកបានចំណាយពេលវេលាអស់២ឆ្នាំ ដើម្បីស្រាវជ្រាវទិន្នន័យពីអ្នកជិះស្គីជនជាតិប៉េរូ ដែលលោកស្គាល់ ពីព្រោះលោកចង់ដឹងថា តើឆ្នេរសមុទ្រមួយនេះស្ថិតនៅកន្លែងណា ។ ចុងក្រោយ លោកក៏បានស្គាល់ពីទីតាំងរបស់ឆ្នេរដ៏ស្រស់ស្អាត និងមានទឹករលកវែងបំផុតនេះ ។
តំបន់មានទឹករលកសមុទ្រវែងបំផុតនេះ ឈ្មោះថា «EI Hombre» ហើយគេអាចជិះស្គីទៅដល់ឆ្នេរមួយទៀតនៅលើទឹករលកមួយខ្សែ គឺជាមធ្យម គេអាចជិះស្គីនៅលើទឹករលក ចាប់ពី៣នាទី រហូតដល់៥នាទី ។
កាលពីដើមឆ្នាំ២០២៤ ទឹករលកវែងបំផុតនេះបានទទួលការអភិរក្សជាលើកដំបូង នៅពេលរដ្ឋាភិបាលប្រទេសប៉េរូ (ជាប្រទេសស្ថិតនៅអាមេរិកខាងត្បូង) បានហាមឃាត់ការសាងសង់ផ្សេងៗនៅក្បែរឆ្នេរសមុទ្រ ដោយសារខ្លាចប៉ះពាល់ដល់ទឹករលកនៅតាមឆ្នេរ ។
ក្រៅពីនេះ រដ្ឋាភិបាលបានរៀបចំគម្រោងការពារឆ្នេរខ្សាច់ចំនួន៥កន្លែងទៀត ដោយកំណត់គោលដៅថា នឹងការពារទឹករលកនៅឆ្នេរសមុទ្រ សរុប១៣០កន្លែងនៅប្រទេសប៉េរូ ដើម្បីឱ្យអ្នកជិះស្គីពេញចិត្តឆ្នេរសមុទ្រនៅប្រទេសប៉េរូ ៕










