សហរដ្ឋអាមេរិក ៖ ជញ្ជាំងឥដ្ឋមួយកន្លែងពោរពេញទៅដោយស្ករកៅស៊ូជាង១លានដុំ បានក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយនៅអាមេរិក និងមានភ្ញៀវទេសចរគ្រប់ជាតិសាសន៍មកកម្សាន្តនៅទីនេះជាហូរហែ ។ ទន្ទឹមនឹងនេះ ជញ្ជាំងស្ករកៅស៊ូក៏ត្រូវបានគេចាត់ទុកថា គឺជាទីកន្លែងកខ្វ.ក់ បំផុតនៅលើពិភពលោកផងដែរ ។

កាលពីមុន ជញ្ជាំងមួយកន្លែងនេះគ្រាន់តែជាជញ្ជាំងឥដ្ឋធម្មតារបស់រោងភាពយន្តមួយឈ្មោះ «Seattle Theatresports» មានទីតាំងស្ថិតក្នុងផ្សារ Pike Place Market ក្នុងទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។ រីឯអ្នកចង់ទស្សនាភាពយន្តក្នុងរោង ពួកគេត្រូវមកតម្រង់ជួរនៅក្បែរជញ្ជាំងនេះដើម្បីទិញសំបុត្រកុន ។
ប៉ុន្តែទម្លាប់ចម្លែកមួយចាប់ផ្តើមកើតឡើងកាលពីឆ្នាំ១៩៩០ គឺអ្នករង់ចាំទិញសំបុត្រកុនមួយចំនួនបានយកស្ករកៅស៊ូមកបិទនៅលើជញ្ជាំងឥដ្ឋជាមួយកាក់ជាបន្តបន្ទាប់ ។ ចំនួនស្ករកៅស៊ូនៅលើជញ្ជាំងក៏ចេះតែកើនឡើងច្រើនទៅៗពាសពេញ ដោយសារកាក់ត្រូវបានគេលួចអស់ ។

បុគ្គលិករោងភាពយន្តនេះធ្លាប់បានយកស្ករកៅស៊ូចេញពីជញ្ជាំងឥដ្ឋចំនួន២ដងហើយ ប៉ុន្តែបែរជាមានស្ករកៅស៊ូថ្មីៗកើនឡើងកាន់តែច្រើន រហូតដល់បុគ្គលិករោងភាពយន្តគិតថា ពុំអាចសម្អាតស្ករកៅស៊ូចេញពីជញ្ជាំងអស់ទេ ។ ដូច្នេះ កាលពីឆ្នាំ១៩៩៩ បុគ្គលិករោងភាពយន្តក៏បានប្រកាសថា ជញ្ជាំងស្ករកៅស៊ូ គឺជាតំបន់ទេសចរណ៍តែម្តង ។
តាមរយៈការស្ទង់មតិនៅឆ្នាំ២០២៤ ជញ្ជាំងស្ករកៅស៊ូបានជាប់ចំណាត់ថ្នាក់ទី២ នៅលើពិភពលោក គឺជាកន្លែងគ្មានអនាម័យ ឬកខ្វក់បំផុត ។ ជញ្ជាំងនេះពោរពេញទៅដោយស្ករកៅស៊ូប្រវែងជាង១៥ម៉ែត្រ និងមានកម្ពស់ខ្ពស់ផុតពីដៃ ហើយគេសន្និដ្ឋានថា មានស្ករកៅស៊ូបិទនៅលើជញ្ជាំងរហូតដល់ជាង១លានដុំ ។
ក្រោយពីជញ្ជាំងស្ករកៅស៊ូក្លាយជាតំបន់ទេសចរណ៍ គេក៏បានប្រើប្រាស់ជញ្ជាំងនេះធ្វើជាផ្ទាំងសម្រាប់ថតភាពយន្ត Hollywood រឿង «Love Happens» ដែលសម្តែងដោយអ្នកស្រី Jennifer Aniston និងលោក Aaron Eckhart ។ លើសពីនេះ វាក៏បានក្លាយជាកន្លែងថតរូបភាពអាពាហ៍ពិពាហ៍របស់គូស្នេហ៍អាមេរិក ឬបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាផងដែរ ៕










