ថ្ងៃនេះ KBN News ចង់ណែនាំប្រិយមិត្តទាំងអស់គ្នាមកស្គាល់អាហារចម្លែកៗ ៥ មុខដែលមើលទៅសាមញ្ញៗប៉ុន្តែសម្រាប់តម្លៃវិញថ្លៃមិនធម្មតាឡើយ ទោះជាយ៉ាងណាប្រសិនបើអ្នកចង់ភ្លក់ ឬចង់សាកល្បងបទពិសោធន៍ថ្មីនៃអាហារទាំងនេះគឺត្រូវធ្វើការសន្សំលុយ ៣-៤ ខែសិនទើបអាចមានលទ្ធភាពទិញវាបាន ព្រោះអាហារទាំងនេះមានតម្លៃថ្លៃកប់ពពក។ ដូច្នេះខាងក្រោមនេះគឺជាបញ្ជីមុខម្ហូបដែលមានតម្លៃថ្លៃជាងគេបំផុតលើលោក៖
១.Beluga Caviar៖ ជឿថាប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់ហើយនៅពងត្រី Beluga ដែលវាមានតម្លៃរហូតដល់ ៧,០០០-១០,០០០ ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម ឬ ២០០-៣០០ ដុល្លារក្នុងមួយអោន ត្រូវបានចាត់ទុកថាជាអាហារថ្លៃជាងគេបំផុតលើលោក។ មូលហេតុដែលអាហារនេះមានតម្លៃថ្លៃកប់ពពកគឺដោយសារត្រីBeluga sturgeon ត្រូវការចំណាយពេលរហូតដល់ ២០ ឆ្នាំដើម្បីបង្កើតពង ហើយក្នុងរយៈពេល ២០ ឆ្នាំនោះវាផលិតពងបានត្រឹមតែ ១០ ទៅ ២០ ផោនប៉ុណ្ណោះ ខណៈត្រីផ្សេងទៀតផលិតបានរហូតដល់ ៥០ ផោន រួមផ្សំនឹងគុណភាពល្អ តម្រូវការខ្ពស់ ទើបធ្វើឱ្យពងត្រីនេះមានតម្លៃថ្លៃបែបនេះ។
២.Swiftlet nests៖ Swiftlet nests គឺជាស៊ុបសំបុកបក្សីពណ៌ស ដែលជាអាហារដ៏ពេញនិយមបំផុតរបស់ជនជាតិចិនត្រូវបានគេជឿថាអាចព្យាបាលជំងឺទាំងអស់។ អាហារនេះក៏ជាប់ឈ្មោះជាអាហារថ្លៃជាងគេបំផុតលើលោកផងដែរ ដោយសារតម្លៃក្នុងមួយចានតូចគឺ ២,០០០ ដុល្លារ និងមួយចានធំមានតម្លៃរហូតដល់ ១០,០០០ ដុល្លារអាមេរិកឯណោះ។
៣.ឪឡឹកខ្មៅ៖ ផ្លែឪឡឹកសម្បកពណ៌ខ្មៅគឺជាអាហារដ៏ឆ្ងាញ់បំផុតរបស់ជនជាតិជប៉ុន ដោយមួយផ្លែមានតម្លៃរហូតដល់ ៦,៣០០ ដុល្លារអាមេរិក។ ផ្លែនេះមានសម្បកពណ៌ខ្មៅ និងសាច់ខាងក្នុងពណ៌ក្រហម ស្ទើតែគ្មានគ្រាប់ ជាមួយរសជាតិផ្អែមខ្លាំង មានប្រូតេអ៊ីនខ្ពស់ ក៏ដូចជាមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយរបស់មនុស្ស។ ទោះជាយ៉ាងណាសម្រាប់មូលហេតុដែលផ្លែឪឡឹកខ្មៅមានតម្លៃថ្លៃគឺដោយសារវាគឺជាផ្លែឈើកម្រ និងពិបាកថែទាំបំផុត ហើយវាមានតែនៅតំបន់ហុកកៃដូ ភាគខាងជើងនៃប្រទេសជប៉ុនប៉ុណ្ណោះ។
៤.Abalone៖ អាបាឡូនដែលយើងហៅសាមញ្ញថាជា “ខ្យងសមុទ្រ” គឺមានតម្លៃរហូតដល់ ១២០ ដុល្លារក្នុងមួយគ្រាប់ដោយសារវាជាអាហារដ៏ឆ្ងាញ់ អត្ថប្រយោជន៍ច្រើន អាចប្រើប្រាស់ជាឱសថបុរាណចិន និងជាប្រភេទសត្វកម្រ ហើយតម្រូវការខ្ពស់ទើបតម្លៃថ្លៃបែបនេះ។
៥.Matsutake៖ ផ្សិតខ្មៅ Matsutake គឺជាប្រភេទផ្សិតកម្រដោយសារវាដុះតែក្នុងព្រៃហើយវាលូតលាស់ក្នុងរយៈពេលខ្លីបំផុតគឺពីចុងរដូវក្តៅដល់ដើមរដូវស្លឹកឈើជ្រុះប៉ុណ្ណោះ ដែលធ្វើឱ្យវាក្លាយជាផ្សិតដែលមានតម្លៃថ្លៃបំផុតលើលោក។ ផ្សិតនេះមានក្លិនហឹរ ល្អចំពោះសុខភាព និងមានរសជាតិឆ្ងាញ់ប្លែក ដោយអាចលក់បានរហូតដល់ទៅ ២,០០០ ដុល្លារក្នុងមួយគីឡូក្រាម៕










