កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ ប្រទេសឡាវបានប្រគល់កូនដំរីអាស៊ីដ៏កម្រមួយគូដល់ប្រទេសកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេស និងប្រជាជនទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។
ដំរីអាស៊ីអាយុ៣ឆ្នាំចំនួន២ក្បាល ដែលដំរីឈ្មោលមានឈ្មោះថាចំប៉ា និងញីឈ្មោះថារំដួល ដោយឈ្មោះនេះទៀតសោតគឺដាក់តាមផ្កាតំណាងជាតិនៃឡាវនិងកម្ពុជា។ ដំរីទាង២នេះ គឺជាអំណោយរបស់ប្រធានាធិបតីឡាវ ថងលូន ស៊ីសូលីត ថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី នៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់លោកប្រធានាធិបតី នៅកម្ពុជាកាលពីខែមេសាកន្លងទៅ។
បច្ចុប្បន្ននេះ ដំរីទាំង២ខាងលើគឺត្រូវបានយកទៅរក្សាទុកបានយ៉ាងល្អនៅឯសួនសត្វព្រៃការពារ និងរុក្ខសាស្ត្រភ្នំតាម៉ៅ ស្រុកទន្លេបាទី ខេត្តតាកែវ។ ជាមួយគ្នានោះ ឡាវក៏បានបញ្ជូនហ្មដំរីឡាវ មកមើលថែដំរីទាំង២ក្បាលនេះ រយៈពេល៦ខែ នៅសួនសត្វភ្នំតាម៉ៅផងដែរ។
គួរបញ្ជាក់ថា សត្វដំរីអាស៊ី (Elephas maximus) ត្រូវបានចុះបញ្ជីជាសត្វជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ដែលជាថនិកសត្វដ៏ធំបំផុតនៅលើភពផែនដី។ ចំពោះប្រទេសកម្ពុជាយើងបានប៉ាន់ប្រមាណថា បច្ចុប្បន្នមានដំរីព្រៃពី ៤០០ ទៅ ៦០០ ក្បាលនៅក្នុងព្រៃធម្មជាតិរបស់ខ្លួន ភាគច្រើននៅតំបន់ជួរភ្នំក្រវាញ និងវាលទំនាបភាគខាងកើតនៃខេត្តមណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង និងដំរីក្នុងស្រុក ៧៥ ក្បាល។ .jpg)
ទោះជាយ៉ាងណា ដំរីមួយគូរជាអំណោយរបស់ប្រទេសឡាវផ្តល់ឲ្យកម្ពុជានេះ ដោយសង្កត់ធ្ងន់ថា ដំរីជានិមិត្តរូបមួយទៀតនៃចំណងមិត្តភាព និងសាមគ្គីភាពប្រពៃណីដ៏យូរអង្វែងរវាងប្រទេសនិងប្រជាជនទាំងពីរផងដែរ៕










