នៅពេលនិយាយពីត្រីដែលគ្រោះថ្នាក់បំផុតលើលោកនោះ ប្រិយមិត្តភាគច្រើនប្រាកដជាគិតថាជាត្រី Piranha ហើយព្រោះត្រីនេះត្រូវបានគេចាត់ទុកថាជាត្រីកាចសា.ហាវ និងអាចបង្កគ្រោះថ្នាក់ដល់មនុស្ស។ ជាការពិតណាស់ នៅក្នុងបញ្ជីត្រីដែលពិភពលោកចាត់ទុកថាជាត្រីដែលមានគ្រោះថ្នាក់ជាងគេបំផុតក្នុងលោកនោះគឺមានទាំងអស់ ១០ ប្រភេទរួមមាន៖ Piranha, Tigerfish, Stonefish និង Electric Eel…ជាដើម។ ទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះ ត្រីមួយប្រភេទនេះក៏ត្រូវបានទទួលស្គាល់ដោយ Guinness World Records ថាជាត្រីដែលមានក្រពេញពិសធំជាងគេក្នុងចំណោមត្រីដទៃទៀត ហើយក៏ត្រូវបានគេចាត់ទុកថាជាត្រីគ្រោះថ្នាក់បំផុតនៅលើផែនដីផងដែរ។

ត្រីគ្រោះថ្នាក់នោះមានឈ្មោះថា Devil-faced fish ឬគេហៅថាត្រីមុខអារក្ស ដែលវាច្រើនរស់នៅលើថ្មប៉ប្រះទឹកផ្កាថ្មក្នុងទន្លេជុំវិញពិភពលោក និងស៊ីត្រីតូចៗរួមជាមួយសត្វក្រៀលជាអាហារ។ យោងតាមអ្នកជំនាញនៅសារមន្ទីរអូស្ត្រាលីនៃទីក្រុងស៊ីដនីបានឱ្យដឹងថា ត្រីប្រភេទនេះមានឆ្អឹងខ្នងពុលចំនួន ១៣ លាក់តាមព្រុយខាងក្រោយរបស់វា ដោយជាតិពុលរបស់វាអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់មនុស្ស និងអាចបណ្តាលឱ្យមានការឈឺចាប់ធ្ងន់ធ្ងរ រហូតដល់ស្លាប់ទៀតផង។ អ្នកស្រាវជ្រាវជីវសាស្រ្ត Bryan Fry សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Queensland ប្រទេសអូស្ត្រាលីបាននិយាយថា “នៅពេលដែលជនរងគ្រោះប៉ះលើខ្នងត្រី ក្រពេញពិសរបស់ត្រីនឹងរីកធំ ហើយវានឹងបាញ់ជាតិពុលចេញពីឆ្អឹងខ្នងតាមព្រុយខ្នង” នេះជាមូលហេតុដែលមនុស្សគួរជៀសវាងឱ្យឆ្ងាយប្រសិនបើប្រទះឃើញត្រីមុខអារក្សនេះ។
ទោះជាយ៉ាងណាក៏ដោយយោងតាមអ្នកជំនាញ ប្រសិនបើមនុស្សប៉ះវាដោយចៃដន្យហើយមានការឈឺចាប់ខ្លាំង អ្នកអាចព្យាបាលដោយទឹកក្តៅឧណ្ឌៗដើម្បីជួយបន្ធូររបួស និងបន្សាបជាតិពុលបានខ្លះៗក្នុងពេលរង់ចាំការសង្គ្រោះពីគ្រូពេទ្យ។ គួរបញ្ជាក់ដែរថា ត្រីមុខអារក្ស ឬ Devil-faced fish មានប្រវែងពី ៣០ ទៅ ៤០ សង់ទីម៉ែត្រល្អក្នុងការក្លែងខ្លួននិងប្រើល្បឿនដើម្បីបរបាញ់។ បន្ទាប់ពីត្រីកំណត់អត្តសញ្ញាណរបស់វាហើយ វានឹងធ្វើការខាំក្នុងពេលត្រឹមតែ ០.០១៥ វិនាទីប៉ុណ្ណោះដើម្បីលេបគូប្រកួតទាំងមូល។ ដូច្នេះឆ្អឹងខ្នងដ៏មុតស្រួចដូចម្ជុលរបស់វាដើរតួជាយន្តការការពារ ហើយត្រូវបានលើកឡើងត្រង់នៅពេលដែលត្រីមានអារម្មណ៍ថាមានការគំរាមកំហែង។ ដុំពកនីមួយៗនៅខាងក្រោយក៏ត្រូវបានបំពាក់ដោយក្រពេញពិសខាងក្រៅពីរ។ ភាពធ្ងន់ធ្ងរនៃមុខរបួសត្រូវបានវិនិច្ឆ័យដោយផ្អែកលើចំនួនបន្លាដែលជនរងគ្រោះបានប៉ះ និងជម្រៅដែលបន្លាត្រូវបានបង្កប់នៅក្នុងស្បែក៕










