ប្រទេសហ្វីលីពីន ៖ ស្ថានការណ៍តានតឹងរវាងប្រទេសហ្វីលីពីនជាមួយចិនជុំវិញបញ្ហាសមុទ្រចិនខាងត្បូងកាន់តែកើនឡើងថែមទៀត នៅពេលហ្វីលីពីននិយាយថា ចិនកំពុងតែសាងសង់កោះសិប្បនិម្មិតនៅសមុទ្រចិនខាងត្បូង ។ ប៉ុន្តែចិនបានបដិសេធនឹងការលើកឡើងនេះថា វាជាការចោទប្រកាន់របស់ហ្វីលីពីន និងផ្សព្វផ្សាយពាក្យចចាមអារ៉ាមទៅកាន់ពិភពលោក ។
កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឆ្មាំសមុទ្រហ្វីលីពីនបានបង្ហាញភស្តុតាងរូបភាពមន្ត្រីចិនស្ថិតនៅលើកោះ Spratly នៅសមុទ្រចិនខាងត្បូង និងស្ថិតក្នុងតំបន់សេដ្ឋកិច្ចរបស់ហ្វីលីពីន ។ ហ្វីលីពីននិយាយថា ប្រទេសចិនចាប់ផ្តើមយកកំទេចផ្កាថ្មទៅគរនៅលើខ្សាច់ ដើម្បីសាងសង់កោះសិប្បនិម្មិត ។
ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ហ្វីលីពីនបានបញ្ជាឱ្យបង្កើនការត្រួតពិនិត្យក្នុងតំបន់សេដ្ឋកិច្ចហ្វីលីពីនបន្ថែមទៀត ។ លោក Jonathan Malaya ជាមន្ត្រីនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីនប្រកាសថា នេះជាភាពទទួលខុសត្រូវរបស់ហ្វីលីពីននៅក្រោមច្បាប់អន្តរជាតិ ដើម្បីការពារកុំឱ្យប៉ះពាល់បរិស្ថាន ហើយហ្វីលីពីននឹងប្រឆាំងមិនឱ្យចិនបង្កើតកោះសិប្បនិម្មិតក្នុងសមុទ្រទេ ។
រយៈពេលជាច្រើនឆ្នាំកន្លងមក ប្រទេសផ្សេងៗនិយាយថា ចិនបានព្យាយាមបង្កើតកោះសិប្បនិម្មិត ឬបង្កើនទំហំកោះផ្សេងៗ ក៏ដូចជាសាងសង់អគារយោធានៅសមុទ្រចិនខាងត្បូង ខណៈតំបន់នេះកំពុងតែមានជម្លោះកម្មសិទ្ធិជាមួយប្រទេសជាច្រើន ។
ទោះយ៉ាងណា ចិននៅតែបដិសេធជាមួយការលើកឡើងនេះ ។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ថា ការលើកឡើងរបស់ហ្វីលីពីន គឺជាការផ្សព្វផ្សាយពាក្យចចាមអារ៉ាម, បង្កើតព័ត៌មានក្លែងក្លាយទៅកាន់ពិភពលោកជាបន្តបន្ទាប់ និងមានចេតនាបង្កជម្លោះជាមួយចិន ។ មន្ត្រីនាំពាក្យរូបនេះបានអំពាវនាវឱ្យរដ្ឋាភិបាលហ្វីលីពីនងាកមកដោះស្រាយបញ្ហាជម្លោះតាមរយៈការចរចា ជំនួសការចោទប្រកាន់ចិន ៕










