នាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មានហេតុការណ៍ ខ្មាន់កាំភ្លើងប្រដាប់ដោយអាវុធ AK 47 ចូលទៅបាញ់ប្រហារបណ្ដាលឱ្យអ្នកគ្រូពេទ្យម្នាក់ ឈ្មោះ កែប កែវកន្និកា អាយុ៣៨ឆ្នាំ ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ។
តាមចម្លើយរបស់ខ្មាន់កាំភ្លើង ឈ្មោះ សុខា នុត អាយុ៤១ឆ្នាំ បានលើកឡើងថា៖”ក្រោយបាញ់សម្លាប់ជនរងគ្រោះ ខ្លួនបានព្យាយាមបាញ់សម្លាប់ខ្លួនតាមក្រោយដែរ ប៉ុន្ដែគ្រាប់មិនផ្ទុះ”
បើតាមអធិការនគរបាលស្រុកអូររាំង លោក ហាក់ ទិត្យឬទ្ធីវង្ស បានឱ្យដឹងថា៖”ខ្មាន់កាំភ្លើងនេះ ប្រើប្រាស់អាវុធម៉ាក AK 47 បាញ់ចំកណ្តាលក្បាលធ្លាយមកឆ្អឹងខ្នង ធ្លាយពីឆ្អឹងខ្នង គ្រាប់កាំភ្លើងផ្លាតទៅត្រូវចំក្មេងស្រីម្នាក់ទៀតបណ្តាលឱ្យរងរបួស ដែលត្រូវជាកូនស្រីរបស់ជនរងគ្រោះម្នាក់ទៀត”។
ជុំវិញករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕










