ប្រទេសមីយ៉ាន់ម៉ា ៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានសម្រេចផ្អាកការអនុញ្ញាតឱ្យបុរសទៅធ្វើការនៅក្រៅប្រទេសជាបណ្តោះអាសន្ន ដោយបានអនុវត្តចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ។ ការមិនអនុញ្ញាតឱ្យបុរសទៅធ្វើការនៅក្រៅប្រទេស ក្រោយពីរដ្ឋាភិបាលបានបង្ខំអនុវត្តច្បាប់ប្រមូលកម្លាំងយោធា និងធ្វើឱ្យពលរដ្ឋជាច្រើននាក់ព្យាយាមធ្វើដំណើរចាកចេញពីប្រទេសរបស់ខ្លួន ។
ក្រសួងការងារមីយ៉ាន់ម៉ាបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ ដែលផ្សព្វផ្សាយដោយនាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាលថា ក្រសួងនឹងមិនអនុញ្ញាតឱ្យបុរសចេញទៅធ្វើការនៅក្រៅប្រទេសជាបណ្តោះអាសន្ន ដើម្បីត្រួតពិនិត្យចំនួនពលករទៅធ្វើការនៅក្រៅប្រទេស ។
លោក Nyun Wi មន្ត្រីក្រសួងការងារបាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Radio Free Asia Myanmar ថា ការហាមបុរសទៅធ្វើការនៅក្រៅប្រទេស បានអនុវត្ត
ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ហើយនេះជាវិធានការបណ្តោះអាសន្ន ។ លោកបន្តថា យើងនឹងអនុញ្ញាតឱ្យតែស្ត្រីប៉ុណ្ណោះ ដែលបានចុះឈ្មោះជាពលការិនីបរទេស អាចធ្វើដំណើរចេញក្រៅប្រទេស ។ រីឯបុរសមិនអាចចុះឈ្មោះសុំទៅធ្វើការនៅក្រៅប្រទេសបានទេ ។
លោករដ្ឋមន្ត្រីក្រសួងការងារបន្ថែមថា ចំណែកពលករដែលបានចុះឈ្មោះទៅធ្វើការនៅក្រៅប្រទេស នៅចុងខែមេសា ឆ្នាំ២០២៤ នឹងត្រូវលើកលែង រួមទាំងពលករមួយចំនួនទៀតដែលបានដាក់ពាក្យទៅធ្វើការនៅក្រៅប្រទេស តាមរយៈភ្នាក់ងារស្វែងរកការងារធ្វើ ។
កាលពីខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានិយាយថា នឹងបង្ខំអនុវត្តច្បាប់ដែលកំណត់ឱ្យបុរសគ្រប់រូបត្រូវតែចូលបម្រើយោធា យ៉ាងហោចណាស់២ឆ្នាំ ។ ហេតុនេះ ធ្វើឱ្យពលរដ្ឋរាប់ពាន់នាក់តម្រង់ជួរស្នើសុំទិដ្ឋាការនៅស្ថានទូតក្នុងទីក្រុងយ៉ាំងហ្គោន ខណៈពលរដ្ឋជាច្រើននាក់ទៀតធ្វើដំណើរទៅប្រទេសថៃ ដើម្បីគេចខ្លួនពីកាតព្វកិច្ចយោធា ។
តាមការវាយតម្លៃរបស់អង្គការពលកម្មអន្តរជាតិ នៅឆ្នាំ២០២៣ បង្ហាញថា ពលរដ្ឋមីយ៉ាន់ម៉ាជាង៤លាននាក់បានទៅធ្វើការនៅក្រៅប្រទេស ។ ប៉ុន្តែអ្នកវិភាគនិយាយថា មានពលរដ្ឋមីយ៉ាន់ម៉ាទៅធ្វើការនៅក្រៅប្រទេស ច្រើនជាងតួលេខផ្លូវការ ។
អ្នកនាំពាក្យរដ្ឋាភិបាលយោធានិយាយថា ច្បាប់នេះមានភាពចាំបាច់ ដោយសារស្ថានការណ៍បានកើតឡើងនៅមីយ៉ាន់ម៉ា ហើយយោធាមីយ៉ាន់ម៉ាត្រូវតស៊ូជាមួយកងកម្លាំងការពារប្រជាជន និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ។
រីឯក្រុមអ្នកសង្កេតការណ៍នៅមីយ៉ាន់ម៉ានិយាយថា តាំងពីការធ្វើរដ្ឋប្រហារនៅខែកុម្ភៈ ឆ្នាំ២០២១ មានមនុស្សស្លាប់ជាង៤.៩០០នាក់ក្នុងអំឡុងពេលបង្ក្រាបក្រុមប្រឆាំង ខណៈមនុស្សជាង២៦.០០០នាក់ទៀតត្រូវបានចាប់ខ្លួន ៕










