ការអុជធូប គឺមានន័យថាជាការអុជគ្រឿងផ្សែងក្រអូបដើម្បីជាគោរពបូជាលើបារមីអ្វីមួយ ឬត្រូវបានគេជឿថានឹងបង្កើតបរិយាកាសវេទមន្ត សម្រាប់ការអញ្ជើញ ឬពាំនាំពាក្យពេចន៍ទៅកាន់នរណាម្នាក់ រួមមាន ទេវតា អរ័ក្សអ្នកតា ដួងវិញ្ញាណនៃពួកខ្មោចព្រាយបិសាចជាដើម។
ជំនឿនៃការអុជធូបត្រូវបានគេកត់ត្រាទុកថា ទំនងជាមាននៅក្នុងសង្គមខ្មែរតាំងសតវត្សទី២មកម្លេះ ពោលគឺក្នុងសម័យព្រះនាងសោម៉ា នៃសម័យអាណាចក្រនគរភ្នំ។ ការអុជធូបគឺជាការជឿទៅលើបារមីដ៏សក្តិសិទ្ធ ជាពិសេសគឺមាននៅក្នុងទាំងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា។ ទោះជាយ៉ាងណា ចំនួនសរសៃធូបដែលត្រូវអុជគឺត្រូវបានកំណត់តាមក្បួនខ្នាត និងចំពោះអ្នកណាឬបារមីអ្វីមួយដែលចង់អុជឲ្យ មិនមែនចេះតែអុជៗតាមចិត្តនោះទេ។
យោងតាមសៀវភៅទំនៀមទម្លាប់ខ្មែរបុរាណ ចំនួនសរសៃធូបគឺតំណាងឲ្យអត្ថន័យដូចខាងក្រោម៖
– ការអុជធូប ១សរសៃ គឺតំណាងឲ្យការរំឮកគុណគ្រូ និងតួខ្លួន
– ការអុជធូប ២សរសៃ តំណាងឲ្យគុណមាតាបិតា
– ការអុជធូប ៣សរសៃ ជាការបូជាចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ក្នុងព្រះពុទ្ធសាសនា ឬ ជាការបូជាចំពោះព្រះសិវ ព្រះវិស្ណុ ព្រះព្រហ្ម ក្នុងព្រាហ្មណ៍សាសនា ឬ មាតាបិតា និងគុណគ្រូ
– ការអុជធូប ៤សរសៃ តំណាងឲ្យធាតុទាំង៤ គឺទឹក ដី ភ្លើង ខ្យល់
-ការអុជធូប៥សរសៃ គឺបូជាព្រះទាំង៥អង្គ គឺព្រះកុក្កុសន្ធោ(មាន់) ព្រះកោនាគមនោ(នាគ) ព្រះកស្សបោ (អណ្ដើក) ព្រះសមណគោត្តម (គោ) និងព្រះសិអារ្យមេត្រី (ខ្លា)
-ការអុជធូប៧សរសៃ គឺបូជាញាតិទាំងប្រាំពីរសន្តានមាន៖ ថ្នាក់លើខ្លួនបីជាន់គឺ ឪពុកម្ដាយ ជីដូនជីតា យាយទួតតាទួត និងថ្នាក់ក្រោមយើងបីជាន់គឺ កូនចៅ ចៅទួត និងបូករួមទាំងខ្លួនយើងទាំងអស់គឺប្រាំពីរសន្តាន ។
-ការអុជធូប ៩សរសៃ គឺបូជាទេវតា ដែលថែរក្សាទិសទាំងប្រាំបួន គឺទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយ័ព្យ ទិសឧត្ដរ ទិសឦសាន និងទិសខាងលើ ។
-ការអុជធូប១១សរសៃ តំណាងឲ្យមេត្តាធម៌ទាំង១១ ។
-ការអុជធូប១២សរសៃ គឺបូជាគុណម្ដាយ ១២ ឬគុណធាតុ ។
-ការអុជធូប១៩សរសៃ គឺសម្រាប់ពិធីហៅព្រលឹង (មនុស្សមានព្រលឹង១៩ រួមទាំងព្រលឹងធំ និងព្រលឹងតូច) ។
-ការអុជធូប២១សរសៃ គឺបូជាគុណឪពុក។
– ការអុជធូប៣៣សរសៃ គឺបូជាគុណឪពុកម្ដាយ ៕