ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងមកដល់ក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ ស្របពេលដែលប្រជាជនខ្មែរទាំងក្មេងចាស់ ប្រុសស្រី ត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំទទួលទេវតាឆ្នាំថ្មី ក៏ដូចជាមានការរាំលេងកម្សាន្តតាមចង្វាក់ប្រពៃណី និងការលេងល្បែងប្រជាប្រិយខ្មែរជាហូរហែរដើម្បីជាការអបអរមមុនថ្ងៃចូលឆ្នាំ។
ជាមួយគ្នា ការលេងជះទឹក ក៏បានក្លាយជាទីពេញនិយមក្នុងចំណោមពលរដ្ឋខ្មែរ ជាពិសេសគឺក្រុមយុវវ័យ។ ក្រឡេកមកមើលខេត្តសៀមរាបនេះវិញ រូបភាពចែកចាយពីបណ្តាញសង្គមគឺបានបង្ហាញឲ្យឃើញថា នៅតាមផ្លូវសួនព្រះអង្គចេក ព្រះអង្គចម គឺមានការរៀបចំពាងទឹកជាជួរៗជាច្រើន ត្រៀមសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរលេងទឹក ក្នុងថ្ងៃចូលឆ្នំាខ្មែរខាងមុខ។
ទោះជាយ៉ាងណា ការដាក់ពាងទឹកនៅតាមដងផ្លូវខេត្តសៀមរាបនេះ ក៏បានក្លាយជាទីចាប់អារម្មណ៍ព្រមជាមួយនឹងការកោតសរសើរអំពីគំនិតនៃការរៀបចំនេះពីសំណាក់មហាជន។ ស្របពេលដែលមតិមួយចំនួនកាលពីពេលកន្លងទៅ ក៏បានសម្តែងនូវការមិនពេញចិត្តចំពោះការលេងបាញ់ទឹកដោយប្រើប្រាស់កាំភ្លើងបាញ់ទឹក ថាជាការលេងតាមប្រទេសជិតខាង ដែលនាំបាត់បង់នូវគុណតម្លៃរប្បធម៌នៃការលេង«ជះទឹក» ជារបស់ខ្មែរអស់ផងដែរ៕











