ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ Salika រាយការណ៍ថា ប្រទេសថៃ និងប៊ូតាន (Bhutan គឺជាប្រទេសស្ថិតនៅអាស៊ីខាងត្បូង) ត្រៀមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ ក្នុងគោលបំណងជំរុញពាណិជ្ជកម្ម និងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ហើយភាគីទាំងពីរបានកំណត់គោលដៅបង្កើនតម្លៃពាណិជ្ជកម្ម ស្មើនឹង១២០លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ។.jpg)
លោកស្រី Nalinee Thaweesin មន្ត្រីតំណាងពាណិជ្ជកម្មប្រទេសថៃ បានលើកឡើងពីការជជែកពិភាក្សាជាមួយលោក Lyonpo D. N. Dhungyel រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មអន្តរជាតិប្រទេសប៊ូតាន ក្នុងអំឡុងពេលលោកស្រីធ្វើដំណើរទៅប្រទេសប៊ូតាន ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ថា រដ្ឋាភិបាលថៃរំពឹងថា នឹងចាប់ផ្តើមប្រកាសពីការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងថៃ និងប៊ូតាន ក្នុងកិច្ចប្រជុំគណៈកម្មការពាណិជ្ជកម្មរួម (Joint Trade Committee / JTC) លើកទី៥ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ដែលប្រទេសប៊ូតាន នឹងធ្វើជាម្ចាស់ផ្ទះ ។
ប្រទេសថៃ និងប៊ូតាន បានឯកភាពគ្នាថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នឹងក្លាយជាយន្តការដ៏សំខាន់មួយជួយជំរុញសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដែលតម្លៃពាណិជ្ជកម្មទ្វេភាគីរវាងថៃ និងប៊ូតាន នៅឆ្នាំ២០២៣ ស្មើជាង១៨លានដុល្លារអាមេរិក ។ ក្រៅពីនេះ ប្រទេសទាំងពីរក៏បានកំណត់គោលដៅបង្កើនតម្លៃពាណិជ្ជកម្ម ស្មើនឹង១២០លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ផងដែរ ។
ចំណែកប្រទេសប៊ូតាន មានគោលបំណងនាំចេញទិន្នផលកសិកម្មមួយចំនួនមកកាន់ប្រទេសថៃ ដូចជា ៖ ផ្លែប៉ោម, ដំឡូងបារាំង, ក្រូច និងទឹកឃ្មុំ ។ ក្រៅពីនេះ ប្រទេសប៊ូតាន បានស្នើសុំឱ្យប្រទេសថៃជួយពន្លឿនការអនុម័តការនាំចូលទិន្នផលកសិកម្មរបស់ប៊ូតាន ។
រីឯផលិតនាំចេញសំខាន់ៗរបស់ថៃទៅប្រទេសប៊ូតាន រួមមាន ៖ កុំព្យូទ័រ និងឧបករណ៍ដំឡើង, ក្រណាត់, ផលិតផលស្រូវសាឡី និងអាហារកញ្ចប់, ផ្លែឈើស្រស់ក្លាស្សេ និងផ្លែឈើក្រៀម ព្រមទាំងមីក្រូវ៉េវ ។
គួរបញ្ជាក់ថា ថៃ គឺជាប្រទេសគោលដៅទេសចរណ៍ដ៏សំខាន់របស់ពលរដ្ឋមកពីប្រទេសប៊ូតាន ។ កាលពីឆ្នាំ២០២៣ ភ្ញៀវទេសចរប៊ូតាន បានធ្វើដំណើរមកកម្សាន្តនៅប្រទេសថៃ ស្មើនឹង២០.៣៥៦នាក់ ហើយចំនួននេះនឹងកើនឡើងបន្ថែមទៀតនៅឆ្នាំ២០២៤ ៕










