ក្នុងវ័យ៧២ឆ្នាំ សម្ដេច ហ៊ុន សែន ត្រូវអង្គបោះឆ្នោតព្រឹទ្ធសភា គាំទ្រឱ្យធ្វើជាប្រធានព្រឹទ្ធសភា នីតិកាលទី៥នេះ ជំនួសសម្ដេច សាយ ឈុំ។
សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានព្រឹទ្ធសភា នីតិកាលទី៥នេះ សម្ដេចតេជោ ទទួលបានសំឡេងគាំទ្រជាឯកច្ឆ័ន្ទ ពីអង្គបោះឆ្នោត ចំនួន៦២សំឡេង លើ៦២សំឡេង។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានគណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែង រួមមាន គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។
តាមរយៈលទ្ធផលបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបាន៣អាសនៈ (១អាសនៈនៅភូមិភាគទី២ ,នៅភូមិភាគទី៤ និងនៅភូមិភាគទី៦)។
គួរបញ្ជាក់ថា សម្ដេច សាយ ឈុំ ដែលជាប្រធានព្រឹទ្ធសភា នីតិកាលទី៤ នឹងត្រូវទៅបំពេញតួនាទីជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្រ្តីជំនួសវិញ៕











