ប្រទេសថៃ ៖ នាយកដ្ឋានឧតុនិយមប្រទេសថៃបានប្រកាសថា នៅតំបន់កណ្តាល និងខាងជើងប្រទេសថៃ នឹងប្រឈមជាមួយអាកាសធាតុក្តៅខ្លាំង នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ គឺសីតុណ្ហភាពខ្ពស់បំផុត ចាប់ពី៣៩អង្សាសេ ទៅ៤២អង្សាសេ ខណៈនៅទីក្រុងបាងកក មានសីតុណ្ហភាព៤០អង្សាសេ ។
មន្ត្រីឧតុនិយមលើកឡើងថា អាកាសធាតុក្តៅខ្លាំងអាចនឹងមានភ្លើងឆេះព្រៃនៅខេត្តឈៀងម៉ៃផងដែរ ។ រីឯខេត្តឡាំប៉ាង មានសីតុណ្ហភាពកើនឡើងរហូតដល់៤១.២អង្សាសេ ហើយវានឹងកើនឡើងជាបន្តបន្ទាប់ នៅខែមេសា ឆ្នាំ២០២៤ ។ រីឯតំបន់ខាងកើត និងតំបន់ឦសាន មានអាកាសធាតុក្តៅខ្លាំង ព្រមទាំងមានខ្យល់ព្យុះ និងផ្គររន្ទះទៀតផង ។
នៅខេត្តឈៀងម៉ៃ មិនត្រឹមតែប្រឈមនឹងអាកាសធាតុក្តៅខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែអាចនឹងមានភ្លើងឆេះព្រៃជាច្រើនតំបន់ផងដែរ ។ ភ្លើងឆេះព្រៃនៅឧទ្យានជាតិ Mae Takhrai បានឆេះរាលដាលរហូតដល់កំពូលភ្នំណាងម៉ក់ ហើយអាជ្ញាធរបានជួយគ្នាពន្លត់ភ្លើង និងទប់ស្កាត់ភ្លើងនៅបរិវេណជើងភ្នំណាងម៉ក់ ដោយមានការសហការពីពលរដ្ឋក្នុងតំបន់ ។
គេហទំព័រ Iqair.com រាយការណ៍ថា បរិយាកាសកខ្វក់នៅខេត្តឈៀងម៉ៃ នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋគ្រប់រូប ហើយខេត្តឈៀងម៉ៃ មានការបំពុលបរិយាកាសខ្លាំងស្ថិតក្នុងលំដាប់ទី២ លើពិភពលោក ខណៈចំណាត់ថ្នាក់ទី១ គឺទីក្រុងហាណូយ ប្រទេសវៀតណាម ។
កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅវត្តព្រះកែវ ក្នុងទីក្រុងបាងកក បានកាន់ឆ័ត្រ ឬវត្ថុផ្សេងៗសម្រាប់បាំងពន្លឺថ្ងៃ ដោយសារអាកាសធាតុក្តៅខ្លាំង ។ រីឯភ្ញៀវទេសចរខ្លះទៀតបានដាក់ទឹកតាមខ្លួនសម្រាប់ផឹកនៅតាមផ្លូវផងដែរ ។
ពេលអាកាសធាតុក្តៅខ្លាំងគ្របដណ្តប់ប្រទេសថៃ រដ្ឋាភិបាលបានណែនាំឱ្យពលរដ្ឋគ្រប់រូបថែទាំសុខភាពរបស់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ព្រមទាំងចៀសវាងការធ្វើការងារ ឬធ្វើសកម្មភាពអ្វីមួយនៅកណ្តាលថ្ងៃរយៈពេលយូរ ៕










