ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមបានប្រឈមនឹងហានិភ័យខ្ពស់ ខណៈការឆ្លងជំងឺពីសត្វទៅមនុស្សកើនឡើងជាបន្តបន្ទាប់ ហើយបើគិតចាប់តាំងពីដើមឆ្នាំ២០២៤នេះ មានពលរដ្ឋវៀតណាមបាន ស្លា.ប់ ដោយសារជំងឺឆ្កែ ឆ្កួ.ត យ៉ាងហោចចំនួន២៧នាក់ និង ស្លា.ប់ ដោយសារជំងឺផ្តាសាយបក្សី ចំនួនម្នាក់ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ។
សារព័ត៌មានស៊ិនហួរបានរាយការណ៍ពីទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ថា លោក Phung Duc Tien ជាអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានលើកឡើងក្នុងកិច្ចប្រជុំ ស្តីពី «ការពង្រឹងការការពារ និងទប់ស្កាត់ជំងឺឆ្លងពីសត្វមកមនុស្ស» ថា ស្ថានការណ៍នេះបានបង្ហាញពីការវិវឌ្ឍដ៏ស្មុគស្មាញរបស់ជំងឺ ដែលកំពុងតែកើតឡើងនៅប្រទេសវៀតណាម នាពេលបច្ចុប្បន្ន ។ លោកបន្តថា ការឆ្លងជំងឺនៅតាមព្រំដែន និងអាកាសធាតុក្តៅខ្លាំង គឺជាកត្តាចម្បងដែលបណ្តាលឱ្យមានការឆ្លងជំងឺពីសត្វមកមនុស្ស ។
បើតាមទិន្នន័យរបស់ក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ប្រទេសវៀតណាមបានរកឃើញមេរោគផ្តាសាយបក្សីលើមនុស្ស យ៉ាងហោចណាស់២នាក់ បើគិតចាប់ពីឆ្នាំ២០២២ មក និងមានអ្នកស្លាប់យ៉ាងហោចណាស់ម្នាក់ នៅខែមីនា ឆ្នាំ២០២៤ ។
ជាមួយគ្នានេះ អ្នកកើតជំងឺឆ្កែឆ្កួត ភាគច្រើនអាចប្រឈមនឹងការស្លាប់ ហើយកាលពីឆ្នាំ២០២៣ នៅប្រទេសវៀតណាមមានពលរដ្ឋស្លាប់ដោយសារជំងឺឆ្កែឆ្កួត ចំនួន៨២នាក់ ។ រីឯរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៤ (គឺចាប់ពីខែមករា រហូតដល់ខែមីនា) មានពលរដ្ឋវៀតណាមស្លាប់ដោយសារជំងឺឆ្កែឆ្កួត ចំនួន២៧នាក់ និងមានអ្នកឆ្លងជំងឺនេះកាន់តែច្រើន ជាពិសេស នៅតំបន់ខ្ពង់រាបកណ្តាល ៕










