ទំព័រហ្វេសប៊ុកថៃនិយាយថា ខ្មែរមិនអាចទទួលយកបានក្រោយពេលដឹងថា ការ៉េមលក់នៅប្រទេសកម្ពុជាទាំងអស់សុទ្ធតែទិញពីថៃ ។ ប្រទេសថៃបាននាំចេញការ៉េមទៅក្រៅប្រទេស ស្ថិតក្នុងចំណាត់ថ្នាក់ទី១ នៅតំបន់អាស៊ីអាគ្នេយ៍ គឺស្មើទឹកប្រាក់ជាង៥ពាន់លានបាត ហើយថៃក៏ទទួលបានចំណាត់ថ្នាក់ទី៤ លើពិភពលោកផងដែរ ផ្នែកនាំចេញការ៉េម ។
តម្លៃនាំចេញការ៉េមរបស់ប្រទេសថៃបានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល៧ឆ្នាំ គឺកើនឡើង១២,៤៣% ក្នុង១ឆ្នាំ ។ រីឯទីផ្សារនាំចេញការ៉េមសំខាន់ៗរបស់ថៃ កាលពីឆ្នាំ២០២៣ រួមមាន ៖
១-ប្រទេសម៉ាឡេស៊ី ២៩,៥%
២-ប្រទេសកូរ៉េខាងត្បូង ១១,៣%
៣-ប្រទេសវៀតណាម ៩,៥%
៤-ប្រទេសសិង្ហបុរី ៦,៥% និង
៥-ប្រទេសកម្ពុជា ៦,៣% ។
ទំព័រហ្វេសប៊ុកនេះនិយាយថា ប្រទេសថៃបាននាំចេញការ៉េមស្ថិតក្នុងចំណាត់ថ្នាក់ទី១ នៅតំបន់អាស៊ីអាគ្នេយ៍នេះបង្ហាញឱ្យឃើញថា ការ៉េមរបស់ថៃជាទំនិញមួយប្រភេទទៀត ដែលទទួលបានការពេញនិយមខ្លាំងពីក្រៅប្រទេស ពីព្រោះថៃមានវត្ថុធាតុដើមសម្រាប់ធ្វើការ៉េមសម្បូរបែប ។ ហេតុនេះ ថៃអាចកែច្នៃវត្ថុធាតុដើមទាំងនេះធ្វើជាការ៉េមជាច្រើនប្រភេទ និងមានរូបរាងខុសៗគ្នា ហើយចំណុចសំខាន់ គឺអតិថិជនពេញចិត្តនូវរសជាតិការ៉េមថៃ ។
រោងចក្រការ៉េមនៅប្រទេសថៃបានប្រមូលទិញផ្លែឈើគ្រប់មុខមកធ្វើជាវត្ថុធាតុដើមសម្រាប់ផលិតការ៉េម ដូចជា ៖ ផ្លែបំពេញរាជ, មង្ឃុត និងស្វាយ ជាដើម ។ លើសពីនេះ រោងចក្រថៃបានយកវត្ថុធាតុដើមផ្សេងទៀតមកផលិតជាការ៉េមផងដែរ ដូចជា ៖ ពងមាន់ និងត្រីកាម៉ុង ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិទៅកាន់អតិថិជនបរទេស ។
ក្រោយពីការចុះផ្សាយព័ត៌មាននេះ ធ្វើឱ្យសារព័ត៌មានខ្មែរមួយចំនួនយកមកចុះផ្សាយថា ប្រទេសថៃត្រូវតែអរគុណកម្ពុជា ដែលបានធ្វើឱ្យអាជីវកម្មរបស់ថៃរីកចម្រើនរហូតដល់ថៃជាប់ចំណាត់ថ្នាក់ទី១ ផ្នែកនាំចេញការ៉េមនៅតំបន់អាស៊ីអាគ្នេយ៍ ។ នេះបើតាមការលើកឡើងរបស់ទំព័រហ្វេសប៊ុកថៃ ។
ទំព័រហ្វេសប៊ុកដដែលបន្ថែមថា សូម្បីតែទឹកបរិសុទ្ធ ក៏ប្រទេសកម្ពុជានាំចូលពីប្រទេសថៃដែរ ហើយខ្មែរចូលចិត្តនិយាយថា ឈប់ទិញទំនិញថៃ ឬចង់បិទព្រំដែនជាមួយថៃ ។ ហេតុនេះ បើកម្ពុជាផលិតទឹកបរិសុទ្ធមិនបានផង នៅពេលបិទព្រំដែនជាមួយថៃ នឹងធ្វើឱ្យខ្មែរខ្វះខាតទឹកផឹកមិនខាន ៕










