ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានរ៉យទ័ររាយការណ៍ថា ទីក្រុងហាណូយ ប្រទេសវៀតណាម បានក្លាយជាទីក្រុងគ្របដណ្តប់ទៅដោយធូលីពុលខ្ពស់បំផុតនៅលើពិភពលោក ។ បរិយាកាស ក.ខ្វ.ក់ នៅទីក្រុងនេះ ភាគច្រើនបានកើតឡើងដោយសារកំណើននៃការប្រើប្រាស់យានយន្ត, ការដ្ឋានសំណង់ និងរោងចក្រឧស្សាហកម្មនានា ។
យោងតាមទិន្នន័យរបស់កម្មវិធី AirVisual បានបង្ហាញពីកម្រិតធូលីពុល PM 2.5 នៅទីក្រុងហាណូយ ប្រទេសវៀតណាម គឺមានកម្រិតធូលីពុលខ្ពស់បំផុតនៅលើពិភពលោក បើធៀបនឹងទីក្រុងផ្សេងទៀត ។
ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់ទីក្រុងមានបរិយាកាសកខ្វក់បំផុតនៅលើពិភពលោក រួមមាន ៖
១-ទីក្រុង Hanoi ប្រទេសវៀតណាម
២-ទីក្រុង Tehran ប្រទេសអ៊ីរ៉ង់
៣-ទីក្រុង Dhaka ប្រទេសបង់ក្លាដែស
៤-ទីក្រុង Chengdu ប្រទេសចិន
៥-ទីក្រុង Krakow ប្រទេសប៉ូឡូញ
៦-ទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី
៧-ទីក្រុង Istanbul ប្រទេសតួកគី និង
៨-ទីក្រុង Hangzhou ប្រទេសចិន
លោក អួន អាយុ៥៨ឆ្នាំ រស់នៅទីក្រុងហាណូយ និយាយថា បរិយាកាសកខ្វក់នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋយ៉ាងខ្លាំង ។ លោកគិតថា ធូលីកខ្វក់កើនឡើងនេះ អាចបណ្តាលមកពីកំណើននៃការប្រើប្រាស់យានយន្តក្នុងទីក្រុង, ការដ្ឋានសំណង់ និងអាកាសធាតុត្រជាក់ផងដែរ ។
ចំណែកអ្នករស់នៅទីក្រុងហាណូយផ្សេងទៀតនិយាយដូចៗគ្នាថា បរិយាកាសកខ្វក់បែបនេះបានធ្វើឱ្យប៉ះពាល់ដល់សុខភាពពួកគេយ៉ាងខ្លាំង ជាពិសេស ប៉ះពាល់សួត និងប្រឈមជាមួយជំងឺផ្លូវដង្ហើម ។
បើតាមទិន្នន័យរបស់ធនាគារពិភពលោក កាលពីឆ្នាំ២០២០ បង្ហាញថា ការបំពុលបរិយាកាសនៅទីក្រុងហាណូយ គឺបណ្តាលមកពីកំណើននៃការប្រើប្រាស់យានយាន្ត ។ ជាក់ស្តែង មានយានយន្តបានចុះបញ្ជីរហូតដល់ជាង៨លានគ្រឿង ស្មើនឹង៣០% នៃកម្រិតធូលីពុលទាំងអស់ ខណៈការបំពុលបរិយាកាស៣០% ទៀត គឺបណ្តាលមកពីកំណើនរោងចក្រឧស្សាហកម្ម ។
កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ មានជើងហោះហើរជាង១០០ជើង នៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងហាណូយ បានពន្យារពេលហោះហើររបស់ខ្លួន ដោយសារតែកម្រិតធូលីពុលខ្ពស់ខ្លាំងពេក ដែលធ្វើឱ្យពិបាកមើលឃើញផ្លូវ ។ ចំណែកជើងហោះហើរជាច្រើនទៀតមិនអាចចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុងហាណូយបានទេ និងត្រូវប្តូរទៅចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុងផ្សេងវិញ ៕










