តារាសម្តែង រចនា រ៉ាវាឌី ដែលសាងភាពលេចធ្លោក្នុងរឿង «អ្នកឈ្នះ» របស់ផលិតកម្មសាស្រ្តាហ្វៀម បានបង្ហាញអារម្មណ៍ដោយការអន់ចិត្តគ្រាន់តែបង្ហាញអារម្មណ៍ស្រលាញ់ស្រណោះស្រណោកគ្រូហាត់ប្រាណម្នាក់ដែលទទួលមរណភាពដោយជំងឺគាំងបេះដូងទាំងវ័យក្មេង ត្រូវរងនូវមតិអវិជ្ជមានថានាង drama ណាស់ «គ្រាន់តែជាគ្រូហាត់ប្រាណសោះអីក៏គ្រប់គ្នាខូចចិត្តដូចជាសាច់ញាតិខ្លួនឯង»។
នៅថ្ងៃទី៤ មីនា នេះតារាសម្តែង រចនា រ៉ាវាឌី បានបង្ហោះសំណេរមួយថា «ពីម្សិលមិញរហូតដល់ថ្ងៃនេះមានសំណួរជាច្រើនសួរមកខ្ញុំថាគ្រាន់តែជាគ្រូហាត់ប្រាណសោះអីក៏គ្រប់គ្នាខូចចិត្តដូចជាសាច់ញាតិខ្លួនឯង drama ណាស់ ។ អ្នកដែលសួរសំណួរបែបនេះអ្នកមិនយល់ពីទំហំនៃក្តីស្រឡាញ់ដែលបាត់បង់មនុស្សជាទីស្រឡាញ់យើងនៅជិតខ្លួនទេ។ គាត់មិនមែនត្រឹមតែជាគ្រូ គាត់ជាបងប្រុសដែលល្អសម្រាប់ខ្ញុំ គឺជាមនុស្សដែលធ្វើឱ្យមនុស្សគ្រប់គ្នាដែលនៅជិតគាត់សប្បាយមានក្តីសុខនឹងកក់ក្តៅ»។
តារាសម្តែងរូបនេះ បន្តថា «គាត់មិនមែនមានតួនាទីត្រឹមតែបង្ហាត់ប្រាណ គាត់មានតួនាទីជាអ្នកការពារ ជាអ្នកដែលចេញមុខជួយពេលដែលប្អូនៗមានបញ្ហា ជាអ្នក ដែលលើកទឹកចិត្តពេលដែលយើងកើតទុក្ខ ជាអ្នកដែលគាំទ្រគ្រប់គំនិតដែលយើងចង់ធ្វើ ជាអ្នកដែលចាំអបអរសាទរពេលដែលយើងជោគជ័យ ឃើញគាត់ពូកែនិយាយលេងសើចឡប់ៗចូលចិត្តធ្វើឲ្យគេសប្បាយចូលចិត្តធ្វើឱ្យគេស្អប់ចូលចិត្តធ្វើឱ្យគេធុញមែនតែគាត់គឺជាមនុស្សដែលមានទឹកចិត្តល្អស្មោះត្រង់ជាមួយមនុស្សជុំវិញខ្លួនខ្លាំងបំផុត ហើយក៏នៅមានរឿងជាច្រើនទៀតតែពួកយើងបានឆ្លងកាត់ជាមួយគាត់ដែលពួកយើងមិនអាចរៀបរាប់អស់ អ្នកមិនដែលឆ្លងកាត់អ្នកមិនដែលយល់ទេ ដូច្នេះសូមកុំនិយាយអ្វីដែលធ្វើឲ្យគេប៉ះពាល់អារម្មណ៍បន្ថែមទៀតអី អរគុណ »។
គួរបញ្ជាក់ថា លោក ចែម សារ៉ា ហៅ ដេន ដែលជាគ្រូបង្រៀនហាត់ប្រាណបានទទួលមរណៈភាពដោយជំងឺគាំងបេះដូងនៅវេលាប្រហែលម៉ោង ២និង១៥ ជិតភ្លឺថ្ងៃទី៣ មីនា ២០២៤ ក្នុងវ័យ៣៥ឆ្នាំ។ មរណៈភាពរបស់លោកបានធ្វើឱ្យតារាៗដែលធ្លាប់ទទួលបានការបង្រៀនហាត់ប្រាណពីលោកបង្ហាញការសោកស្តាយស្លុតចិត្តយ៉ាងខ្លាំងចំពោះដំណឹងនេះ។ លោកធ្លាប់បានបង្រៀនហាត់ប្រាណដល់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ម៉ាច ដាវី រួមទាំងអ្នកមួយចំនួនទៀត៕