បរទេស៖ បុរសជនជាតិអាមេរិកម្នាក់ឈ្មោះ Donald Gorskke អាយុ ៧២ ឆ្នាំបានបំបែកកំណត់ត្រាពិភពលោក Guinness ដោយញ៉ាំហាំប៊ឺហ្គឺពេញមួយជីវិតចំនួនជាង ៣៤,០០០ ដុំហើយបានចាប់ផ្តើមបរិភោគហាំប៊ឺហ្គឺ Big Mac ដ៏ល្បីល្បាញរបស់ McDonald ចាប់តាំងពីឆ្នាំ ១៩៧២ មកម្លេះ។
កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ យោងតាម Theguardian បានឱ្យដឹងថា លោក Donald Gorskke អាយុ ៧២ ឆ្នាំជាបុរសជនជាតិអាមេរិក រស់នៅក្នុងរដ្ឋ Wisconsin បានពង្រីកកំណត់ត្រាសម្រាប់ជាអ្នកញ៉ាំ “Big Mac” ដែលជាមុខម្ហូបហាំប៊ឺហ្គឺដ៏ល្បីល្បាញនៅ McDonald’s ច្រើនជាងគេនៅលើពិភពលោក។
កាលពីឆ្នាំមុន គាត់បានញ៉ាំ Big Mac ចំនួន ៧២៨ ដុំដែលនាំមកនូវកំណត់ត្រានៃចំនួនប៊ឺហ្គឺដែលគាត់បានញ៉ាំឡើងដល់ទៅ ៣៤,១២៨ ដុំ។ លោក Donald Gorskke បានិយាយថា គាត់បានចាប់ផ្តើមញ៉ាំ Big Mac ដំបូងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៧២ ហើយគាត់ពិតជាចូលចិត្តរសជាតិនេះខ្លាំងណាស់ រហូតដល់វាធ្វើឱ្យគាត់គិតថា “គាត់នឹងញ៉ាំវាអស់មួយជីវិត”។ Donald បានបន្តទៀតថា តាំងពីពេលនោះមកគាត់ក៏ចាប់ផ្តើមរាប់ចំនួនហាំប៊ឺហ្គឺដែលគាត់បានញ៉ាំ ដោយដំបូងគាត់ញ៉ាំវាចំនួន ៩ ដុំក្នុងមួយថ្ងៃ ប៉ុន្តែបន្ទាប់មកគាត់ក៏បានកាត់បន្ថយមកត្រឹម ២ ដុំក្នុងមួយថ្ងៃវិញដែលទុកជាអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច។
Donald Gorskke បានកាន់សៀវភៅកំណត់ត្រាហ្គីណេសតាំងពីឆ្នាំ១៩៩៩ និងបន្តរហូតមកដល់បច្ចុប្បន្នគឺជាអ្នកញ៉ាំហាំប៊ឺហ្គឺច្រើនបំផុតលើលោក។ ដំបូងឡើយគាត់បានព្យាយាមជៀសវាងការផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយ ព្រោះគាត់ធ្វើការជាអ្នកយាមគុក និងខ្លាចអ្នកទោសមើលងាយគាត់ ប្រសិនបើគេដឹងការពិត។ ទោះជាយ៉ាងណា មិត្តរួមការងាររបស់លោក Donald មានការគាំទ្រជាខ្លាំង ហើយពេលខ្លះពួកគេក៏បានទិញ Big Mac ឱ្យលោកហូបទៀតផង។
លោក Donald Gorskke បានបន្ថែមថា កាលពីមុនលោកបានបើកឡានទៅ McDonald’s ជារៀងរាល់ថ្ងៃ ប៉ុន្តែបន្ទាប់ពីគាត់ចូលនិវត្តន៍ គាត់ទៅបានតែពីរដងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។ លោក Donald ក៏បានបន្ថែមទៀតថា ក្រៅពី Big Mac គាត់មិនបានញ៉ាំអ្វីច្រើនទៀតទេ គាត់មិនញ៉ាំអាហារពេលព្រឹកទេ ហើយគាត់ញ៉ាំអ្វីដែលស្រាលៗនៅពេលល្ងាចប៉ុណ្ណោះ ដូចជាការ៉េម ផ្លែឈើ និងដំឡូងបារាំង។ គាត់បានលាតត្រដាងដូច្នេះថា ជាទូទៅគឺគាត់បានដើរ ១០ គីឡូម៉ែត្រជារៀងរាល់ថ្ងៃ ហើយទោះបីជាគាត់ញ៉ាំហាំប៊ឺហ្គឺជាង ៣៤,០០០ អស់រយៈពេល ៥២ ឆ្នាំក៏ដោយ ក៏គាត់មិនដែលមានបញ្ហាសុខភាពដែរ៕










