ជឿជាក់ថា ស្ទើរគ្រប់ផ្ទះតែងតែជួបបញ្ហាស្ទះរន្ធបង្ហូរទឹកនៅកន្លែងលាងចាន ឬក្នុងបន្ទប់ទឹក និងបង្គន់ជាដើម ដោយសារតែកំណកខ្លាញ់ កម្ទេចកំទីម្ហូបអាហារធ្វើឱ្យរន្ធបង្ហូរទឹក ហូរមិនបានល្អរហូតឆួរក្លិនថែមទៀតផង។ ទោះជាយ៉ាងណា ដើម្បីដោះស្រាយបញ្ហាស្ទះរន្ធបង្ហូរទឹកដោយខ្លួនឯង ដោយមិនចាំបាច់ហៅជាងនោះ KBN News នឹងប្រាប់នូវវិធីងាយៗអាចធ្វើបានដោយខ្លួនឯងដូចខាងក្រោម៖
១. ប្រើសាប៊ូ និងទឹកក្ដៅ៖ កាកសំណល់ម្ហូបអាហារ និងកំណកខ្លាញ់ច្រើនយូរៗទៅធ្វើឱ្យស្ទះរន្ធបង្ហូរទឹកនៅកន្លែងលាងបន្លែ ឬកន្លែងលាងចាន។ វិធីដោះស្រាយ អ្នកអាចសាកល្បងប្រើសាប៊ូបោកខោអាវ ឬសាប៊ូលាងចានចាក់ចូលក្នុងរន្ធបង្ហូរនោះ បន្ទាប់មកចាក់ទឹកក្ដៅចូលតាមក្រោយ នោះកន្លែងលាងចានឬបន្លែរបស់អ្នកនឹងលែងជួបបញ្ហាទៀតហើយ។ វីធីនេះមិនបំផ្លាញបំពង់បង្ហូរទឹករហូតទៅលិចជ្រាបឡើយ លើសពីនេះវាក៏អាចបំបាត់ការកកស្ទះបានទៀតផង។
២.ប្រើ caustic សូដា និងទឹកខ្មេះអាស៊ីដីត៖ បញ្ហាស្ទះបង្គន់អាចមកពីការបោះសំឡី កន្ទុយបារី ឬដុំសាប៊ូ និងថង់ប្លាស្ទិកចូលជាដើម។ ដំណោះស្រាយងាយស្រួល ដោយប្រើ caustic សូដា ដែលអាចរំលាយវត្ថុផ្សេងដែលស្ទះក្នុងបង្គន់បាន។ សូដាប្រភេទនេះងាយកក ដូច្នេះមិនត្រូវចាក់ច្រើនពេកទេ ព្រោះប្រយ័ត្នស្ទះលើសដើម មួយវិញទៀតអ្នកអាចប្រើទឹកខ្មេះអាស៊ីដីត ដើម្បីដោះស្រាយបញ្ហានេះ។
៣.ប្រើខ្សែលួស៖ ជាទូទៅ នៅក្នុងបន្ទប់ទឹកត្រង់កន្លែងបង្ហូរទឹកច្រើនតែស្ទះដោយសារសក់ ព្រោះពេលងូតទឹកសក់ជ្រុះហើយវាហូរទៅជុំជិតបណ្ដាលឱ្យទឹកមិនអាចហូរចេញបាន។ ទោះជាយ៉ាងណា អ្នកឈប់បារម្ភទៅ អ្នកអាចប្រើលួសប្រវែងពី ៣ ទៅ ៤ m កម្រាស់ ០.៥ ទៅ ១ mm ហើយពត់ចុងលួសឱ្យបត់ចូលគ្នា រួចបង្វិលជារង្វង់ យកខ្សែលួសនេះដាក់ក្នុងរន្ធបង្ហូរទឹក ហើយទាញវាចុះឡើងៗ ពេលនោះសក់ជាច្រើនដែលធ្វើឱ្យស្ទះនោះ អាចយកចេញក្រៅបានហើយ៕










