សាច់ជ្រូកគឺអាហារដែលមនុស្សភាគច្រើនចូលចិត្ត ដោយសារតែតម្លៃសមរម្យអាចធ្វើបានច្រើនមុខ ហើយវាក៏ជាប្រភពនៃប្រូតេអ៊ីនផងដែរ។ ទោះជាយ៉ាងណា អ្នកជំនាញបានណែនាំថា អ្នកមិនគួរទទួលទានផ្នែកខាងក្រោមនេះច្រើនពេកទេ ព្រោះវាជាកន្លែងកខ្វក់បំផុត ដែលអាចប៉ះពាល់ដល់សុខភាពរបស់អ្នកបាន។
១.សួតជ្រូក៖ សួតគឺជាសរីរាង្គសំខាន់នៃប្រព័ន្ធដង្ហើមរបស់មនុស្ស និងសត្វ ហើយសួតក៏ជាកន្លែងដែលមានបាក់តេរី និងជាតិពុលច្រើនកកកុញផងដែរ។ ជាងនេះទៅទៀត ជ្រូកតែងតែមានទម្លាប់ដកដង្ហើមជិតដី ដូច្នេះភាពកខ្វក់ ប៉ារ៉ាស៊ីត និងជំងឺនឹងស្ថិតនៅក្នុងសួតជ្រូក ហើយពិបាកក្នុងការកំចាត់ និងបន្សុទ្ធខ្លាំងណាស់។ ដូច្នេះប្រសិនបើការបរិភោគសួតជ្រូកមិនបានចម្អិនឱ្យបានត្រឹមត្រូវនោះ វាងាយនឹងពុល ឬឆ្លងមេរោគជាដើម។
២.ឈាមជ្រូក៖ ឈាមជ្រូកគឺជាអាហារដ៏ពេញនិយមខ្លាំងបំផុតសម្រាប់មនុស្សទូទៅ ការទទួលទានឈាមជ្រូកឱ្យបានត្រឹមត្រូវអាចជួយការពារភាពស្លេកស្លាំងកង្វះជាតិដែក ពង្រឹងភាពស៊ាំ ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគបាក់តេរី និងវីរុស ក៏ដូចជាជួយចិញ្ចឹមរាងកាយផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញនៅតែណែនាំកុំឱ្យទទួលទានឈាមជ្រូកច្រើនពេកក្នុងពេលតែមួយ ព្រោះរាងកាយរបស់មនុស្សមិនអាចស្រូបយកជាតិដែកបានច្រើនក្នុងរយៈពេលខ្លីនោះទេ។
៣.កជ្រូក៖ កជ្រូកគឺមានជាតិខ្លាញ់ច្រើន ដូច្នេះការញ៉ាំច្រើនមិនត្រឹមតែធ្វើឱ្យឡើងទម្ងន់លឿនប៉ុណ្ណោះទេ ប៉ុន្តែវាក៏បណ្តាលឱ្យមានបញ្ហាសរសៃឈាមបេះដូងផងដែរ។ លើសពីនេះកសាច់ជ្រូកក៏មានកូនកណ្តុរ ដែលជាប្រព័ន្ធសម្រាប់ច្រោះ និងស្ទាក់មេរោគ សារធាតុរលាក និងជាតិពុលផ្សេងៗ ហេតុនេះការទទួលទានវាជាប្រចាំអាចបង្កជាជំងឺធាត់ ឈឺក្រពះ ពិបាករំលាយអាហារ និងរាគជាដើម។
៤.ស្បែកជ្រូក៖ ប្រូតេអ៊ីននៅក្នុងស្បែកជ្រូកគឺពិបាករំលាយណាស់ ហើយស្បែកជ្រូកក៏មានសារធាតុចិញ្ចឹមតិចបំផុតដែរ លើសពីនេះវាក៏ផ្ទុកកូឡេស្តេរ៉ុលអាក្រក់ ដែលធ្វើឱ្យមនុស្សងាយកើតជំងឺបេះដូង និងសម្ពាធឈាមខ្ពស់ ក៏ដូចជាជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ ប្រសិនបើអ្នកទទួលទានវាច្រើនពេក ឬញឹកញាប់ពេក៕










