សហរដ្ឋអាមេរិក ៖ ទាហានអាមេរិកម្នាក់បានសម្រេចចិត្ត ..ដុ..ត.. ខ្លួនឯងនៅបរិវេណខាងក្រៅស្ថានទូតអ៊ីស្រាអែលក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ចំណែកអាជ្ញាធរក្នុងតំបន់និយាយថា ការ ..ដុ..ត.. ខ្លួននេះ មើលទៅដូចជាការតវ៉ាប្រឆាំងនឹងសង្គ្រាមនៅតំបន់កាហ្សា ។
ទាហានអាមេរិក ..ដុ..ត.. ខ្លួនឯងនេះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យមួយកន្លែងនៅក្នុងតំបន់ ក្រោយពីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិកជួយគ្នាពន្លត់ភ្លើង ។ រីឯមន្ត្រីនាំពាក្យស្នងការជាតិបានលើកឡើងនាពេលបន្ទាប់ថា ទាហានរូបនេះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ខណៈមន្ត្រីនាំពាក្យរបស់កងទ័ពអាកាសបញ្ជាក់ថា ហេតុការណ៍នេះពាក់ព័ន្ធនឹងកងទ័ពអាកាសម្នាក់របស់ពួកគេ ។
បើតាមការចុះផ្សាយរបស់កាសែត New York Times ឱ្យដឹងថា ទាហានដុតខ្លួននេះនិយាយថា រូបគេមិនចង់មានជម្លោះក្នុងការសម្លាប់ជាតិសាសន៍នៅតំបន់កាហ្សាបន្តទៀតទេ ។ រីឯវីដេអូមួយដែលទាហានរូបនេះបាន Live ផ្ទាល់តាមអ៊ីនធើរណេត គេបានឃើញគាត់ស្លៀកពាក់ឯកសណ្ឋានទាហាន ។
ទាហាននេះបានប្រើប្រាស់វត្ថុរាវចាក់ស្រោចលើក្បាល និងដុតភ្លើងខ្លួនឯង ព្រមទាំងស្រែកថា «សូមដោះលែងប៉ាឡេស្ទីន» ។ បើតាមការចុះផ្សាយរបស់កាសែត New York Times ឱ្យដឹងថា បច្ចុប្បន្ន អាជ្ញាធរក្នុងតំបន់ និងភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក បានស៊ើបអង្កេតដើម្បីស្វែងរកមូលហេតុដែលបណ្តាលឱ្យកើតហេតុការណ៍នេះ ។
ស្ថានទូតអ៊ីស្រាអែលបានក្លាយជាគោលដៅក្នុងការតវ៉ាប្រឆាំងនឹងសង្គ្រាមនៅតំបន់កាហ្សាជាបន្តបន្ទាប់ ខណៈសង្គ្រាមនៅតំបន់កាហ្សាធ្វើឱ្យមានការតវ៉ាម្តងហើយម្តងទៀតនៅអាមេរិកពីភាគីគាំទ្រប៉ាឡេស្ទីន និងអ៊ីស្រាអែល ។
ការប្រឆាំងតវ៉ាបានចាប់ផ្តើមកើតឡើងមិនយូរប៉ុន្មាន ក្រោយហេតុការណ៍ក្រុមហាម៉ាស់ដែលការពារតំបន់កាហ្សាវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល ។ ក្រុមនេះបានសម្លាប់មនុស្សប្រមាណ១.២០០នាក់ និងចាប់ខ្លួនចំណាប់ខ្មាំងប្រមាណ២៥០នាក់ ។ តាំងពីពេលនោះមក ទាហានអ៊ីស្រាអែលក៏បានសងសឹកវិញ ដោយការបើកប្រតិបត្តិការយោធាវាយលុកក្នុងតំបន់កាហ្សា ។ ទាហានអ៊ីស្រាអែលបានបំផ្លាញតំបន់ជាច្រើន ហើយរហូតមកដល់ដើមឆ្នាំ២០២៤នេះ មានមនុស្សស្លាប់ជិត៣ម៉ឺននាក់ ៕










