«កោះសាមិត្ត» មានឈ្មោះដើមថា «កោះខ្មោ.ច» ដែលមានទីតាំងស្ថិតក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង មានចម្ងាយប្រមាណ ២៥០គ.ម ពីរាជធានីភ្នំពេញ និង១៤០គ.ម ពីក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
យោងតាមការបង្ហោះដោយ ក្រសួងទេសចរណ៍កម្ពុជា កាលពីពេលថ្មីៗនេះគឺបានណែនាំតំបន់សក្តានុពលបែបសមុទ្រដ៏ស្រស់ត្រកាលមួយកន្លែងទៀតដែលស្ថិតនៅតំបន់កោះស្តេច គឺ«កោះសាមិត្ត» ដែលពីមុនគេនិយមហៅកោះនេះថា«កោះខ្មោ.ច»។
កោះសាមិត្តព័ទ្ធជុំវិញដោយរុក្ខជាតិខៀវស្រងាត់ពាសពេញលើផ្ទៃកោះ ឆ្នេរខ្សាច់ល្អស្អាតដាច់គេ អមជាមួយនឹងខ្យល់អាកាសត្រជាក់បរិសុទ្ធ មានទាំងរីសតតូចធំនៅទីនោះជាច្រើន ថែមទាំងអនុញ្ញាតិឲ្យភ្ញៀវទេសចរអាចបោះតង់សម្រាកដោយខ្លួនឯងបានទៀតផង។
ភ្ញៀវទេសចរណ៍ទាំងអស់ក៏អាចមុជទឹកមើលទិដ្ឋភាពក្រោមបាតសមុទ្រដ៏ស្រស់ស្អាត (ផ្កាថ្ម) ក៏ដូចជារីករាយជាមួយនឹងសកម្មភាពជាច្រើនទៀតដូចជា ស្ទូចត្រី ជិះកាយយ៉ាក់ ញ៉ាំអាហារសមុទ្រឆ្ងាញ់ៗជាដើម។
កោះសាមិត្តគឺពិតជាសាកសមណាស់សម្រាប់អ្នកដែលស្រលាញ់ភាពស្ងប់ស្ងាត់ ធម្មជាតិស្រស់ស្រាយ ដើម្បីសម្រាកលំហែកាយក្រៅពីម៉ោងការងារ ក៏ដូចជារក្សាបាននូវឯកជនភាព ដែលក្រុមគ្រួសារ មិត្តភក្កិ ដៃគូរស្នេហា អាចមកលេងកម្សាន្តនិងប្រារព្ធពិធីជប់លៀងផ្សេងៗ។ ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ បន្ទាប់ពីបានមកលេងនៅលើកោះនេះហើយតែងលាន់មាត់សរសើរគ្រប់ៗគ្នាពីភាពល្អឯកនៃកោះមួយនេះផងដែរ៕
រូបភាព៖ ក្រសួងទេសចរណ៍










