វៀតណាម៖ សណ្ឋាគារ Sofitel Legend Metropole និង Four Seasons Resort The Nam Hai របស់ប្រទេសវៀតណាមទទួលបានពិន្ទុខ្ពស់បំផុត ផ្កាយ ៥ នៅក្នុងខ្នាតពានរង្វាន់សណ្ឋាគារ Forbes Travel Guide 2024។
នេះបើយោងតាមមគ្គុទ្ទេសក៍ទេសចរណ៍របស់អាមេរិក Forbes Travel Guide ដែលបានប្រកាសបញ្ជីឈ្មោះសណ្ឋាគារឈានមុខគេលើពិភពលោកក្នុងឆ្នាំ ២០២៤ ក្នុងពិធីប្រគល់ពានរង្វាន់ Star Awards កាលពីពេលថ្មីៗនេះ។
ចំណាត់ថ្នាក់ផ្កាយ ៥ គឺជាចំណាត់ថ្នាក់ខ្ពស់បំផុតរបស់ទស្សនាវដ្ដី Forbes សម្រាប់សណ្ឋាគារដែល “ពិតជាល្អឥតខ្ចោះ ជាមួយនឹងសេវាកម្មលំដាប់ជាន់ខ្ពស់ និងបរិក្ខារទំនើបបំផុត”។ អ្នកតំណាងចំនួន ២រូបនៃសណ្ឋាគារ Sofitel Legend Metropole និង Four Seasons Resort The Nam Hai បាននិយាយថា នេះគឺជា “សណ្ឋាគារដ៏ស្រស់ស្អាតបំផុត បង្កប់នូវសញ្ញាណនៃសតវត្សន៍ និងនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យបំផុតដល់ភ្ញៀវទេសចរណ៍”។ សណ្ឋាគារទាំងនេះត្រូវបានចាត់ទុកថាជា “កន្លែងសម្រាកលំហែកាយនៅលើឆ្នេរខ្សាច់សស្អាត” សម្រាប់ភ្ញៀវទេសចរដែលចង់គេចពីភាពអ៊ូអរនៃទីក្រុងឆ្នេរសមុទ្រ Da Nang ។
បើប្រៀបធៀបទៅនឹងអាស៊ីអាគ្នេយ៍ វៀតណាមជាប់ចំណាត់ថ្នាក់ទី ៤ ក្នុងចំនួនសណ្ឋាគារលំដាប់ផ្កាយ ៥ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី (ដែលមានសណ្ឋាគារផ្កាយ៥ ចំនួន៤) សិង្ហបុរី (សណ្ឋាគារចំនួន ៤) និងប្រទេសថៃ (សណ្ឋាគារចំនួន ៣) ។ ដើម្បីទទួលបានរង្វាន់ដ៏កំពូលនេះ បេក្ខជនត្រូវឆ្លងកាត់លក្ខណៈវិនិច្ឆ័យចំនួន ៩០០ ដែលកំណត់ដោយគណៈកម្មាធិការរៀបចំអន្តរជាតិ។ សម្រាប់ប្រភេទសណ្ឋាគារ លក្ខណៈវិនិច្ឆ័យរួមមានប្លង់ដែលជួយភ្ញៀវកែលម្អគុណភាពនៃការគេង និងជ្រើសរើសអាហារ រួមជាមួយភេសជ្ជៈដែលមានសុខភាពល្អ បូករួមនឹងអាកប្បកិរិយារបស់បុគ្គលិក ក៏ដូចជាបទពិសោធន៍របស់អតិថិជនក៏ជាលក្ខខណ្ឌចាំបាច់ផងដែរ។
ពិន្ទុសរុបសម្រាប់ចំណាត់ថ្នាក់កន្លែងស្នាក់នៅគឺ ៧០% ផ្អែកលើសេវាកម្ម និង ៣០% អាស្រ័យលើគុណភាព និងលក្ខខណ្ឌនៃគ្រឿងបរិក្ខារ។ ការវាយតម្លៃផ្កាយ ៥ គឺខ្ពស់បំផុតបន្ទាប់មកដោយចំណាត់ថ្នាក់ផ្កាយ ៤ នឹងមិនមានចំណាត់ថ្នាក់ទាបជាងនេះទេ។ ដោយអ្នកជំនាញមកពីជាង ៨០ ប្រទេសបានកក់បន្ទប់ដោយសម្ងាត់ និងស្នាក់នៅពីរយប់ដូចអ្នកទេសចរធម្មតាក្នុងឆ្នាំ ២០២៣ ដើម្បីវាយតម្លៃ និងបោះឆ្នោតលើគោលដៅនានា។
គួរបញ្ជាក់ដែរថា ពានរង្វាន់ប្រចាំឆ្នាំនេះមានតាំងពីឆ្នាំ ១៩៥៨ ដើម្បីផ្តល់កិត្តិយសដល់សណ្ឋាគារ ភោជនីយដ្ឋាន ស្ប៉ា និងទូកក្តោងនៅក្នុងប្រទេសជាង ៨០ ជុំវិញពិភពលោក។ Forbes Travel ក៏ជាស្ថាបនិកនៃប្រព័ន្ធវាយតម្លៃផ្កាយប្រាំសម្រាប់ឧស្សាហកម្មសណ្ឋាគារ ហើយត្រូវបានគេចាត់ទុកថាជាប្រព័ន្ធវាយតម្លៃដ៏មានកិត្យានុភាពបំផុតមួយនៅក្នុងពិភពលោក៕










