នាថ្មីៗនេះ ស្ថានទូតរុស្សុី ប្រចាំនៅកម្ពុជា បានបង្ហោះសារណែនាំដល់ពលរដ្ឋរុស្សុី ដែលកំពុងរស់នៅ និងចង់មកកម្សាន្តនៅទីក្រុងភ្នំពេញ គួរណាស់តែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជុំវិញការអសន្តិសុខពីការលួចឆក់។

យោងតាមគេហទំព័រផ្លូវការរបស់ស្ថានទូតរុស្សុី ប្រចាំនៅកម្ពុជា បានលើកឡើងថា៖”ប៉ុន្មានខែថ្មីៗនេះ នៅតាមទីក្រុងនានាក្នុងរាជធានីភ្នំពេញ (ជាពិសេសផ្លូវព្រះស៊ីសុវត្ថិ និងតំបន់ក្បែរៗ) និងក្រុងសីហនុ មានការកើនឡើងនៃចោរកម្មតាមដងផ្លូវ”។

ស្ថានទូតរុស្សុី បានធ្វើការ អំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ដោយពលរដ្ឋរុស្សុីហាមដាច់ខាត មិនត្រូវយកឯកសារដើម និងវត្ថុមានតម្លៃមកជាមួយ អំឡុងពេលកំពុងដើរលេង ជាពិសេសត្រូវទុកទូរស័ព្ទ និងកាបូបឱ្យបានត្រឹមត្រូវ។

ជុំវិញករណីនេះ ស្ថានទូតរុស្សុី បានណែនាំឱ្យពលរដ្ឋរុស្សុី ត្រូវទាក់ទងទៅកាន់នាយកដ្ឋាននគរបាលកម្ពុជា ក្នុងតំបន់ភ្លាមៗ ប្រសិនបើមានករណីចោរឆក់។

ការធ្វើបែបនេះ ក៏ព្រោះថាស្ថានទូតមិនមានសិទ្ធិក្នុងការឆែកឆេរឯកសារ ទូរស័ព្ទ និងរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងទៀតដែលត្រូវគេលួច ឬជ្រៀតជ្រែកក្នុងគ្រប់រូបភាពនៃការងាររបស់ភ្នាក់ងារអនុវត្តច្បាប់កម្ពុជាឡើយ៕