បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបកំពុងព្យាយាមកាត់បន្ថយតម្លៃរថយន្តអគ្គិសនីរបស់ខ្លួន ក្នុងគោលបំណងដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន។
កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាម US News បានឱ្យដឹងថា ក្រុមហ៊ុន Stellantis និង Renault របស់អឺរ៉ុបកំពុងព្យាយាមអភិវឌ្ឍរថយន្ត EV ឱ្យមានតម្លៃសមរម្យជាងមុន ខណៈដែលក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិក General Motors និង Ford ក៏កំពុងខិតខំកាត់បន្ថយថ្លៃដើមនៃរថយន្តអគ្គិសនីរបស់ខ្លួនផងដែរ។
Luca de Meo នាយកប្រតិបត្តិនៃក្រុមហ៊ុន Renault បាននិយាយថា មូលហេតុនៃការកាត់បន្ថយតម្លៃគឺដោយសារកំណើននៃការលក់រថយន្តអគ្គិសនីរបស់អឺរ៉ុប និងអាមេរិកធ្លាក់ចុះខ្លាំង។ Luca de Meo ក៏បានបន្តទៀតថា ការកាត់បន្ថយតម្លៃរថយន្តនឹងកាន់តែងាយស្រួលជាមួយរថយន្តតូចៗ ដោយសារតែក្រុមហ៊ុននានាអាចកាត់បន្ថយទំហំនៃកញ្ចប់ថ្ម ដែលមានសារៈសំខាន់ប្រហែល ៤០% នៃតម្លៃរថយន្តអគ្គិសនី។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Ford ក៏កំពុងវាយតម្លៃយុទ្ធសាស្ត្រថ្មរបស់វា និងរៀបចំការរចនារថយន្តអគ្គិសនីឱ្យមានតម្លៃទាប ដើម្បីអាចប្រកួតប្រជែងជាមួយ BYD។
ទោះជាយ៉ាងណា ទាំងក្រុមហ៊ុនផលិតរថយន្តអាមេរិក និងអឺរ៉ុបបច្ចុប្បន្នកំពុងស្ថិតក្រោមសម្ពាធពីដៃគូប្រកួតប្រជែងរបស់ចិន។ ការលេចឡើងនៃរថយន្តអគ្គិសនីរបស់ចិនតម្លៃទាប បានជះឥទ្ធិពលដ៏ខ្លាំងក្លាលើកិច្ចខិតខំប្រឹងប្រែងរបស់ម៉ាកយីហោអឺរ៉ុបក្នុងការអភិវឌ្ឍន៍ផលិតផលដែលមានតម្លៃសមរម្យជាងមុន។ BYD កំពុងពន្លឿនការនាំចេញរថយន្តទៅកាន់អឺរ៉ុប និងតំបន់ផ្សេងទៀត ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តអាមេរិកមានការព្រួយបារម្ភថាក្រុមហ៊ុននេះនឹងបង្កើតរោងចក្រនៅក្នុងប្រទេសម៉ិកស៊ិក ដើម្បីនាំយករថយន្តអគ្គិសនីទៅកាន់ទីផ្សារអាមេរិក។
គួរបញ្ជាក់ដែថា ក្រុមហ៊ុន Ford និង GM កំពុងប្រឈមមុខនឹងសម្ពាធពីអ្នកវិនិយោគនៅពេលចំណាយលើរថយន្តអគ្គិសនី។ ក្រុមហ៊ុន Ford ប៉ាន់ប្រមាណការខាតបង់ពី ៥ ទៅ ៥.៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះនៅលើខ្សែរថយន្ត។ ទន្ទឹមនឹងនេះ នៅក្នុងខែតុលា ឆ្នាំ ២០២៣ ម៉ាករង Citroen របស់ក្រុមហ៊ុនអឺរ៉ុប បានណែនាំរថយន្ត SUV អគ្គិសនីថ្មី e-C3 ដែលជាម៉ូដែលតម្លៃទាបចាប់ពី ២៥,១០០ ដុល្លារអាមេរិក ផ្តោតលើដៃគូប្រកួតប្រជែងរបស់ចិន ប៉ុន្តែទោះជាយ៉ាងណាម៉ូដែលរថយន្តតម្លៃទាបនេះ នៅតែមានតម្លៃខ្ពស់គួរសមបើធៀបនឹងរថយន្តចិន៕










