ប្រទេសកូរ៉េខាងត្បូង ៖ នៅថ្ងៃអនាគត រថយន្តទាំងឡាយដែលយើងបានឃើញបើកបរនៅតាមដងផ្លូវ អាចមិនបានបើកបរដោយប្រើប្រាស់កង់រថយន្តធម្មតាៗបន្តទៀតទេ ពីព្រោះនៅថ្ងៃអនាគត រថយន្តទាំងនេះនឹងមានជើងយន្តបំពាក់នូវបច្ចេកវិទ្យាខ្ពស់ ។ ការបំពាក់នូវជើងយន្តនេះ គឺសម្រាប់ឱ្យរថយន្តអាចលើកខ្លួនវាឡើងទៅលើ និងឈានដើរឆ្លងកាត់ឧបសគ្គនានា ។
ការបង្កើតរថយន្តអាចដើរបានដូចមនុស្ស គឺជាគម្រោងរបស់ក្រុមហ៊ុនយានយន្ត និងបច្ចេកវិទ្យានៅប្រទេសកូរ៉េខាងត្បូង ឈ្មោះ Hyundai ។ ក្រុមហ៊ុននេះបានបង្ហាញនូវគំនិតការផលិតរថយន្តអាចដើរបានតាំងពីឆ្នាំ២០១៩ មកម៉្លេះ ក្នុងកម្មវិធីពិព័រណ៍បច្ចេកវិទ្យាលំដាប់ពិភពលោក (Consumer Electronics Show) ឈ្មោះគម្រោង Elevate មានន័យថា ការបង្កើនកម្រិតស្របនឹងលក្ខណៈរបស់រថយន្ត ។
គម្រោងបង្កើតរថយន្តមានជើងយន្ត វាអាចជួយលើករថយន្តឱ្យឡើងខ្ពស់បាន ដើម្បីឱ្យសមនឹងគំនិតរថយន្តប្រភេទ Ultimate Mobility Vehicles (UMVs) ដែលចំណុចខ្លាំងរបស់វា គឺអាចផ្លាស់ទីនៅគ្រប់ស្ថានភាពដីយ៉ាងស្ទាត់ជំនាញ ។ បច្ចុប្បន្ន គំនិតនេះនៅតែទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់នៅក្រោមផ្នែក New Horizons Studio ។ ផ្នែកនេះបានបង្កើតឡើងដោយក្រុមហ៊ុន Hyundai សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍រថយន្តប្រភេទនេះដើម្បីឈានទៅប្រើប្រាស់បានពិតប្រាកដ ។
ផ្នែកសំខាន់របស់រថយន្តអាចដើរបាន គឺការអភិវឌ្ឍនៅបរិវេណជើងយន្តនៅលើកង់រថយន្ត ។ ការផលិតជើងយន្តសម្រាប់កង់រថយន្ត នឹងផលិតឡើងតាមជើងសត្វកណ្តូប ។ ជំហានដំបូង ជើងយន្តនេះនឹងមានប្រព័ន្ធម៉ូទ័រ និងកម្លាំងបង្វិលខ្ពស់ ហើយវាមិនត្រឹមតែប្រើសម្រាប់ផ្លាស់ទីកង់ប៉ុណ្ណោះទេ ប៉ុន្តែវានឹងរួមបញ្ចូលទាំងការផ្លាស់ទីនៅបរិវេណដូចត្រគាក និងក្បាលជង្គង់របស់រថយន្តផងដែរ ។
ក្រៅពីការអភិវឌ្ឍរថយន្តដើរបានសម្រាប់ដឹកអ្នកដំណើរហើយ បច្ចេកវិទ្យាស្រដៀងគ្នានេះ ក៏បានអភិវឌ្ឍន៍ជារថយន្តបើកបរដោយស្វ័យប្រវត្តិ (Hyundai Tiger X-1) ផងដែរ ដែលមានទំហំតូចជាង សម្រាប់ដឹកជញ្ជូនសម្ភារៈផ្សេងៗបន្ថែមទៀត ។ ហេតុនេះ ការប្រើប្រាស់ជាក់ស្តែង យើងនឹងឃើញរថយន្តអាចដើរបានពីគម្រោងនេះ មកបំពេញតួនាទីជារថយន្តតាក់ស៊ីដឹកភ្ញៀវដល់មុខផ្ទះ, ប្រើសម្រាប់ការងារសង្គ្រោះបន្ទាន់, ប្រើជារថយន្តដឹកជញ្ជូនសម្ភារៈកងទ័ព ឬអាចបញ្ជូនទៅរុករកនៅភពព្រះអង្គារនៅថ្ងៃអនាគត ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Hyundai បានដាក់ពាក្យសុំផ្សេងៗសម្រាប់បច្ចេកវិទ្យារថយន្តដើរបានរួចរាល់ហើយកាលពីឆ្នាំ២០២៣ ហើយបច្ចុប្បន្ន ក្រុមហ៊ុននេះបានព្យាយាមអភិវឌ្ឍន៍ម៉ូឌែលដើម្បីសាកល្បងប្រើប្រាស់ក្នុងស្ថានភាពផ្សេងៗ មុននឹងឈានទៅផលិតរថយន្តដើរបានយ៉ាងពេញលេញ ៕










