Rosé សមាជិក BLACKPINK ដែលជាតារា K-pop ដ៏ល្បីល្បាញបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយទាំងក្នុងនិងក្រៅស្រុកបន្ទាប់ពីតារាចម្រៀងរូបនេះបង្ហាញខ្លួននៅឯការប្រគំតន្ត្រី Eras Tour របស់ Taylor Swift កាលពីរាត្រីថ្ងៃទី៧ កុម្ភៈ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយសមាជិកក្រុម BLACKPINK រូបនេះក៏ដូចជាអ្នកគាំទ្រ Taylor Swift ដទៃទៀតពោរពេញភាពរីករាយនិងច្រៀងរាំតាមចង្វាក់ភ្លេងដែលប្រគំឡើង។
Rosé បានចែករំលែកវីដេអូនៅលើបណ្តាញសង្គម TikTok រយៈពេល៥ នាទីបន្ទាប់ពីកម្មវិធីដែលបង្ហាញឈុតខ្លីៗរបស់នាង និងមិត្តភ័ក្តិដែលកំពុងមើលការសម្តែងរបស់ Taylor Swift រួមជាមួយទស្សនិកជនដទៃទៀតនៅ Tokyo Dome ប្រទេសជប៉ុន។ ក្នុងវីដេអូ Rosé បានច្រៀងតាម Taylor Swift ដោយបានដាក់ចំណងជើងក្នុងឃ្លីបវីដេអូថា “១០ នាទីល្អបំផុតនៅតូក្យូ”( Best 10 minutes in tokyo )។
ពេលវេលាដ៏ផ្អែមល្ហែមនេះ គេក៏ចាំបានដែរថាកាលពីក្រុម BLACKPINK សម្តែងបទ “Pink Venom” នៅ VMAs ឆ្នាំ២០២២ Taylor Swift ដែលកំពុងកាន់ភេសជ្ជៈនៅក្នុងដៃបានហើបមាត់ និងបង្កើតក្បាច់រាំផ្ទាល់ខ្លួនរបស់នាងហើយវីដេអូនោះផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងដែលតារាចម្រៀងពិភពលោក ក៏ចូលចិត្តក្រុមចម្រៀងក្រុម BLACKPINK ដែរ ។
គួរបញ្ជាក់ថាការប្រគំតន្រ្តី «THE ERAS TOUR» របស់ Taylor Swift ជាការប្រគំតន្រ្តីលើកទី៦របស់នាងដោយចាប់ផ្តើមពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នឹងរៀបចំឡើងនៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះភាពយន្តឯកសារនៃដំណើរទេសចរណ៍លើកនេះរបស់នាងរកចំណូលបានលើស២៦១ លានដុល្លារ។ ចំណែកឯចំណូលនៃការលក់សំបុត្រវិញនឹងឈានទៅដល់ជាង ២ពាន់លានដុល្លារអាម៉េរិកនៅពេលបញ្ចប់ការប្រគំតន្រ្តី៕
@roses_are_rosie Best 10 minutes in tokyo.










